សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការមនុស្សធម៌

ចែករំលែក៖

ភ្នំពេញ៖. កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកាចំនួន៣០ម៉ឺន(៣០០.០០០)ដុល្លារ (បីសែនដុល្លារអាមេរិក) ជូនសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សម្រាប់ប្រតិបត្តិការមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកដល់ប្រជា ពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះហន្តរាយផ្សេងៗ ក្នុងរាជធានីភ្នំពេញ ហើយនេះជាការឧបត្ថម្ភថវិកា លើកទី១៤ បើគិតចាប់តាំងពីឆ្នាំ២០០៨មក។

    ពិធីប្រគល់ថវិកាខាងលើបានធ្វើឡើង នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមវត្តមាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង លោក  ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។

   លោកជំទាវ បណ្ឌិត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ក្នុងឱកាសនោះថ្លែងអំណរគុណនិងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ក្នុងការបំពេញភារកិច្ចយ៉ាងសកម្មជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។

     លោកជំទាវបណ្ឌិត សង្ឃឹមថា ថវិកា៣០ម៉ឺនដុល្លារអាម៉េរិកនេះ នឹងអាចជួយសម្រួលនិងសម្រាលការលំបាកខ្វះខាត របស់បងប្អូនប្រជាពលរងគ្រោះនៅរាជធានីភ្នំពេញបានមួយផ្នែកថែមទៀត។

      លោក  ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្នុងឱកាសនោះក៏បានជម្រាបជូនលោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ អំពីសមិទ្ធផលការងារសំខាន់ៗ របស់សាខាកាកបាទក្រហម កម្ពុជារាជធានីភ្នំពេញ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥” ដែលមានដូចជា៖ សាខាបានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយបានត្រៀមបម្រុងនូវថវិកា និងគ្រឿងឧបភោគ-បរិភោគ សម្ភារៈសង្គ្រោះរួចជាស្រេច សម្រាប់យកទៅចែកជូនជនរងគ្រោះ និងងាយរងគ្រោះ ឱ្យបានទាន់ពេលវេលា បានចំនួន ៥៣.០៧៣គ្រួសារ និង ៤វត្ត បាននាំយកមូលនិធិហិបសហសង្គ្រោះសាខា ចុះសាកសួរសុខទុក្ខ សមាជិក-សមាជិកា មានជំងឺកំពុងសម្រាកព្យាបាល និងសមាជិកដែលទទួលមរណភាពសរុប ចំនួន ៣៧៨នាក់។ 

       បានចុះសួរសុខទុក្ខស្ត្រីមានផ្ទៃពោះ ស្រ្តីទើបសម្រាលកូនរួច និងអ្នកផ្ទុកមេរោគអេដស៍តាមសហគមន៍ចំនួន ៣.០២២នាក់។ បានចូលរួមបំផុសចលនាស្ម័គ្រចិត្តបរិច្ចាគឈាម ទទួលបានឈាមចំនួន ១.៩១២ប្លោកឈាម បានបើកវគ្គផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម បាន១០០វគ្គ សរុបចំនួន ៣.៦៩៥ នាក់។ បានផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម។បានពង្រីកកម្លាំង និងបានបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន ជូនអ្នកស្ម័ត្រចិត្តកាកបាទក្រហមនៅតាមមូលដ្ឋានខណ្ឌទាំង១៤ បានចំនួន ៦.៨៩១នាក់ និងយុវជនកាកបាទក្រហមកម្ពុជា បានចំនួន ២៤.៧៥២នាក់ នៅតាមគ្រឹះស្ថានសិក្សាចំនួន ២៣៩កន្លែង។

    លោក ឃួង ស្រេង បានអរគុណ ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវបណ្ឌិត ដែលតែងតែបានយកចិត្តទុកដាក់ផ្សារភ្ជាប់មនោសញ្ចេតនា រួមសុខរួមទុក្ខ ជាមួយនឹងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ ដោយមិនទុកឱ្យប្រជាជនណាម្នាក់រស់នៅដោយគ្មានការគាំពារពីសង្គមឡើយ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែផ្តល់ថវិកាឧបត្ថម្ភដល់សាខារាជធានីភ្នំពេញជារៀងរាល់ឆ្នាំ ក្រោយពីកាក បាទ ក្រហមកម្ពុជា ទទួលបានថវិកាពីសប្បុរសជន ក្នុងឱកាសអបអរទិវា៨ឧសភា ដែលថវិកានេះពិតជាមានតម្លៃធំធេងណាស់សម្រាប់សាខាប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ ជាពិសេសការជួយដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះក្នុងរាជធានីភ្នំពេញ៕.  ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print