ភ្នំពេញ ៖ នៅពេលដែលរដូវវស្សាបានឈានចូលមកដល់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បាននឹកឃើញភ្លាមដល់សុខទុក្ខកងកម្លាំងនគរបាលជាតិតាមរាជធានី-ខេត្ត ដែលត្រូវបំពេញតួនាទីភារកិច្ចក្រោមដំណក់ទឹកភ្លៀងទាំងយប់ ទាំងថ្ងៃ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយអគ្គស្នងការ និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត កាលពីសប្ដាហ៍មុន លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានសម្រេចផ្តល់អាវភ្លៀងជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន២.៦០០អាវ ក្នុងនោះស្នងការរាជធានីទទួលបាន២០០អាវ និងខេត្តនីមួយៗទទួលបាន១០០អាវ។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឱ្យដឹងថាមកដល់ពេលនេះ អាវភ្លៀងដែលលោកអភិសន្តិបណ្ឌិត សម្រេចផ្ដល់ជូននោះ បានប្រគល់ដល់ស្នងការដ្ឋាននគរបាលរាជធានី និងខេត្តទាំងអស់រួចរាល់ហើយ។ លោកបានបន្ថែមថា មុខសញ្ញាមន្ត្រីត្រូវទទួលអាវភ្លៀង គឺមន្ត្រីអនុវត្តតួនាទីភារកិច្ចនៅខាងក្រៅក្នុងអំឡុងរដូវភ្លៀងនេះ។
កាលពីដើមរដូវវស្សាឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ធ្លាប់ផ្តល់អាវភ្លៀងជូនស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងមន្ត្រីក្រសួងមហាផ្ទៃ សរុបចំនួន១៦.៣៥០ អាវរួចមកហើយ។ នេះជាការយកចិត្តទុកដាក់របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំពោះការខិតខំបំពេញតួនាទីរបស់មន្ត្រីនគរបាលជាតិ៕
ដោយ ៖ លោក សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យ