ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំ អាជ្ញាធរមូលដ្ឋានខណ្ឌ និងមន្ទីរជំនាញ ចុះពិនិត្យ ពន្លឿនការងារស្ដារប្រឡាយ លូ និងសាងសង់ស្ថានីយ៍បូមទឹក ក្នុងភូមិសាស្ត្រខណ្ឌដង្កោ និងខណ្ឌមានជ័យ ដើម្បីធ្វើយ៉ាងណាឱ្យចរន្តទឹកហូរបានលឿនបញ្ជៀសបាននូវការជន់លិចដោយទឹកជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋ នារដូវវស្សានេះ ។ ដំណើរពិនិត្យនេះបានប្រព្រឹត្ដទៅនាព្រឹកថ្ងៃពុធទី០៤ ខែមិថុនា ឆ្នាំ២០២៥ នៅប្រឡាយ លូ ភូមិម័រខណ្ឌ ដង្កោ និងមានជ័យ ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ការចុះពិនិត្យមើលប្រឡាយលូ និងស្ថានីយ៏បូមទឹកនេះ គោលបំណង ជំរុញ និងពន្លឿន ឱ្យអាជ្ញាធរខណ្ឌទាំង២ និងមន្ទីរសាធារណការ ការ ងារស្តារប្រឡាយភូមម័រ ចាប់ពីប្រឡាយលូប្រាំរហូតដល់ស្ឋានីយ៍បូមទឹកបឹងទំពុន ទៅផ្លូវ៦០ម៉ែត្រ ឆ្ពោះទៅស្ទឹងជ្រៅឱ្យបានលឿន ដើម្បីធានាឱ្យទឹកហូរពីភាគខាងត្បូងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ស្ទឹងជ្រៅបានលឿន ដោយជំរុញ
ឱ្យ អាជ្ញាធរខណ្ឌមានជ័យ និងខណ្ឌដង្កោ បន្តការដោះស្រាយផលប៉ៈពាល់ ប្រឡាយភូមិម័រ ដែលនៅសល់សល់ ពីការដោះស្រាយផលប៉ះពាល់របស់គណៈកម្មាធិការអន្តរក្រសួងឱ្យបានរួចរាល់ ដើម្បីឱ្យក្រុមការងារអាចដាក់ គ្រឿងចក្រចូលស្តារប្រឡាយនេះបានទៅតាមទំហំនៃប្លង់ប្រឡាយលូ ក្នុងរាជធានីភ្នំពេញ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានជំរុញឱ្យការងារសាងសង់នៅស្ថានីយ៍បូមទឹកលូប្រាំនិងស្ថានីយ៍បូមទឹកបឹងទំពុន និងការងារស្ដារប្រឡាយ លូ បានលឿន និងរួចរាល់នៅក្នុងខែកក្កដាខាងមុខនេះ ដើម្បីបានប្រើប្រាស់ដោះស្រាយបញ្ហាជន់លិច នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានលឿនផងដែរ ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា៖ បើតាមគម្រោង ស្ថានីយ៍បូមទឹកលូប្រាំ និងរួចរាល់នៅចុងខែមិថុនានេះ ហើយស្ថានីយ៍បូមទឹកបឹងទំពុនថ្មីដែលសាងសង់បន្ថែមនិងរួចរាល់ ហើយដាក់ឱ្យដំណើរការបាននៅថ្ងៃទី១៥ ខែកក្កដា ២០២៥ខាងមុខនេះ ៕
ដោយ៖ សំរិត