ភ្នំពេញ÷ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០០៖២០នាទីអាធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ ដឹកនាំកម្លាំងជំនាញនាយកដ្ឋាន ល្បាតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មកដល់ត្រង់ចំណុចមុខផ្សារដេប៉ូ ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យចំនួន២នាក់ ជិះម៉ូតូចំនួន១គ្រឿង បានធ្វេីសកម្មភាពឆក់ទូរស័ព្ទពីស្រី្តរងគ្រោះកំពុងជិះម៉ូតូបានសម្រេច។
ភ្លាមនោះកម្លាំងជំនាញ ក៏បានធ្វេីការប្រដេញមកដល់ត្រង់ចំណុចមុខសាលាវត្តកោះ ផ្លូវមុនីវង្ស ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទេីបឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ជនសង្ស័យទាំង២នាក់ខាងលេីមានឈ្មោះ៖
-ឈ្មោះ ឈាង ឆៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ។
-ឈ្មោះ ស្ទាំង រាជសី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ។
សម្ភារៈដកហូតមាន៖ ទូរស័ព្ទម៉ាក tecno spark ពណ៌ខ្មៅ (របស់ជនរងគ្រោះ) និងម៉ូតូចំនួន០១គ្រឿង ម៉ាក ហុងដា សង់សេ១២៥ ពណ៌ទឹកប្រាក់ មិនស្គាល់ឆ្នាំផលិត គ្មានស្លាកលេខ
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕