ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូកង់បីមួយគ្រឿងបញ្ច្រាសទិសបណ្តាលអោយបុរសម្នាក់បើកម៉ូតូយ៉ាងលឿនជ្រុលទៅបុកពេញទំហឹងបាក់កស្លាប់ភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ជា អាយុ ២៨ឆ្នាំ មានស្រុកកំណើតនៅឯខេត្តព្រៃវែង ។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1KP-8155 បញ្ច្រាសផ្លូវក្នុងគោលបំណងចង់បត់ឆ្លងទៅផ្លូវម្ខាងទៀត ប៉ុន្តែមិនទាន់បានឆ្លងផ្លូវផងក៏មានបុរសម្នាក់បើកបរម៉ូតូមួយគ្រឿងម៉ាក់ Honda click ពណ៌ស ពាក់ផ្លាកភ្នំពេញ1LQ-2673 បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន បានបុកជាមួយម៉ូតូកង់បីពេញទំហឹង ។ ភ្លាមៗនោះអ្នកនៅជិតកន្លែងកើតហេតុបាន ព្យាយាមទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់មកជួយ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ ចំណែកជនបង្កត្រូវនគរបាលឃាត់យកទៅសាកសួរនៅប៉ុស្តិ៍ជ្រោយចង្វា ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានប្រគល់សពទៅឱ្យក្រុមគ្រួសារ ចំណែកមធ្យោបាយទាំង០២គ្រឿងសមត្ថកិច្ចបានធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ៖ ជីណា