ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា មានគោលជំហរច្បាស់លាស់ មិនប្រែប្រួល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយព្រះរាជាណាចក្រថៃ ដោយផ្អែកលើវិធីសាស្រ្តសន្តិវិធី មិត្តភាព និងការសហប្រតិបត្តិការជាបន្តបន្ទាប់ ដូចតទៅ៖
១. កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសថៃ ដោយចូលរួមជាដៃគូសំខាន់ក្នុងការកសាងស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។
២. ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជាវិធានការដែលមានទំនួលខុសត្រូវ និងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីឲ្យបានឆាប់រហ័ស និងជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាឱ្យនៅបន្តស្រពិចស្រពិលអាចបណ្តាលឱ្យកើតជម្លោះប្រដាប់អាវុធសារជាថ្មី។
៣. កម្ពុជាបន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់ដែលនៅសេសសល់ (ក្រៅតំបន់ទាំង៤ខាងលើ) តាមរយៈយន្តការគណៈកម្មការព្រំដែនចម្រុះ (JBC) របស់កម្ពុជា-ថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែនឲ្យបានរលូន និងមានប្រសិទ្ធភាព។
៤. កម្ពុជាបន្តរក្សាទំនាក់ទំនងជាបន្តបន្ទាប់ជាមួយប្រទេសថៃ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ និងរួមចំណែកជំរុញសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ក្នុងតំបន់។
រាជរដ្ឋាភិបាលកម្ពុជា បន្តឈរលើគោលការណ៍នយោបាយក្រៅប្រទេសដែលផ្អែកលើការរួមរស់ដោយសន្តិភាព ការទាក់ទងល្អជាមួយប្រទេសជិតខាង និងការដោះស្រាយវិវាទជាផ្លូវការ តាមសន្តិវិធី និងច្បាប់អន្តរជាតិ ដើម្បីធានាបាននូវអនាគតដ៏រុងរឿងសម្រាប់ប្រទេសជាតិ និងប្រជាជនជាទូទៅ៕ដោយ៖តារា