ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី ០៤នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងបុកគ្នានៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី៨ ខែមិថុនា ឆ្ឆ្នាំ២០២៥ នៅចំណុចផ្លូវប្រសព្វចូលព្រលានយន្តហោះ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងរថយន្ដម៉ាក CAMRY ពណ៌ខ្មៅ១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 2C-2049 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរជាប្រពន្ធម្នាក់និងកូនម្នាក់ ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងចូលព្រលាន ភ្លាមនោះក៏មានរថយន្តម៉ាក GAC MOTOR GS5ពណ៌ខ្មៅ០១គ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2BU-4028 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចបានជ្រុលចង្កូតមកបុកពេញទំហឹងធ្វើឱ្យរថយន្តប៉ើងជាង១០ម៉ែត្រនិងហោះឡើងខឿនថ្មបណ្តាលឱ្យស្ត្រីជាប្រពន្ធម្ចាស់រថយន្តCAMRY រងរបួសធ្ងន់ ចំណែករថយន្តទាំងពីរខូចខាតយ៉ាងដំណំ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើគំនូសហេតុនិងដឹកបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែករថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕