រឿង នរកលោកិយ៍បីឆ្នាំប្លាយ(ត)

ចែករំលែក៖

យើងទាំងអស់គ្នានាំគ្នាដើរទាំងហេវហត់អស់កម្លាំងយ៉ាងខ្លាំងតាំងពីយប់រហូតដល់ព្រឹក។ព្រលឹមឡើង យើងធ្វើដំណើរមកដល់វត្តចារក្រោម ស្ថិតក្នុងឃុំប្រាសាទ ស្រុកព្រះនេព្រះ។ នៅទីនោះទាំងប្រជាជន និងព្រះសង្ឃក្នុងវត្តស្ងាត់ជ្រងំ ព្រោះត្រូវជម្លៀសចេញក្នុងថ្ងៃតែមួយដូចគ្នា។ នេះជាទិសដៅរបស់អង្គការឲ្យចេញពីភូមិទៅរស់នៅតាមវាលស្រែ ហើយមិនអនុញ្ញាតឲ្យត្រឡប់មករស់នៅក្នុងភូមិវិញនោះទេ។
មេកងទ័ពខ្មែរក្រហមម្នាក់បានស្រែកប្រកាសថា ” ពុកម៉ែមិត្តទាំងអស់គ្នាសម្រាកដាំបាយស៊ីសិនទៅ “។
យើងកំពុងរកមើលអង្ករតាមផ្ទះស្រាប់តែឮសំឡេងកងទ័ពម្នាក់ស្រែកមកថា÷
ឈប់សិនបងប្អូនពុកម៉ែទាំងអស់គ្នា មកដល់ភូមិតាអំ ឃុំប្រាសាទនេះហើយ ចូលរកកន្លែងសម្រាកសិនចុះ តែឲ្យសម្រាកក្រៅភូមិតាមមាត់ស្ទឹងវាលស្រែនេះឯងមិនឲ្យចូលទៅក្នុងភូមិទេ។
នៅទីនោះមានព្រៃរបោះកូនឈើតូចៗដែលប្រជាជនអាចនាំគ្នាធ្វើជម្រកដោយកាច់ស្លឹកឈើប្រក់ធ្វើជាដំបូលការពារកម្តៅថ្ងៃ និងទឹកភ្លៀង។ យើងមិនខុសអ្វីពីសត្វដែលកំពុងតែកាច់សំបុកធ្វើជម្រកឲ្យកូននោះទេ។
លុះព្រឹកឡើងកងទ័ពម្នាក់បានដើរហៅប្រជាជនមកប្រជុំរួចនិយាយថា÷
ពុកម៉ែបងប្អូនទាំងអស់គ្នា! អង្គការដាក់ទិសដៅឲ្យពុកម៉ែបងប្អូននៅធ្វើស្រែទីនេះឯង ដោយរៀបជាក្រុម ជាភូមិ ងាយស្រួលអង្គការត្រួតពិនិត្យ ហើយប្រធានភូមិ ប្រធានក្រុម ជ្រើសរើសយកតែអ្នកក្រអ្នកធ្លាប់កម្សត់ធ្លាប់តស៊ូវណ្ណៈអធន កម្មករ កសិករ ឥតយកអ្នកចេះដឹង អ្នកមានទេពិបាកប្រើណាស់ព្រោះមនុស្សទាំងនោះនៅជាប់របបសក្តិភូមិនាយទុនប្រទេសកិរិយា។ អង្គការបើករបបអង្ករឲ្យពីរនាក់កន្លះកំប៉ុង និងអំបិលបន្តិច។ យើងខំធ្វើស្រែកើត ពុកម៉ែបងប្អូនថ្ងៃក្រោយហូបមួយថ្ងៃបីដង មានបង្អែមមួយអាទិត្យម្ដងទៀត។ នេះជាគំនិតល្អរបស់អង្គការមហាលោតផ្លោះ មហាអស្ចារ្យ មិនដូចជំនាន់លន់ នល់ទេ អ្នកណាមានចេះតែមាន បងប្អូនអ្នកខ្សត់គ្នាវេទនានៅតែវេទនា។ ពេលនេះអង្គការបានវាយរបបចាស់បង្កើតរបស់ថ្មីបានហូបស្មើៗទាំងអស់គ្នាមែនទេបងប្អូន? បើបងប្អូនណាមានមាសប្រាក់ជាប់នឹងខ្លួន សូមប្រមូលឲ្យអង្គការមកអាចរួចខ្លួនហើយ។ តែបើអង្គការស៊ើបដឹងថាបងប្អូនមានលាក់ទុកអង្គការនឹងវាយកម្ទេចចោលទាំងពូជ ព្រោះវាជាសកម្មភាពក្បត់នឹងអង្គការ ក្បត់និងបដិវត្តន៍។
បន្ទាប់ពីប្រជុំចប់ភ្លាម ខ្មែរក្រហមបានរៀបចំភូមិ រៀបចំក្រុម ចាប់ចុះធ្វើស្រែ។ បងប្អូនមួយចំនួនឲ្យឡើងទៅប្រមូលស្រូវនៅតាមផ្ទះនៅតាមភូមិប្រគល់ដល់អង្គការកុំឲ្យមានសល់បន្តិចឡើយ។ ពេលទៅប្រមូលស្រូវតាមភូមិ វាសនា និងលោកពូ តុង ឆាយមានឈ្មោះទៅនឹងគេដែរ គឺទៅប្រមូលស្រូវនៅភូមិទឹកជោរដែលជាភូមិកំណើតរបស់ខ្លួន។ ឯអ្នកផ្សេងៗទៀតគ្រប់ៗភូមិ អង្គការក៏បានឲ្យទៅប្រមូលគ្រប់កន្លែងឲ្យអស់ពីផ្ទះប្រជាជន។ ស្រូវដែលប្រមូលបានអង្គការមិនដឹងជាដឹកយកទៅទុកដាក់ឯណាអស់ទេ។ លុះព្រឹកឡើងវាសនាបាត់មិនឃើញលោកពូ តុង ឆាយ ក៏សួរគ្នីគ្នាខ្សឹបៗថា មីងសំ លោកពូ តុង ឆាយ ព្រឹកនេះមិនឃើញចេញមកប្រមូលស្រូវ?
* ជីវិតរស់នៅតាមសហករណ៍÷
ឆ្នាំ ១៩៧៦ ប្រជាជនចាស់ដែលហៅថា ពួកមូលធនបានវិលត្រឡប់ពីរស់នៅតាមវាល តាមព្រៃ មកនៅភូមិជាមួយប្រជាជនថ្មីដែលទើបជម្លៀសមកទីក្រុងដែរ។ នៅក្រោមពន្លឺចង្កៀងប្រេងកាតខ្លាញ់ត្រី ប្រឆេះភ្លឺព្រឹមៗ ក្រោមខ្ទមកម្សត់ជញ្ជាំងស្លឹកធ្លុះ ឪពុករបស់វាសនាមានមុខហើមស្លេកស្លាំងបាននិយាយទៅកាន់វាសនាដោយសំឡេងខ្សាវៗ ពេលដែលឃើញវាសនាកំពុងយកបាវចាស់មួយធ្វើជាភួយដណ្ដប់ឲ្យប្អូនដែលកំពុងតែគ្រុនញាក់ ហើយថែមទាំងមានមុខមាត់ និងដៃជើងហើមដោយអត់អាហារ និងធ្វើការបាក់កម្លាំងថា÷
វាសនាកូនខំមើល ឡាវទី ឱ្យមែនទែន ព្រោះប្អូននៅក្មេង។ចំណែកពុកវិញ ចាស់ហើយស្លាប់ចុះកុំគិតអីកូន។ និយាយរួចគាត់ក៏បិទភ្នែកដង្ហើមលោតដង្ហក់បេះដូងដើរញាប់ខ្លួនញ័រញាក់។
វាសនាស្ទុះចេញពីប្អូនទៅឱបឪពុកជាទីស្រឡាញ់ ហើយពោលតិចៗទាំងអួលដើមកថា ពុកកុំនិយាយយ៉ាងនេះ ពុកមិនអីទេ ពុកត្រូវតែរស់នៅជាមួយកូនបន្តទៀត។ វាសនា មិនហ៊ាននិយាយខ្លាំងទេ ព្រោះខ្លាចកងឈ្លបយប់ដើរស៊ើបការណ៍ឮ។ នៅជិតនោះយាយ លី ដែលជាម្ដាយ និងប្អូនប្រុសស្រីពីរនាក់ទៀតរបស់ វាសនា ក៏ខិតមកជិតនោះដែរ។ តាលន បើកភ្នែកព្រឹមៗនិយាយខ្សាវៗសាជាថ្មីម្ដងទៀត
តាលន÷ ម៉ែវា មុននឹងស្លាប់ខ្ញុំសូមហូបបាយបានមួយម៉ាត់ តើឯងមានអង្ករពីណាមកដាំទេ?
យាយលី÷ ពុកវា ខ្ញុំបានសន្សំអង្ករបានកន្លះកំប៉ុង។ ពីថ្ងៃមុនពេលទៅច្រូតស្រូវខ្ញុំបានដាក់ស្រូវតាមថ្នក់សំពត់យកមកបុកធ្វើជាអង្ករបានខ្លះដែរ។ ព្រឹកនេះចាំក្រោកដាំបាយបានបន្តិចជូនពុកវាឯងហូប។
ដោយធ្វើការពីថ្ងៃអស់កម្លាំង និងហូបមិនឆ្អែតផង ម្នាក់ៗក៏នាំគ្នាសម្រាក។ អ្នកជំងឺពីរនាក់ឪនឹងកូនសម្រាកមិនបានលក់ទេ ចេះតែរើខ្លួន និងដេកថ្ងូររង៉ឺសៗឥតឈប់។ ជារៀងរាល់យប់យើងឃើញមានភ្លើងពិល របស់កងឈ្លប និងអ្នកភូមិទាំងអស់ដែលរស់នៅតាមសហករណ៍ ប្រឹងប្រែងធ្វើការងារទាំងចាស់ក្មេង ទាំងយប់ថ្ងៃ។ ប្រជាជនម្នាក់ៗមានការងារធ្វើគ្រប់ៗគ្នា ឥតមាននរណាម្នាក់ដើរមកសួរសុខទុក្ខ ឬនិយាយគ្នាលេងបានឡើយ។ ប្រជាជនគ្រប់គ្នាផ្ដាច់មនោសញ្ចេតនារៀងខ្លួន ព្រោះខ្លាចស្លាប់ ហើយបានត្រឹមតែមើលមុខគ្នា។យ៉ាងស្រពាប់ស្រពោនរៀងខ្លួន។ (នៅមានត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print