រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖​ បើមិនចង់អស់លុយ កុំបើកបរលើសល្បឿនដែលច្បាប់បានកំណត់

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែង​ប្រាប់អ្នកបើកបរគ្រប់រូបកុំបើកបរលើសល្បឿនកំណត់ បើមិនដូច្នេះ នឹងត្រូវរងការអនុវត្តច្បាប់ពីសមត្ថកិច្ចនគរបាលចរាចរណ៍។ លោកឧបនាយករដ្ឋមន្ត្រី​ សង្កត់ធ្ងន់ថា បើមិនចង់អស់លុយដោយការផាកពិន័យ សូមកុំបើកបរលឿនលើសល្បឿនដែលច្បាប់បានកំណត់។

ការថ្លែងបែបនេះ​របស់​លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលប្រារព្ធឡើងនៅខេត្តព្រៃវែង កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញនេះ​។

លោករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បានថ្លែង​នៅតែទទូចឱ្យប្រជាពលរដ្ឋ ដែលរអ៊ូរទាំចំពោះការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការបើកបរលើសល្បឿនកំណត់ ហើយមេត្ដាគិតគូរឡើងវិញថាតើមូលហេតុអ្វីបានជាសមត្ថកិច្ចធ្វើយ៉ាងដូច្នេះ។​ ឧបនាយករដ្ឋមន្ត្រី ស សុខា អះអាងថា នគរបាលមិនមែនចង់បានថវិកាពីការផាកពិន័យនោះទេ ក៏ប៉ុន្តែដើម្បីសុវត្ថិភាពចរាចរណ៍របស់អ្នកដឹកអ្នកដំណើរ ពោលគឺបើអ្នកបើកបរមិនល្មើសល្បឿន នគរបាលក៏គ្មានហេតុផលអនុវត្តច្បាប់ ដោយការផាកពិន័យនោះដែរ ហើយសាមីខ្លួនក៏មានសុវត្ថិភាពក្នុងពេលធ្វើដំណើរ។

លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យពិនិត្យសិក្សាឡើងវិញលើភូមិសាស្ត្រជាក់ស្ដែងនៃមូលដ្ឋានរបស់ខ្លួនដែលមានការប្រឈមចំពោះការបើកបរលើសល្បឿនកំណត់ និងរកឱ្យឃើញពីមូលហេតុនៃការកើតមានគ្រោះថ្នាក់ចរាចរណ៍ ដើម្បីដាក់ចេញនូវវិធីសាស្ត្រដោះស្រាយឱ្យបានសមស្របបំផុត។

បន្ថែមពីលើរថយន្តបើកបរល្បឿនលឿន លោក ស សុខា បានសង្កត់ធ្ងន់ដល់រថយន្តដឹកកម្មករលើសចំនួនកំណត់ ការបើកបរវ៉ាជែង និងរថយន្តដឹកជញ្ជូនទំនិញលើសកំណត់ផងដែរ។ លោក បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ រួមទាំងនគរបាលចរាចរណ៍យកចិត្តទុកដាក់ការសម្រួលសុវត្ថិភាពចរាចរណ៍ដល់រថយន្តដឹកកម្មករ ពេលព្រឹកព្រលឹម និងបន្តអប់រំណែនាំដល់អ្នកផ្តល់សេវាដឹកជញ្ជូនកម្មករ ជាពិសេសអ្នកបើកបរ ឱ្យគោរពច្បាប់ គិតគូរលើសុវត្ថិភាព និងលក្ខណៈបច្ចេកទេសរថយន្ត ខណៈការវ៉ាជែង និងបើកបរលើសល្បឿន តែងតែជាមូលហេតុចម្បងនៃគ្រោះថ្នាក់។

...

សូមបញ្ជាក់ថា ក្នុងរយៈពេល៤ខែឆ្នាំ២០២៥នេះ សមត្ថកិច្ចបានចុះត្រួតពិនិត្យរកឃើញយានយន្តល្មើសច្បាប់ចរាចរណ៍ដោយធ្វើការពិន័យសរុបចំនួន២៥.០២៣គ្រឿង និងបានដកហូតផ្លាកលេខយានយន្តមិនប្រក្រតីជាង៧០គូ។ សមត្ថកិច្ចក៏បានត្រួតពិនិត្យជាតិអាល់កុលពេលយប់ រកឃើញអ្នកបើកបរក្រោមឥទិ្ធពលស្រវឹងចំនួន៤.៧១៦នាក់ អនុវត្តតាមនីតិវិធី។ រយៈពេលដដែលនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប៧៣០លើក បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ គឺ ថយចុះ៣០៤លើក។ គិតពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតមនុស្សចំនួន៤៧៩ នាក់ និងរបួស១.០១១ នាក់ បើធៀបនឹងឆ្នាំ២០២៤ បានថយចុះ៤២៨នាក់៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print