ភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា ការប្រឌិត ការបំប៉ោង និងបំពុលព័ត៌មានពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃពីសំណាក់ក្រុមប្រឆាំងនៅខាងក្រៅប្រទេសដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី គឺជាចរិតនយោបាយគ្មានភាពថ្លៃថ្នូរ និងគួរឱ្យស្អប់ខ្ពើម។ លោកអ្នកនាំពាក្យ បានព្រមានថា ក្នុងកាលៈទេសៈនេះ គឺជាការចាំបាច់ណាស់ដែលខ្មែរគ្រប់ទិន្នាការនយោបាយត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារដែនអធិបតេយ្យភាព មិនជាមែនជាពេលប្រឌិត បំផ្លើស បំភ្លៃព័ត៌មានឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំនោះទេ។
លោកអ្នកនាំពាក្យគណបក្សប្រជាជន បានគូសបញ្ជាក់នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះថា ការញុះញង់បញ្ឆេះកំហឹងតាមរយៈការបំពុលព័ត៌មានរបស់ក្រុមប្រឆាំងនៅខាងក្រៅប្រទេស វាយប្រហារលើរាជរដ្ឋាភិបាលកកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងគោលដៅឱ្យប្រជាជនមានការយល់ច្រឡំនៅក្នុងកាលៈទេសៈពេលនេះ គឺជាចរិតនយោបាយគ្មានភាពថ្លៃថ្នូរ គ្មានមនសិការសាមគ្គីជាតិ គ្មានស្មារតីស្នេហាជាតិ ដែលជានយោបាយគ្រោះថ្នាក់បំផុតសម្រាប់ជាតិ។ លោកថា ការឆ្លៀតកេងចំណេញនយោបាយនៅក្នុងសកម្មភាពបំពុលព័ត៌មានទ្រុស្តប្រទេសបែបនេះ គឺជារឿងដែលប្រជាជនស្អប់ខ្ពើម មិនគួរធ្វើទៅកើត ក្នុងពេលដែលពួកគេ ក៏មានឈាមខ្មែរដែរនោះ។
លោក ជា ធីរិទ្ធ បានអះអាងថា៖ «ខ្ញុំពិតមិននឹកស្មានដល់ថា សូម្បីតែពេលកម្ពុជាជាកំពុងជាប់ដៃដោះស្រាយជម្លោះព្រំដែនជាមួយថៃ ក៏បុគ្គល សម រង្ស៊ី រកវិធីប្រឌិតព័ត៌មាន ដើម្បីឱ្យប្រជាជនជ្រួលច្របល់ ឆ្លៀតកេងចំណេញ បម្រើមហិច្ចតានយោបាយស្មោកគ្រោករបស់ខ្លួនទៅរួចដែរ!»។ លោក ជា ធីរិទ្ធ បានអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ ប្រុងប្រយ័ត្នចំពោះការប្រឌិតព័ត៌មានរបស់ក្រុមនយោបាយជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៊ី ជុំវិញស្ថានភាពព្រំដែនកម្ពុជា-ថៃនេះ។
ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនាពេលនេះ ធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី និងបក្ខពួកនៅខាងក្រៅប្រទេស បាននាំគ្នាប្រឌិត បំផ្លើស បំភ្លៃ និងបំប៉ោងព័ត៌មានផ្សេងៗពាក់ព័ន្ធបញ្ហានៅព្រំដែនកម្ពុជា-ថៃ។ ទណ្ឌិត សម រង្ស៊ី និងបក្ខពួក បានកាឡៃព័ត៌មាននានាដែលមិនខុសអីពីសារព័ត៌មានថៃ និងក្រុមបុគ្គលជ្រុលនិយមថៃមួយចំនួនដែលបានធ្វើឡើង ដើម្បីរុញស្ថានការនៅព្រំដែនឱ្យកាន់តែក្តៅ និងវាយប្រហារមករាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងព្យាយាមដោះស្រាយបញ្ហាជាមួយភាគីថៃដោយសន្តិវិធី។
ចំពោះលោក ជា ធីរិទ្ធ ក្នុងស្ថានភាពនេះ ប្រជាជនខ្មែរត្រូវការ ការរួមចិត្តរួមថ្លើមគ្នាជាធ្លុងមួយ ជាមួយរាជរដ្ឋាភិបាល ជាមួយអ្នកប្រយុទ្ធដ៏អង់អាចក្លាហានរបស់កម្ពុជាដែលកំពុងតែឈរជើងនៅព្រំដែនការពារជាតិ ការពារប្រជាជន។ លោកសង្កត់ធ្ងន់ថា៖ «ជំហរដាច់ខាតរបស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គឺការពារទឹកដី ហើយទាហានកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីការពារទឹកដី។ សូមបងប្អូនជឿជាក់លើការដឹកនាំ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការ ការពារបូរណភាពទឹកដីនេះ»៕ដោយ៖តារា