រដ្ឋមន្ត្រី ហេង សួរ ចុះសួរសុខទុក្ខកងទ័ព នៃកងពលតូចថ្មើរជើងលេខ៤២ ដែលកំពុងឈរជើងនៅទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំសហជីព អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤២ ដែលកំពុងឈរជើងនៅសមរភូមិមុខទិសប្រាសាទតាមាន់ ក្នុងខេត្តឧត្តរមានជ័យ។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ហេង សួរ បានសម្ដែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាព ស្មារតីរួបរួមសាមគ្គី និងការលះបង់របស់នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចថ្មើរជើងលេខ៤២ ដែលខិតខំការពារអធិបតេយ្យជាតិ បូរណភាពដែនដីកម្ពុជាយ៉ាងស្វាហាប់ម៉ឺងម៉ាត់ គួរជាទីគោរពដឹងគុណពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅសមរភូមិក្រោយ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ទាំងព្រះសង្ឃ បុព្វជិតសាសនាផ្សេងៗ ទាំងមន្ត្រីរាជការស៊ីវិល ទាំងកម្មករនិយោជិត ទាំងវិស័យឯកជន អាជីវករ ក្នុងការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធនៅជួរមុខនេះ គឺរឹតតែធ្វើឱ្យកម្លាំងការពារជាតិយើងកាន់តែរឹងមាំ»។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ការសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហានដោយផ្ទាល់នេះ គឺជាសក្ខីភាពបញ្ជាក់ជូនកងទ័ពនៅសមរភូមិមុខថា នៅសមរភូមិក្រោយ ក៏មានថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សហជីព កម្មករនិយោជិតនៅចាំជួយជាកម្លាំងរួបរួមសាមគ្គីក្នុងការចូលរួមការពារអធិបតេយ្យជាតិ ជាកម្លាំងដ៏សំខាន់មួយក្នុងការគាំទ្រកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ។ កងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខមិននៅឯកោទេ ពោលគឺមានតែទទួលបានការគោរពដឹងគុណ ផ្សារភ្ជាប់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅណាស់ ពីព្រោះយើងទាំងអស់គ្នាក៏ជាកូនចៅរបស់កងកម្លាំងប្រដាប់អាវុធ ផងដែរ។

លោករដ្ឋមន្ត្រីក៏បានបង្ហាញការប្ដេជ្ញាចិត្តគាំទ្រគ្រប់បែបយ៉ាង ជូនកងកម្លាំងប្រដាប់អាវុធនៅជួរមុខ ដើម្បីផ្គត់ផ្គង់តម្រូវការចាំបាច់ផ្សេងៗរបស់កងទ័ព សំដៅធានាឱ្យបាននូវជ័យជម្នះក្នុងការការពារជាតិ ការពារអធិបតេយ្យ និងបូរណភាពដែនដីរបស់ជាតិកម្ពុជា។

...

គ្រឿងឧបភោគបរិភោគដែលត្រូវបានប្រគល់ជូននាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤២ រួមមាន៖ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីងៀត សាច់គោងៀត ទឹកបរិសុទ្ធ ថ្នាំសង្កូវ តង់កៅស៊ូ កំសៀវ ម៉ាស៊ីនភ្លើង ព្រីខ្សែភ្លើង ប្រេងម៉ាស៊ូត៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print