ក្រុមហ៊ុន Hyundai Motor និង Kia Motor បានមើលឃើញកំណើននៃការ លក់របស់ខ្លួនកាលពីខែមុននៅក្នុងប្រទេសចិន ដោយសារតែប្រជាប្រិយភាពរបស់រថយន្តប្រភេទ SUVs និងលក្ខខណ្ឌសេដ្ឋកិច្ចនៅទីនោះមានភាពល្អប្រសើរ។
ក្រុមហ៊ុន Hyundai Motor ដែលជា ក្រុមហ៊ុនផលិតរថយន្តធំទី១របស់កូរ៉េខាងត្បូងនិងក្រុមហ៊ុន Kia Motors ដែលជាក្រុមហ៊ុនផលិតរថយន្តធំទី២របស់កូរ៉េខាងត្បូង បានលក់រថយន្តសរុបរបស់ពួកគេចំនួន ១១១.០២១ គ្រឿងនៅក្នុងខែកក្កដា ពោល គឺកើនឡើង៣១,៩ភាគរយបើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លើសពីនេះទៅទៀតនោះតាមរយៈការលក់ដាច់ដោយឡែកពីគ្នារបស់ក្រុមហ៊ុនទាំងពីរនោះក្រុមហ៊ុន Hyundai Motor បានលក់អស់ចំនួន៧០.០១៦គ្រឿង ពោលគឺកើនឡើង ២៩,៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខណៈដែលក្រុមហ៊ុន Kia បានលក់អស់ចំនួន ៤១.០០៥ គ្រឿងក្នុងខែកក្កដា ពោលគឺ កើនឡើង៣៦,៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែរ។
ការងើបឡើងនៃការលក់រថយន្តកាលពីខែកក្កដា ដោយសារតែលក្ខខណ្ឌទីផ្សារមានភាពល្អប្រសើរនៅក្នុងប្រទេសនេះ។ កាលពីខែកក្កដាឆ្នាំ២០១៥នោះ ការលក់ របស់ក្រុមហ៊ុន Hyundai និងក្រុមហ៊ុន Kia បានរងនូវការធ្លាក់ចុះប្រហែលជា៣៣ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមួយទៀត។
ការលក់រថយន្តក្នុងខែកក្កដានៅប្រទេសចិនមានចំនួនសរុប១,៦លានគ្រឿងពោលគឺកើនឡើង២៦,៣ភាគរយបើធៀបនឹងឆ្នាំមុន។ នេះគឺជាចំនួនដែលកើនឡើងខ្ពស់ បំផុតប្រចាំខែចាប់ពីខែមករា ឆ្នាំ២០១៣ មក។
អ្នកវិភាគបានមានប្រសាសន៍ថា ការ កើនឡើងនេះដោយសារតែមានការគាំទ្រដោយគោលនយោបាយរបស់រដ្ឋាភិបាល ចិនដែលបានកាត់បន្ថយពន្ធនៃការទិញរថយន្តដែលមានម៉ាស៊ីនតូចជាង១,៦លីត្រ ហើយការងើបឡើងនៃប្រជាប្រិយភាព របស់រថយន្តប្រភេទ SUVs ។
អ្នកជំនាញទាំងនោះបានរំពឹងថា ការងើបឡើងនៃការលក់រថយន្តនៅក្នុងប្រទេសចិនទំនងជានឹងបន្តរហូតដល់ខែកញ្ញាឆ្នាំនេះ។
ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនកូរ៉េទាំងនេះនៅក្នុងប្រទេសចិនស្ថិតក្នុងចំណាត់ ថ្នាក់ទី៣ដែលមាន៧,៥ភាគរយនៅក្នុងខែកក្កដា បន្ទាប់ពីក្រុមហ៊ុន Volkswagen Group ដែលមានទីផ្សារភាគហ៊ុន១៨ ភាគរយ និងក្រុមហ៊ុន General Motor Co ដែលមាន១០ភាគរយ។
ការលក់រថយន្តសរុបក្នុងរយៈពេល ៧ខែដំបូងរបស់ក្រុមហ៊ុន Hyundai និង Kai លក់អស់ចំនួន៩១៩.៣៧៩គ្រឿង ពោលគឺកើនឡើង២,៤ភាគរយនៅក្នុងទីផ្សារដ៏ធំបំផុតរបស់ខ្លួននេះ៕
ដោយ៖ រ័ត្ន