តើ អាមេរិកជា «បិតាប្រជាធិបតេយ្យ»ឬ«បិតាស្តង់ដាពីរ»?

ចែករំលែក៖

អន្តរជាតិ ៖ កន្លងមក ប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកតែងតែតាំងខ្លួនជា«បិតាសេរីភាព បិតាប្រជាធិបតេយ្យនិងបិតាសិទ្ធិមនុស្ស» ដោយបានរិះគន់និងថ្កោលទោសប្រទេសដទៃលើបញ្ហា«រំលោកសិទ្ធិសេរីភាព រំលោភប្រជាធិបតេយ្យនិងរំលោភសិទ្ធិមនុស្ស»ជាដើម ហើយបានប្រើបញ្ហាទាំងនេះជាមូលហេតុសម្រាប់ដាក់ទណ្ឌកម្មឬបិទខ្ទប់ចំពោះប្រទេសពាក់ព័ន្ធ ។

យ៉ាងណាមិញ សហរដ្ឋអាមេរិកដែលជា«បិតាប្រជាធិបតេយ្យ»ពិតជាបានអនុវត្តតាមបែបប្រជាធិបតេយ្យពិតប្រាកដមែនទេ ? ជាឧទាហរណ៍ជាក់ស្តែងមួយ ៖ សង្គ្រាមនៅតំបន់ហ្កាហ្សារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែលបានអូសបន្លាយអស់ពេលជាងមួយឆ្នាំមកហើយនោះ បានធ្វើឱ្យប្រជាជនក្នុងតំបន់រងទុក្ខវេទនាមើលមិនឃើញកោះត្រើយនៃសន្តិភាព និងបានបណ្តាលឱ្យមនុស្សជាង ៥ ម៉ឺននាក់ស្លាប់បាត់បង់ជីវិត កុមារជាច្រើនត្រូវក្លាយជាក្មេងកំព្រា មនុស្សរាប់ម៉ឺននាក់រស់ក្នុងភាពអត់ឃ្លាន ចំណែកឯសម្ភារៈជំនួយមនុស្សធម៌មិនអាចដឹកជញ្ជូនចូលទៅបាន ។ល។ ប៉ុន្តែ ខណៈពេលសហគមន៍អន្តរជាតិបានខិតខំរិះរកគ្រប់មធ្យោបាយដើម្បីបញ្ចប់សង្គ្រាមនិងស្តារសន្តិភាពនៅតំបន់ហ្កាហ្សាឡើងវិញ អាមេរិកបានបោះឆ្នោតប្រឆាំងបទឈប់បាញ់ម្តងហើយម្តងទៀត ដែលធ្វើឱ្យបទឈប់បាញ់មិនអាចត្រូវបានអនុវត្ត ។ ពិសេស កាលពីថ្ងៃទី ៤ ខែមិថុនាកន្លងទៅ ក្នុងខណៈពេលដែលរដ្ឋអចិន្ត្រៃយ៍ចំនួន ៤ និងរដ្ឋមិនអចិន្ត្រៃយ៍ចំនួន ១០ នៃក្រុមប្រឹក្សាសន្តិសុខអង្គសហប្រជាជាតិសុទ្ធតែបានបោះឆ្នោះគាំទ្រសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តស្តីពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា សហរដ្ឋអាមេរិកបានប្រើសិទ្ធិវេតូ ដែលធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិត្រូវអសារបង់ ហើយការទន្ទឹងរង់ចាំយ៉ាងអន្ទះសាបំផុតរបស់ប្រជាជនហ្កាហ្សាចំពោះសន្តិភាពត្រូវរលាយបាត់សូន្យម្តងទៀត ។

នេះឬដែលហៅថា «ប្រជាធិបតេយ្យ» ? ការអនុវត្តប្រជាធិបតេយ្យតាមបែបអាមេរិកបានប្រឡាក់ទៅដោយឈាមស្រស់របស់ប្រជាជនរាប់ម៉ឺននាក់និងទឹកភ្នែករបស់មនុស្សរាប់មិនអស់នៅតំបន់ហ្កាហ្សា ។ តើប្រជាធិបតេយ្យរបស់អាមេរិកត្រូវការការបង់តម្លៃជាអាយុជីវិតរបស់ប្រជាជនស្លូតត្រង់នៃប្រទេសដទៃច្រើនបែបហ្នឹងមែនទេ ?

ជាឧទាហរណ៍មួយទៀត គេនៅចាំយ៉ាងច្បាស់ថា ក្នុងអំឡុងពេលដែលទីក្រុងហុងកុងប្រទេសចិនកើតមានភាពចលាចលកាលពីឆ្នាំ ២០១៩ ដោយសារក្រុមអបគមន៍និយមមួយក្តាប់តូចនៅហុងកុងគប់គិតជាមួយកម្លាំងប្រឆាំងចិននៅខាងក្រៅ ដែលធ្វើឱ្យទីក្រុងទាំងមូលធ្លាក់ចូលក្នុងសភាពអសន្តិសុខនិងអស្ថិរភាព ហើយរដ្ឋបាលហុងកុងបានចាត់បញ្ជូនកងកម្លាំងប៉ូលិសទៅការពារសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ មន្ត្រីជាន់ខ្ពស់របស់អាមេរិកបែរជានិយាយតាមបែបអគតិថា ប៉ូលិសហុងកុងបាន«បំបិទសិទ្ធិសេរីភាពនិងសិទ្ធិបញ្ចេញមតិ»របស់ពលរដ្ឋ ។ លើសពីនេះទៅទៀត លោកស្រី Pelosi អតីតប្រធានរដ្ឋសភាអាមេរិកថែមទាំងនិយាយយ៉ាងឈាមត្រជាក់ថា ៖ ភាពចលាចលនៅហុងកុងជា«ទិដ្ឋភាពដ៏ស្រស់ត្រកាល» ។

យើងងាកមកមើលពីបាតុកម្មដែលទើបកើតឡើងនាពេលថ្មីៗនេះនៅឯរដ្ឋ California នៃសហរដ្ឋអាមេរិកវិញ ។ លោក ត្រាំ ប្រធានាធិបតីអាមេរិកបានបញ្ជាឱ្យដាក់ពង្រាយកងកម្លាំងឆ្មាំជាតិនៅរដ្ឋនេះ ទោះបីជាមានការប្រឆាំងពីអភិបាលរដ្ឋ California លោក Gavin Newsom ក្តី ។ កាលពីថ្ងៃទី ៩ ខែមិថុនា ក្រសួងការពារជាតិអាមេរិកបានប្រកាសថានឹងដាក់ពង្រាយទាហានម៉ារីនប្រហែល ៧០០នាក់ ទៅកាន់ទីក្រុង LA បន្ទាប់ពីកងកម្លាំងឆ្មាំជាតិ ២០០០ នាក់ ត្រូវបានដាក់ពង្រាយរួច ដើម្បីបង្រ្កាបបាតុកម្មដែលផ្ទុះឡើងហើយប្រែក្លាយទៅអំពើហិង្សា ។ អ្វីដែលគួរឱ្យកត់សម្គាល់ លោក ត្រាំ ចង់ឱ្យមានការចាប់ខ្លួនលោក Gavin Newsom ដែលអះអាងថា ការដាក់ពង្រាយកងកម្លាំងឆ្មាំជាតិវាជាបទបញ្ជាល្មើសច្បាប់អាមេរិកទៀតផង ។ ប្រការនេះបង្ហាញថា «មានតែអញទេដែលជាធំ អ្នកណាប្រឆាំងនឹងត្រូវជាប់ទោស» នេះហើយឬប្រជាធិបតេយ្យបែបអាមេរិក ?

ហេតុអ្វីពេលដែលកើតមានសកម្មភាពបាតុកម្មនៅក្នុងប្រទេសខ្លួន រដ្ឋាភិបាលអាមេរិកបានចាត់ទុកជាអំពីហិង្សាហើយបញ្ជូនកងកម្លាំងទៅបង្ក្រាប ? តែពេលកើតឡើងនៅប្រទេសដទៃ គេបង្ក្រាបភាពវឹកវរដើម្បីស្ថិរភាពសង្គមដូចគ្នា បែរជាអាមេរិកចោទថា«រំលោភសិទ្ធិមនុស្ស»ទៅវិញ ? ការនិយាយយកតែត្រូវខ្លួនឯងបែបនេះឬទើបជា«ប្រជាធិបតេយ្យ»ពិតប្រាកដ ? ជាពិសេស អ្នកនយោបាយអាមេរិកធ្លាប់និយាយថា សកម្មភាពបាតុកម្មនៅហុងកុងជា«ទិដ្ឋភាពដ៏ស្រស់ត្រកាល»មួយ អ៊ីចឹងនៅអាមេរិកវាក៏ដូចគ្នាដែរ ចុះចាំបាច់ទៅ បង្ក្រាបវាធ្វើអី ម្តេចមិនទុកសម្រាប់មើលកម្សាន្តអារម្មណ៍ទៅ ? មុននឹងនិយាយឆ្ការដៃឆ្ការជើង រិះគន់ឬថ្កោលទោសអ្នកដទៃ គួរពិនិត្យពីការប្រព្រឹត្តរបស់ខ្លួនជាមុនសិន ល្បែងស្តង់ដាពីរគ្មានអ្នកលេងជាមួយនោះឡើយ ។

ជារួម ប្រជាជន ជា មូលដ្ឋាន គ្រឹះ នៃ ប្រជាធិបតេយ្យ ហេតុ ដូច្នេះ ប្រជាធិបតេយ្យ ត្រូវ តម្កល់ ប្រជាជន ជា ស្នូល តម្កល់ អាយុ ជីវិត មនុស្ស ជា ចម្បង តែ មិនមែនប្រើ ប្រជាធិបតេយ្យ ជា ឧបករណ៍ នយោបាយ សម្រាប់ បម្រើ អំណាច អនុត្តរភាព របស់ខ្លួន នោះ ឡើយ ។ ប្រជាធិបតេយ្យគ្មានស្តង់ដាតែមួយគត់នោះទេ ឱ្យតែមានការគាំទ្រពីប្រជាជនភាគច្រើនលើសលប់ នោះក៏ជាប្រជាធិបតេយ្យពិតប្រាកដ ៕

...

ប្រភព ៖ «CCFR China state-controlled media »

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print