ភ្នំពេញ ៖ បុរសចំណាស់ម្នាក់ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅប៉ះម៉ូតូកង់បីដួលហើយត្រូវរថយន្តធំមកពីក្រោយកិនស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៨និង៥០នាទីយប់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចភ្លើងស្តុបសេះមាស ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បុរសចំណាស់មានឈ្មោះ វណ្ណ វ៉ន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីពលរដ្ឋដែលធ្វើដំណើរស្របគ្នាបានឲ្យដឹងថា បុរសវ័យចំណាស់រងគ្រោះនេះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 1BS-8125 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានបត់ស្តាំក្នុងគោលបំណងឆ្លងផ្លូវ តែមិនប្រយ័ត្នបានជ្រុលទៅបុកពីក្រោយឡំប្រឺតា មិនចាំស្លាកលេខ បណ្តាលឲ្យម៉ូតូជនរងគ្រោះដួល ។ ពេលនោះចៃដន្យមានបុរសម្នាក់បានបេីករថយន្តកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3B-0978 បើកក្នុងល្បឿនលឿន តាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីកេីតទៅលិចបានមកពីក្រោយកិនបុរសរងគ្រោះបណ្តាលឲ្យស្លាប់គាបជាប់ក្រោមរថយន្តតែម្តង ។ ភ្លាមៗនោះ អ្នកបើកឡំប្រឺតានិងអ្នកបើករថយន្តធំបានរត់គេចខ្លួនបាត់ស្រមោល បន្សល់តែរថយន្តនៅនឹងកន្លែង ។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វេីការវាស់វែងយកម៉ូតូរួមទាំងរថយន្តទៅរក្សាទុក ហើយបានប្រគល់សពអោយគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី ៕ អត្ថបទ ៖សុខាសែនជ័យ