លោកផ្កាយ៣ ស ថាវី ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចូលខ្លួន ពាក់ព័ន្ធករណីឆបោកទិញដីជាង១០ហិកតា នៅខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ ៖ មានហេតុ ទើបមានផល ! អ្វីៗកើតឡើងដោយសារ ការមិនទទួលខុសត្រូវសម្រាប់បុគ្គលម្នាក់ៗ ! ខណៈនេះលោកឧត្តមសេនីយ៍ឯក ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យចូលខ្លួន ពាក់ព័ន្ធករណីឆបោកទិញដីជាង១០ហិកតា នៅខណ្ឌព្រែកព្នៅ ។
សូមបញ្ជាក់ថា ៖ លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចូលខ្លួនទៅតុលាការ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីឆបោកទិញដីជាង១០ហិកតា នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
ក្នុងដីកាបង្គាប់ឲ្យចូលខ្លួនដែលចេញដោយលោក កូយ សៅ បានបញ្ជាក់ថា លោក ស ថាវី បានទទួលប្រាក់ពីគេចំនួន២០ម៉ឺនដុល្លារ នៅអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ក្នុងអំពើឆបោកតាមរយៈការទិញ លក់ដីជាង១០ហិកតា ដែលមានទីតាំងស្ថិតនៅភូមិសំរោង ភូមិសំរោងជើង ភូមិសំរោងត្បូង និងភូមិសំរោងកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដែលជននេះអះអាងថាដីនោះជាកម្មសិទ្ធិរបស់ខ្លួនបានពីការ ប្រមូលទិញពីប្រជាពលរដ្ឋ។
ដីកាដដែលនោះ បានកំហិតថា ក្នុងករណីនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បុគ្គលឈ្មោះ ស ថាវី មិនចូលខ្លួនទៅកាន់តុលាការទេនោះ ចៅក្រមស៉ើបសួរ នឹងចេញដីកាបង្គាប់ឲ្យនាំខ្លួនតែម្ដង។
សូមរំលឹកថា លោក ស ថាវី ជាមន្រ្តីយោធាជាន់ខ្ពស់ម្នាក់ដែលធ្លាប់មានឈ្មោះនៅក្នុងបញ្ជីរបស់តុលាការ ហើយក៏ធ្លាប់ត្រូវបានតុលាការកោះហៅផងដែរនាពេលកន្លងទៅ ដោយបុគ្គលនេះបានប្រព្រឹត្ត និងឃុបឃិតគ្នាជាមួយបក្ខពួកពាក់ព័ន្ធករណីឆបោករឿងដីធ្លីនេះ។ ក្នុងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា, លោក ស ថាវី ក៏ត្រូវបានសាលាដំបូងខេត្តសៀមរាប កោះហៅទៅសួរនាំផងដែរ កាលពីឆ្នាំ២០២៤។
ដោយឡែកនៅឆ្នាំ២០២០ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងបក្ខពួកមួយចំនួនទៀត ពាក់ព័ន្ធនឹងការលួចលក់ដីមិនមែនជារបស់ខ្លួន នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
កាលពីពេលនោះ តំណាងអយ្យការបានចោទប្រកាន់លោក ស ថាវី ពីបទ «ផ្តើមគំនិតក្នុងអំពើលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន»។
នេះជាសមត្ថកិច្ចរបស់តុលាការ ! យើងមិនអាចនិយាយបានថា អ្នកណាខុស អ្នកណាត្រូវបានទេ មានតែតុលាការទេមានឆន្ទានុសិទ្ធិ ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print