ចំពោះមុខនេះ ខ្ញុំក៏ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងភូមិដែលកំពុងតែរស់នៅជួបជុំគ្រួសារ ផ្ទះសម្បែងបងប្អូន យ៉ាងសប្បាយរីករាយក៏ប្រែប្រួលយ៉ាងលឿនត្រឹមតែមួយរយៈពេលដ៏ខ្លី ទៅជាមនុស្សគ្មានលំនៅដ្ឋានច្បាស់លាស់ចាកចោលស្រែចម្ការរសាត់អណ្ដែតទាំងយប់អធ្រាតគួរឲ្យអាសូរ។ នេះក៏ព្រោះតែបុព្វហេតុនៃសង្គ្រាមដែលកើតចេញពីការចង់បាននូវអំណាចបំភ្លេចបំផ្លាញតែជាតិឯង គ្មានក្រែងរអែងចិត្តអាណិតដល់ជីវិតរស់នៅរបស់មនុស្សស្លូតត្រង់បន្តិចឡើយ។
រដូវរំហើយអាកាសធាតុនាពេលយប់កាន់តែត្រជាក់ ខ្ញុំរងាញាក់ដូចកូនចាបត្រូវទឹកភ្លៀងអ៊ីចឹង។ ក្លិនស្រូវស្រាលទុំប្រហើរចេញពីក្បែរៗដងផ្លូវមិនដាច់ យើងធ្វើដំណើរឆ្លងពីភូមិក្រសាំងកាត់តាមខាងជើងភូមិឈូកបន្តទៅភូមិខ្នារ ភូមិគោកស្ពាន និងភូមិព្រះនគររួចឆ្ពោះទៅទីរួមស្រុចុងកាល់។ ខ្យល់បក់បោកនារាត្រីនេះមិនដាច់ឡើយ។ សំឡេងឆ្កែលូល្វើយៗ ព្រោះវង្វេងបាត់ម្ចាស់លាន់សូរគ្រលួចពីក្នុងព្រៃខាងក្រោយហ្វូងមនុស្សដែលកំពុងតែធ្វើដំណើរ។ ទាំងអស់នេះកាន់តែធ្វើឲ្យជិតខ្ញុំក្តុកក្តួលជាពន់ពេកគោដើរបណ្តើរ ស៊ីស្មៅបណ្តើរ តែយើងមិនឈប់បង្អង់ឡើយ។ នៅទីបំផុតខ្ញុំនឹងប្រជាជនជាច្រើននាក់បានមកដល់ស្រុកចុងកាល់ បន្ទាប់ពីធ្វើដំណើរពេញមួយយប់ទល់ភ្លឺ។
រាល់ថ្ងៃ ពេលព្រឹកព្រលឹមថ្មើរនេះឪពុករបស់ខ្ញុំតែងតែទៅច្រូតស្រូវស្រាលខាងត្បូងភូមិក្រសាំងជាមួយនឹងអ្នកភូមិដែលពួកគាត់យកដៃគ្នាច្រូតម្នាក់ម្ដង ប៉ុន្តែគ្រានេះបែរជាមកតាំងទីរស់នៅក្នុងវត្តស្ថិតនៅស្រុកចុងកាល់ទៅវិញ។ ស្រូវទាំងអស់ត្រូវទុកចោលទាំងស្រុង។ នៅក្នុងភូមិក្រសាំងជីវភាពជាអ្នកស្រែចម្ការគ្មានអ្វីសប្បាយចិត្តជាងការប្រមូលផលស្រូវដែលកំពុងតែទំពាសពេញវាលស្រែនោះឡើយ។ ខ្ញុំធ្លាប់តែងើបពីព្រឹកព្រលឹមស្រាងៗ ដាំបាយជំនួសដៃជើងឪពុកម្ដាយខ្លះដើម្បីវេចខ្ចប់ជូនពួកគាត់ចេញដំណើរទៅច្រូតស្រូវ ប៉ុន្តែពេលនេះខ្ញុំមកអង្គុយសំកុកនៅលើរទេះគោមិនអាចចេញទៅណាឡើយ។ ខ្ញុំនៅតែមិនអស់ចិត្តចំពោះសកម្មភាពនៃការជម្លៀសនេះ។ អារម្មណ៍របស់ខ្ញុំនៅវិលវល់មិនដាច់ស្រេចឡើយ។ វាហាក់ដូចជាការយល់សប្តិក្នុងរាត្រីមួយអ៊ីចឹង។ ខ្ញុំក្រឡេកភ្នែកទៅកន្លែងណា ក៏ឃើញតែរទេះដឹកឥវ៉ាន់ និងមនុស្សម្នាឈប់ត្រៀបត្រាក្នុងវត្តអារាមដែរ។ ម្នាក់ៗខ្វល់ខ្វាយក្នុងចិត្តដោះស្រាយមិនចេញឡើយ។ ស្បៀងដែលពួកយើងមានក៏មិនច្រើនទៀតព្រោះយើងរំពឹងគិតថាបានហូបអង្ករត្រូវថ្មីដែលនឹងប្រមូលផលជាបណ្ដើរៗតាមរបៀបអ្នកស្រុកស្រែចម្ការនៅទីជនបទ។
ខ្ញុំសម្រាកនៅស្រុកចុងកាល់បានមួយយប់ ហើយត្រូវប្រធានក្រុមចល័តជម្លៀសឲ្យទៅនៅភូមិត្រុំស្ថិតនៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ជាបន្តទៀតជាមួយនឹងក្មេងៗក្នុងភូមិដែលមានអាយុត្របាលខ្ញុំដែរ។ ការដកទៅលើកនេះគឺខ្ញុំនៅតែម្នាក់ឯងទេ។ ចំណែកឯក្រុមគ្រួសាររបស់ខ្ញុំអង្គការបានទុកឲ្យធ្វើដំណើរមួយផ្នែកតាមពីក្រោយឆ្ពោះទៅភូមិត្រឹមស្រុកស្រីស្នំ ខេត្តសៀមរាប ដូចគ្នាដែរ។ លើកនេះអង្គការបានបំបែកគ្នាដោយយកក្មេងៗឲ្យធ្វើដំណើរផ្សេងៗ ឯសមាជិកក្រុមគ្រួសារធ្វើដំណើរជាមួយក្រុមផ្សេង។ ឪពុករបស់ខ្ញុំបានហុចបង្វេចក្រមាមួយឲ្យខ្ញុំ ហើយគាត់បានផ្ដែផ្ដាំខ្ញុំថា កូនយកបង្វេចនេះទៅតាមខ្លួនចុះទុកគ្រាន់ប្រើការក្នុងគ្រាមានអាសន្នណាមួយ ហើយកូនកុំចោលវាឲ្យសោះ ព្រោះតទៅវាជាជីវិតរបស់កូនហើយ។ ខ្ញុំឈោងយកបង្វេចនោះមកឱបជាប់នឹងដើមទ្រូងរបស់ខ្ញុំដោយសេចក្តីរំភើប និងស្រណោះពន់ពេក។ ខ្ញុំលុតជង្គង់ស្រក់ទឹកភ្នែកឱនក្បាលសំពះលាឪពុកអមដោយអំណរគុណដល់អ្នកមានគុណរបស់ខ្ញុំ។ ស្របគ្នានោះប្រធានក្រុមកងចល័ត និងហ្វូងក្មេងៗមួយក្រុមបានមកដល់ល្មម។ គាត់បានបណ្ដើរពួកខ្ញុំចេញទៅ ដែលមានក្មេងៗប្រមាណជាង ៣០ នាក់ដើម្បីរង់ចាំឡើងជិះរថយន្តដឹកខ្សាច់សម្រាប់យកទៅកសាងពីភូមិគោកស្រម៉យកទៅស្រុកក្រឡាញ់។ មួយសន្ទុះធំ រថយន្តបីគ្រឿងបានមកដល់។ ពួកខ្ញុំត្រូវបំបែកគ្នាជាបីក្រុមឡើងជិះរថយន្តនោះ។ រថយន្តនាំមុខបានមកដល់ស្ពានអូរជីកដែលជាស្ពានស្ថិតក្នុងព្រំប្រទល់ខេត្តទាំងពីរ គឺខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។
សំឡេងផ្ទុះលាន់ឮរញ្ជួយព្រះធរណីក្បែរគល់ស្ពានបែកផ្សែងខ្មួលខ្មាញ់ហុយទ្រលោមនៅលើអាកាស។ ខ្សាច់ស្រោចក្បាលកប់ខ្លួនរបស់ខ្ញុំស្ទើរឬមិនរួច។ ឡានឈប់ង៉ក់មិនអាចធ្វើដំណើរទៅមុខមួយរំពេច។ សំឡេងស្រែកយំបន្លឺឡើងដូចជាកូនចាបបែកសំបុក។ ដីចូលភ្នែករបស់ខ្ញុំរកមើលអ្វីមិនឃើញទេ។ ដៃរបស់ខ្ញុំអោបបងវិញជាប់ ឯដៃម្ខាងទៀតរាវរកមិត្តភក្កិដែលជិះជុំគ្នានៅលើពំនូកខ្សាច់នោះ ដោយប្រវេរប្រវាគ្រប់ចំនួន។ អរគុណបុណ្យព្រះធរណី!លោកពិតជាជួយដល់ជីវិតស្លូតត្រង់វ័យក្មេងខ្ចីរបស់ក្មេងៗទាំងនេះណាស់។ អ្នកហាក់ដូចជាដឹងថា ក្មេងៗទាំងអស់ គឺកម្លាំងរបស់ជាតិដ៏រឹងមាំដើម្បីបន្តវេនដែលត្រូវតែរស់មើលថែរក្សាការពារប្រទេសមួយនេះឲ្យរួចផុតចាកទុក្ខពីរបបដកខ្មៅងងឹតមួយនេះ។
បង្វិចក្រមារបស់ខ្ញុំរហែកអស់ ខ្ញុំលុតជង្គង់លើកដៃប្រណម្យនឹកដល់គុណបុណ្យឪពុកម្ដាយដែលជាព្រះដ៏មានអានុភាពថ្លៃថ្លាបំផុតជួយការពារជីវិតរបស់ខ្ញុំក្នុងគ្រាមានអាសន្ននេះ។ ខ្ញុំបោសដីចេញពីបង្វេច និងបើកមើលតាមស្នាមបង្វេចដែលរហែកដោយទឹកភ្នែកសស្រាក់។ ខ្ញុំឃើញច្បាស់និងភ្នែកថានៅក្នុងបង្វេចគឺជាកូនផ្តិលតូចមួយក្រាស់។ កូនផ្តិលនោះមានស្នាមអំបែងគ្រាប់បុកចំ ប៉ុន្តែមិនធ្លុះ។
ឱផ្តិលជីវិតខ្ញុំអើយ។អ្នកបានជួយខ្ញុំឲ្យរួចផុតពីសេចក្តីស្លាប់និងមានជីវិតរស់នៅបានចាកចេញគេចពីគ្រោះកាចដ៏ចង្រៃនេះហើយ។ ប្រសិនជាគ្មានអ្នកទេ ម៉្លេះសម័យរបស់ខ្ញុំ និងធ្លុះធ្លាយដោយសារលោហៈផ្ទុះនេះហើយ។
តៃកុងឡាន និងក្រុមការងាររបស់គាត់ដែលជិះនៅខាងមុខត្រូវគ្រាបស្លាប់ទាំងអស់។ ប្រធានក្រុមចល័តរត់មករកពួកខ្ញុំដោយឃើញថា ពួកខ្ញុំគ្មានបញ្ហាគាត់ឲ្យពួកខ្ញុំប្រញាប់ឡើងរថយន្តនៅពីក្រោយពីរគ្រឿងទៀតដែលគ្មានបញ្ហានោះដើម្បីចេញដំណើរទៅមុខបន្ត។ ខ្ញុំចាប់បង្វិចរហែករបស់ខ្ញុំឡើងជិះរថយន្តម្ដងទៀត។(នៅមានត)