ហេតុអី ! ខ្មែរយើងបានឈ្នះក្ដីថៃនៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ (ICJ) ជាមួយថៃ ?

ចែករំលែក៖

ភ្នំពេញ ៖ ហេតុអី ! ខ្មែរយើងបានឈ្នះក្ដីថៃនៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ (ICJ) ជាមួយថៃ ? នេះជាចំណុច១ដ៏តូចក្នុងនីតិវិធី អន្តរជាតិ ដែលកម្ពុជា យកច្បាប់ជាធំ មូលដ្ឋានក្នុងអង្គហេតុ ប្រកបដោយភាពទន់ភ្លន់ តែមិនទន់ជ្រាយ ក្នុងសម័យ«តេជោ» !!!

ខាងក្រោមនេះជាការលើកឡើងក្រៅផ្លូវការទេ តែយើងអាច ធ្វើការវិភាគ សន្និដ្ឋានបាន គ្រប់ជ្រុង នៃសីលធម៌កម្ពុជាបាន ! បើយើងសួរខ្មែរជារួមថា តើគាត់ដឹងថាខ្មែរយើងបានឈ្នះក្ដីថៃនៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ (ICJ) រួចទទួលបានប្រាសាទព្រះវិហារនៅឆ្នាំ១៩៦២ ដែរឬទេ? ខ្មែរភាគច្រើនប្រាកដជានឹងឆ្លើយថាដឹង! តែបើយើងសួរគាត់ថា ហេតុអ្វីទើបខ្មែរយើងឈ្នះក្ដីថៃ? ខ្មែរតិចណាស់ដែលដឹងមូលហេតុនៃការឈ្នះនេះ។ ឬតាមទំនោរអារម្មណ៍ខ្មែរ គាត់នឹងឆ្លើយថា ប្រាសាទព្រះវិហារជារបស់ខ្មែរ បុព្វបុរសខ្មែរជាអ្នកកសាង ថៃមិនមែនជាអ្នកកសាងទេ ដូច្នេះខ្មែរត្រូវតែឈ្នះក្ដីចឹងហើយ។ តែតាមការពិត ការឈ្នះក្ដីរបស់ខ្មែរមិនមែនផ្អែកលើដូនតាខ្មែរជាអ្នកកសាងទេ គឺផ្អែកលើភស្ដុតាងស្របតាមច្បាប់អន្តរជាតិសុទ្ធសាធ។

តែមុននឹងឆ្លើយសំនួរថាមូលហេតុអ្វីទើបខ្មែរឈ្នះក្ដីថៃ ដំបូងឡើយគេត្រូវតែដឹងពីមូលហេតុដែលឈ្លោះគ្នាសិន។ ក្នុងរឿងក្ដីនេះ ថៃមិនមែនគ្មានមូលដ្ឋានផ្លូវច្បាប់នោះទេ គឺគេមានរបស់គេ តែត្រង់ថា មូលដ្ឋាននោះរឹងមាំ ឬអត់ យើងនឹងរៀបរាប់ដូចខាងក្រោម៖

នៅឆ្នាំ១៨៦៣ ព្រះបាទនរោត្តមបានចុះហត្ថលេខាព្រមទទួលយកប្រូតិកតូរ៉ា (Protectorat) ឬអាណាព្យាបាលរបស់បារាំង តែអំឡុងពេលនោះ ទ្រង់ក៏បានចុះកិច្ចព្រមព្រៀងសម្ងាត់មួយទៀតជាមួយសៀមដោយទទួលយកសៀមជាអាណាព្យាបាលដូចគ្នា។ ដូច្នេះ ក្រោយបារាំងដឹងរឿងនេះ បារាំងក៏ត្រូវចុះសន្ធិសញ្ញាឆ្នាំ១៨៦៧ជាមួយសៀមមួយទៀតដើម្បីផ្ដាច់ចំណងរវាងសៀម និងខ្មែរ តែជាថ្នូរ បារាំងត្រូវទទួលស្គាល់ទឹកដីបាត់ដំបង និងសៀមរាបថាជារបស់សៀម។ តែជាង ៣០ឆ្នាំក្រោយមក គឺនៅឆ្នាំ១៨៩៣ សង្គ្រាមរវាងបារាំង-សៀម (Franco-Siamese War) ក៏ផ្ទុះឡើង ហើយបារាំងជាអ្នកឈ្នះ ដែលជាមូលហេតុបារាំងអាចសង្កត់សៀមយកទឹកដីខ្មែរ និងឡាវមកដាក់ក្រោមខ្លួនវិញ។ ការចរចាគ្នារវាងបារាំង និងសៀមអស់រយៈពេលជាង ១០ឆ្នាំដោយកិច្ចព្រមព្រៀងខ្លះបានទទួលសច្ចាប័ន (ratification) តែខ្លះក៏មិនបានទទួលនោះទេ។ ក្នុងចំណោមកិច្ចព្រមព្រៀងទាំងនេះ សន្ធិសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ មានសារៈសំខាន់សម្រាប់ព្រំដែនកម្ពុជា-ថៃ។

នៅក្នុងសន្ធិសញ្ញាឆ្នាំ១៩០៤ មានជាពាក្យពេចន៍កំណត់ថា ព្រំដែនកម្ពុជា និងថៃ គឺយកខ្សែចែកទឹក (watershed) ជាគោលការណ៍បែងចែកព្រំប្រទល់។ តែសន្ធិសញ្ញាមួយនេះគ្មានផែនទីភ្ជាប់មកជាមួយទេ។ (បើផ្អែកលើគោលការណ៍នេះ គឺប្រាសាទព្រះវិហារស្ថិតក្នុងដីខាងថៃ។ ប្រិយមិត្តអាចប្រើ Google Earth ដើម្បីមើលបាន)។ តែក្រោយសន្ធិសញ្ញាឆ្នាំ១៩០៤នេះ បារាំង និងសៀមក៏នៅតែជួបជជែកដើម្បីដោះដូរគ្នាបន្តទៀតរហូតដល់ឆ្នាំ១៩០៧ សៀម និងបារាំងក៏ព្រមព្រៀងគ្នាថា សៀមព្រមប្រគល់ទឹកដីបាត់ដំបង និងសៀមរាបមកអោយខ្មែរដើម្បីជាថ្នូរអោយបារាំងព្រមដកទ័ពចេញពីបន្ទាយក្នុងទឹកដីសៀម ដែលបារាំងបានដាក់ទ័ពនេះអោយឈរជើងនៅទីនោះតាំងពីឈ្នះសង្គ្រាមឆ្នាំ១៨៩៣មកម្ល៉េះ។

អមជាមួយសន្ធិសញ្ញាឆ្នាំ១៩០៧នេះ គឺបារាំង និងសៀមបានបង្កើតគណៈកម្មការចម្រុះ (Mixed Commission) ដើម្បីចុះស្រាវជ្រាវកំណត់ទីតាំងបោះបង្គោលព្រំដែន។ ដោយសារសៀមខ្វះអ្នកបច្ចេកទេស សៀមពុំបានបញ្ជូនមន្ត្រីមកទេ ហើយគណៈកម្មការដែលដឹកនាំដោយទាហានបារាំង គឺលោកវរសេនីយ៍ឯក (សក្តិ ៥) ហ្វ៊ែណង់ ប៊ែណាត (Colonel Fernand Bernard) ក៏បានចុះទៅធ្វើការស្រាវជ្រាវដើម្បីកំណត់ព្រំដែន។ ក្នុងកិច្ចការនេះ គណៈកម្មការបារាំងក៏បានគូសផែនទីព្រំដែនខ្មែរ-សៀម(ថៃ)ចំនួន ១១ផ្ទាំង ដែលក្នុងចំណោមនោះ នៅត្រង់ប្រាសាទព្រះវិហារ បារាំងបានគូសផែនទីឧបសម្ព័ន្ធទី១ (Annex Map 1) សម្រាប់អមសន្ធិសញ្ញាឆ្នាំ១៩០៧ ដោយដាក់ប្រាសាទព្រះវិហារអោយស្ថិតក្នុងដីខាងខ្មែរ។ (ប្រិយមិត្តគួរចងចាំឈ្មោះផែនទីនេះ ព្រោះវាជាផែនទីល្បីល្បាញក្នុងរឿងក្ដីក្ដាំព្រំដែនខ្មែរ-ថៃ)។ មួយឆ្នាំក្រោយមក គឺនៅឆ្នាំ១៩០៨ បារាំងបានបោះពុម្ពផែនទីទាំង ១១ផ្ទាំងនេះ រួចប្រគល់អោយថៃចំនួន ៥០ច្បាប់។ នៅពេលនោះ ព្រះអង្គម្ចាស់ដាំរុង រ៉ាឆានុផាប (ดำรงราชานุภาพ / Damrong Rajanubhab) ជាប្អូនប្រុសរបស់ស្ដេចថៃ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ថៃនោះ បានអរគុណបារាំង រួចស្នើសុំបារាំងនូវផែនទីទាំងនេះចំនួន ១៥ច្បាប់ថែមទៀតដើម្បីចែកជូនទៅកាន់ចៅហ្វាយខេត្តថៃនៅតាមព្រំដែន។

តែកាលនោះ ប្រាសាទព្រះវិហារមិនមានសារៈសំខាន់នៅក្នុងអារម្មណ៍ថៃទេ ហើយមហាជនថៃមិនដែលលឺឈ្មោះប្រាសាទនេះទេ។ ដូចបញ្ញវន្តអន្តរជាតិខ្លះបានពន្យល់ចឹងថា ក្នុងពេលដែលកាលនោះ ថៃសុខចិត្តបោះបង់ទឹកដីសៀមរាបដែលសំបូរប្រាសាទសំខាន់ៗដូចជាអង្គរវត្តដើម្បីអោយបារាំងព្រមដកទ័ព វាគ្មានហេតុផលអ្វីដែលថៃអាចនឹងអាឡោះអាឡៃចំពោះប្រាសាទនៅក្នុងព្រៃដូចជាប្រាសាទព្រះវិហារនោះទេ។ ជាង ២០ឆ្នាំក្រោយមក គឺនៅឆ្នាំ១៩៣០ ព្រះអង្គម្ចាស់ដាំរុង រ៉ាឆានុផាប ដែលជាមនុស្សចូលចិត្តបុរាណវិទ្យាផងនោះ បានទៅមើលប្រាសាទព្រះវិហារដោយមានមន្ត្រីបារាំងជាអ្នកនាំទៅ។ នៅប្រាសាទព្រះវិហារ ទ្រង់ក៏បានថតរូបជាអនុស្សាវរីយ៍ជាមួយបារាំងដោយក្នុងនោះមានជាប់រូបទង់ជាតិបារាំងផងដែរ តែទ្រង់មិនបាននិយាយអ្វីទាំងអស់ចំពោះរឿងនេះ។

មកដល់សម័យលោកភីប៊ុនសុងក្រាម (พิบูลสงคราม / Phibunsongkhram) (ធ្វើនាយករដ្ឋមន្ត្រី ១៩៣៨-១៩៤៤; ១៩៤៨-១៩៥៧) ដើម្បីទាក់ទាញអារម្មណ៍ជាតិនិយមរបស់ជនជាតិថៃក្នុងបំណងពង្រីកទឹកដី រដ្ឋាភិបាលថៃរបស់លោកក៏ចាប់ផ្ដើមលើកតម្កើងប្រាសាទព្រះវិហារ ហើយចាប់ពីពេលនោះមក ប្រាសាទព្រះវិហារក៏បានដក់ជាប់ក្នុងអារម្មណ៍មហាជនថៃ។ ពេលបារាំងធ្លាក់ដៃក្នុងសង្គ្រាមលោកលើកទី២ ហើយថៃមានជប៉ុនជាខ្នងបង្អែកនោះ ថៃក៏បានវាយបារាំងយកទឹកដីខ្មែរដោយក្ដាប់ទាំងប្រាសាទព្រះវិហារ ខេត្តបាត់ដំបង និងខេត្តសៀមរាបមួយកំណាត់។ ពេលជប៉ុនចុះចាញ់ បារាំងក៏សង្កត់ថៃយកទឹកដីមកវិញ។ ថៃក៏មានភាពអាម៉ាស់ និងឈឺផ្សា ព្រោះរបូតទឹកដីដែលខ្លួនបានច្បាមយក។

ពេលបារាំងត្រូវចាកចេញ ហើយខ្មែរត្រូវបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ ថៃគិតថាខ្មែរអស់ខ្នងបង្អែក ហើយថៃក៏លើកទ័ពចូលមកកាន់កាប់ប្រាសាទព្រះវិហារភ្លាមៗម្ដងទៀត។ ខ្មែររើបំរះ រួចប្រឆាំងនឹងទង្វើរបស់ថៃ។ ការចរចារបស់ខ្មែរ និងថៃក៏មិនបានផល ហើយនៅឆ្នាំ១៩៥៩ ខ្មែរក៏ប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice, ICJ) ជាផ្លូវការ។ នៅក្នុងសវនាការ ថៃប្រកាន់ខ្ជាប់នូវគោលការណ៍ខ្សែបែងចែកទឹក (watershed) សម្រាប់កំណត់ព្រំដែនខ្មែរ-ថៃ ព្រោះវាបង្ហាញថាប្រាសាទព្រះវិហារស្ថិតនៅលើដីខាងថៃ ហើយថៃចោទថា ផែនទីឧបសម្ព័ន្ធទី១នោះ គឺបារាំងជាអ្នកធ្វើតែម្នាក់ឯងដោយថៃពុំបានដឹងទេ។ ចំណែកឯខាងខ្មែរវិញ គឺខ្មែរប្រកាន់ខ្ជាប់នូវផែនទីឧបសម្ព័ន្ធទី១នេះ ព្រោះវាបង្ហាញថា ប្រាសាទព្រះវិហារស្ថិតនៅលើដីខាងខ្មែរ។ ចំណែកតុលាការយុត្តិធម៌អន្តរជាតិវិញយល់ឃើញថា ក្រោយបារាំងបានប្រគល់ផែនទីទាំងនេះទៅអោយថៃ ថៃមិនដែលបានជំទាស់នោះទេ ហើយថៃថែមទាំងបានបោះពុម្ពផ្សព្វផ្សាយទៀតផង។ តុលាការបានពន្យល់ទៀតថា ព្រះអង្គម្ចាស់ដាំរុងរ៉ាឆានុផាបបានទៅមើលប្រាសាទព្រះវិហារ ដែលរូបភាពមានជាប់ទង់ជាតិបារាំង ហើយទ្រង់មិនបានជំទាស់ទេ ដែលមានន័យថា ទ្រង់បានទទួលស្គាល់អធិបតេយ្យភាពរបស់បារាំងលើប្រាសាទនេះ។ (ជាគោលការណ៍នៃច្បាប់អន្តរជាតិ អធិបតេយ្យភាពបារាំងនេះត្រូវផ្ទេរមកខ្មែរពេលខ្មែរបានឯករាជ្យពីបារាំង)។ ជាសរុបមក តុលាការយល់ឃើញថា ថៃពិតជាបានទទួលស្គាល់ផែនទីនេះ ហើយចុងក្រោយ ចៅក្រមក៏បានបោះឆ្នោតក្នុងសម្លេង ៩ ទល់នឹង ៣ ដោយទទួលយកផែនទីឧបសម្ព័ន្ធទី១នោះទុកជាបានការ ហើយតុលាការក៏ប្រគល់ប្រាសាទព្រះវិហារមកអោយខ្មែរ។ តុលាការក៏តម្រូវអោយថៃដកទ័ព និងតម្រូវអោយថៃប្រគល់មកអោយខ្មែរវិញនូវរាល់វត្ថុបុរាណទាំងឡាយដែលថៃបានយកចេញពីប្រាសាទនេះ។ ពេលនោះ ថៃត្រូវអាម៉ាស់ ហើយឈឺផ្សាសារជាថ្មីម្ដងទៀតដោយត្រូវរបូតទឹកដីដែលខ្លួនបានច្បាមយក។ សម្រាប់អ្នកជំនាញច្បាប់ព្រំដែនអន្តរជាតិ ការកាត់ក្ដីនេះ គឺជាករណីដ៏គួរអោយចាប់អារម្មណ៍ ព្រោះវាបានបង្ហាញអំពីអំណាចរបស់ផែនទី (the power of maps) ដែលសង្កត់លើពាក្យសម្ដីជាគោលការណ៍ (watershed)។ ហើយបើគ្មានផែនទីនេះទេ ប្រាកដណាស់គឺតុលាការនឹងកាត់ក្ដីអោយថៃឈ្នះ ហើយនឹងប្រគល់ប្រាសាទព្រះវិហារអោយទៅថៃ។ ត្រឡប់ទៅកាន់សំណួរពីខាងដើមអត្ថបទវិញ ចម្លើយរបស់វា គឺខ្មែរឈ្នះក្ដីថៃរួចទទួលបានប្រាសាទព្រះវិហារដោយសារផែនទី ដែលច្បាប់អន្តរជាតិទទួលស្គាល់ ។ អានហើយពិចារណាដោយឆន្ទៈជាតិ ដោយគ្មានចងគំនុំជាមួយជាតិសាសន៍ សំខាន់ប្រើបេះដូងរាប់ញាតិជិតខាងល្អ «ណា»

...

ប្រភព ៖ អាសុីអាគ្នេហ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print