កម្ពុជាស្នើបង្កើតគំនិតផ្តួចផ្តើមច្រករបៀងនវានុវត្តន៍មេគង្គ-ឡានឆាង

ចែករំលែក៖

ខេត្តស៊ីឈួន សាធារណរដ្ឋប្រជាមានិតចិន ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើបង្កើតគំនិតផ្តួចផ្តើមថ្នាក់តំបន់សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ ដោយរំលេចគំនិតផ្តួចផ្តើម “ច្រករបៀងនវានុវត្តន៍មេគង្គ-ឡានឆាង ដើម្បីប្រែក្លាយតំបន់អាស៊ីអាគ្នេយ៍ទៅជាមជ្ឈមណ្ឌលសម្រាប់ការផ្ទេរបច្ចេកវិទ្យា និងអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យា ។ សំណើធ្វើឡើងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃសន្និសីទខ្សែក្រវាត់ និងផ្លូវ លើកទី២ ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលប្រព្រឹត្តទៅខេត្តស៊ីឈួន សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។

លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃនវានុវត្តន៍ប្រកបដោយក្រមសីលធម៌ និងបរិយាបន្ន ដោយបានលើកឡើងថា «សម្រាប់កម្ពុជា កិច្ចសហប្រតិបត្តិការនេះគឺជាការបោះជំហានដ៏សំខាន់ សម្រាប់ការធ្វើទំនើបកម្មឧស្សាហកម្ម ការអភិវឌ្ឍជំនាញ និងការបង្កើតអនាគតដ៏រឹងមាំមួយ»។
លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យបង្កើតគំនិតផ្តួចផ្តើមពីរទៀត គឺធនធានឌីជីថលរួមខ្សែក្រវាត់និងផ្លូវ ដើម្បីផ្តល់លទ្ធភាពសម្រាប់ការចូលប្រើប្រាស់ទិន្នន័យ ឧបករណ៍ និងមូលនិធិ ព្រមទាំង ក្របខ័ណ្ឌអភិបាលកិច្ចបច្ចេកវិទ្យាប្រកបដោយបរិយាបន្ន ដើម្បីធានាថាអត្ថប្រយោជន៍នៃបច្ចេកវិទ្យាត្រូវបានចែករំលែកដោយសមធម៌ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
លោកបានថ្លែងថា «ការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យបច្ចេកវិទ្យារបស់ចិនមិនមែនសម្រាប់តែបម្រើប្រយោជន៍ប្រទេសចិនទេ ប៉ុន្តែក៏បាននិងកំពុងផ្តល់វិបុលភាពជាសកល។ កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីចូលរួមកសាងវិបុលភាពនេះសម្រាប់អនាគត»៕

...

ប្រភព ៖ «CCFR China state-controlled media »

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print