កីឡាករKevin de Bruyne បានសម្រេចជោគជ័យក្នុងការផ្លាស់ទៅ ក្លឹបNapoliដែលជាម្ចាស់ជើងឯកអ៊ីតាលីSerie A បន្ទាប់ពីខ្សែបម្រើសញ្ជាតិបែលហ្ស៊ិកចាកចេញពីក្រុម Manchester City នៅអង់គ្លេស Premier League ។
De Bruyne នឹងមកលេងក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការ Chelsea និង Tottenham លោក Antonio Conte ដែលជាគ្រូបង្វឹកក្រុមជើងឯកអ៊ីតាលី។
ក្នុងការផ្លាស់ប្តូរទៅកាន់ប្រទេសអ៊ីតាលីដោយមិនគិតថ្លៃផ្ទេរ De Bruyne បានច្រានចោលការផ្តល់ជូនពីក្លឹប Major League Soccer Chicago Fire ហើយការផ្លាស់ប្តូរនេះមានន័យថាគាត់អាចលេងនៅ Champions League នៅរដូវកាលក្រោយ។
គាត់បានចាកចេញពីក្លឹប Manchester City បន្ទាប់ពីលេង 10 ឆ្នាំនៅក្លឹបដោយឈ្នះពានរង្វាន់ធំចំនួន 19 ក្រោយចាកចេញពី Wolfsburg ក្នុង 2015 ។
អ្វីដែលគួរកត់សម្គាល់De Bruyne បានជួយ Man City ឱ្យឈ្នះជើងឯក Premier League 6 ដង, League Cups 5 ដង និង FA Cups 2 ដង បូករួមទាំងពានរង្វាន់ Champions League ជាលើកដំបូងរបស់ពួកគេក្នុងឆ្នាំ 2023 ដោយពេលនោះពួកគេឈ្នះពានបីក្នុងមួយរដូវកាលក្រោមការដឹកនាំរបស់លោក Pep Guardiola ។