ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅប្រទេសចិនភាគខាងត្បូង ដឹកនាំដោយ លោកបណ្ឌិត Harley Seyedin ជាប្រធានសម្ព័ន្ធ First Washington Group, ប្រធានក្រុមហ៊ុន Allelon Energy Partners និងជាប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅប្រទេសចិនភាគខាងត្បូង បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ម្សិលមិញនេះ។
កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងស្របតាមការស្នើសុំរបស់ប្រតិភូសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅប្រទេសចិនភាគខាងត្បូង ដែលបានមើលឃើញអំពីឱកាស និងសក្ដានុពលវិនិយោគ លើវិស័យសំខាន់ៗនៅកម្ពុជា។
ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍ចំពោះបេសកកម្មរបស់ប្រតិភូនាឱកាសនេះ និងបានជម្រាបជូនអំពីទិសដៅការងាររបស់ក.អ.ក. លើការគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ហើយបច្ចុប្បន្នបាននិងកំពុងបន្តជំរុញការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ តាមរយៈការធ្វើឌីជីថលូបនីយកម្មក្នុងការផ្តល់សេវាសាធារណៈ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបានគូសបញ្ជាក់បច្ចុប្បន្នភាពសំខាន់ៗ និងមូលដ្ឋានព័ត៌មានពិតអំពីសុខសន្តិភាព ស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច ជំហររបស់រដ្ឋាភិបាលលើការគាំទ្រភាពរីកចម្រើនរបស់វិស័យឯកជន ភាពប្រទាក់ក្រឡានៃហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ កម្លាំងពលកម្មវ័យក្មេង និងមានច្បាប់វិនិយោគសម្រួលដល់ការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
បន្ទាប់ពីបានស្តាប់ប្រសាសន៍យ៉ាងក្បោះក្បាយរបស់ លោកឧបនាយករដ្ឋមន្ត្រី លោកបណ្ឌិតប្រធានប្រតិភូ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា លើការរក្សាថែទាំ និងផ្ដល់ទំនុកចិត្តដល់វិនិយោគិន។
ជាមួយគ្នានេះ លោកបណ្ឌិតក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មមាញឹកផ្តល់ឱកាសឱ្យប្រតិភូចូលជួបសម្តែងការគួរសម និងផ្ដល់អនុសាសន៍ណែនាំបន្ថែមទៀតសម្រាប់ការវិនិយោគនៅកម្ពុជា៕ដោយ៖តារា