ក្រុមគ្រួសារសពជនរងគ្រោះបាត់បង់ជីវិត៤នាក់ដោយគ្រោះអគ្គីភ័យ នៅខណ្ឌពោធិ៍សែនជ័យ ទទួលអំណោយមនុស្សធម៌ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖សាខាកាកបាទក្រហមកម្ពុជា៖ នាយប់ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានចាត់ឲ្យ លោកស្រី មុំ ចាន់ដានី លេខាធិការសាខា និងលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា នាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពរងគ្រោះបាត់បង់អាយុជីវិតមួយគ្រួសារ ដោយអគ្គីភ័យ កាលពីវេលាម៉ោង ៥ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅផ្ទះជួលមួយកន្លែងក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បច្ចុប្បន្ន សពទាំងអស់ត្រូវបានយកមកដម្កល់ធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ស្ថិតក្នុងភូមិត្រពាំងអំពិល ឃុំប្រស្និប ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។ 

នាឱកាសនោះ សាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា សពជនរងគ្រោះមួយគ្រួសារនេះ មានឪពុកឈ្មោះ ហេង វណ្ណខយ អាយុ៣៨ មុខរបរជាងជួសជុលម៉ាស៉ីនត្រជាក់ ម្តាយឈ្មោះ ប៊ុត ពុធ អាយុ៣២ឆ្នាំ មុខរបរលក់កាហ្វេ កូនស្រីច្បងឈ្មោះ ឃឿង ខយប៊ុតគិរីទេវី អាយុ៧ឆ្នាំ រៀនថ្នាក់ទី២ និងកូនស្រីពៅឈ្មោះ ឃឿង ខយសុវណ្ណម៉ី  អាយុ៨ខែ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំសោកសង្រេងជាទីបំផុតចំពោះមរណៈភាពនេះ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានមានប្រសាសន៍ថា ការមកចូលរួមបុណ្យសពនៅពេលនេះគឺធ្វើឡើងភ្លាមៗបន្ទាប់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលបានព័ត៌មានដល់រន្ធត់ និងសោកសង្រេងនេះ តាមរយៈឯកឧត្តមប្រធានសាខា បានចាត់ឲ្យរូបលោក និងលោកស្រីលេខាធិការ មកចូលរួមបុណ្យផ្ទាល់ ដោយនាំយកគ្រឿងឧបភោគបរិភោគមួយចំនួននិងថវិកាចំនួន ៥ លានរៀល សម្រាប់យកទៅចាត់ចែងធ្វេីបុណ្យតាមប្រពៃណី ព្រមទាំងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព អ្នកទាំង៤ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print