ប្រទេសឥណ្ឌា ៖ បើយោងតាមប្រភព NBC News បានបញ្ជាក់ ច្បាស់ការណ៍ហើយ! បុរសតែម្នាក់គត់ដែលមានជីវិតរស់ក្នុងសោកនាដកម្មធ្លាក់យន្តហោះនៅឥណ្ឌា បកស្រាយទាំងនៅលើគ្រែពេទ្យថា «ខ្លួនមិនបានបើកទ្វារអាសន្នហក់ចេញមកទេ» ខណៈ២៤០នាក់បានស្លាប់ ក្នុងមានជនជាតិអង់គ្លេសពីរនាក់ប្តីប្រពន្ធជាវេជ្ជបណ្ឌិត និងកូន៣នាក់ លាចាកពីក្រុងឡុងដ៏ទាំងសោកសៅបំផុត ជាមួយនឹងជនរងគ្រោះច្រើនជាតិសាសន៍ ។
សូមបញ្ជាក់ថា ៖ ខាងក្រោមនេះជាសម្តីទាំងស្រុង បន្ទាប់ពីមានសតិវិញ រៀបរាប់ពីហេតុការណ៍និងវិធីអាចគេចចេញពីមាត់ជ្រោះមរណៈបាន ទាំងកែវភ្នែកពោរពេញដោយភាពភ័យខ្លាចមិនទាន់បាត់។
លោកថា ៖ «គ្រប់យ៉ាងវាកើតឡើងចំពោះមុខខ្ញុំផ្ទាល់ ហើយខ្ញុំមិនចង់ជឿទេថាអាចមានជីវិតរស់មកបាន។ ពេលនោះ ខ្ញុំគិតថា ប្រហែលជាអាចស្លាប់បាត់ហើយ ប៉ុន្តែនៅពេលបើកភ្នែកឡើងគឺ ខ្ញុំដឹងថា តាមពិតខ្ញុំនៅរស់ទេ។ ខ្ញុំព្យាយាមដោះខ្សែក្រវ៉ាត់ចេញពីកៅអី និងគេចចេញពីកន្លែងកើតហេតុឲ្យបាន។ នារីអូតែសនិងអ្នកដំណើរគ្រប់គ្នា ដេកស្លាប់រដាបនៅនឹងមុខខ្ញុំ។ បន្ទាប់ពីយន្តហោះហោះឡើងត្រឹម ១នាទី ស្រាប់តែមានអារម្មណ៍ថានៅទ្រឹងប្រហែល ៥ទៅ ១០វិនាទី ខ្ញុំគិតថា បែបជាមានរឿងអីកើតឡើងហើយ។ អំឡុងពេលហោះហើរនោះ ភ្លើងបៃតងនិងភ្លើងពណ៌ ស ក៏លេចឡើងពេញហ្នឹង។ ខ្ញុំទទួលអារម្មណ៍ថា ម៉ាសុីនយន្តហោះបង្កើនល្បឿនលឿនវិញហើយ តែវាបែរជាទៅបុកអគារមួយទំហឹងទៅវិញ។ នៅត្រង់កន្លែងដែលខ្ញុំអង្គុយនោះ គឺវានៅផ្ទាល់ដី ចំណែកផ្នែកផ្សេងគឺខ្ញុំអត់ដឹងទេ។ គ្រាន់តែថា អ្វីដែលខ្ញុំដឹង គឺកន្លែងខ្ញុំវានៅដល់ដីបាត់ទៅហើយ។ ខ្ញុំឃើញមានវាលល្ហល្ហេវនៅខាងក្រៅយន្តហោះ ហើយប៉ះចំទ្វារអាសន្នក៏បាក់បែកទៀតនោះ ខ្ញុំក៏ប្រជ្រៀតចេញមកតែម្តង។ រីឯម្ខាងទៀតវិញ គឺវាទល់នឹងជញ្ជាំងអគារ ដូច្នេះមិនមាននរណាម្នាក់អាចគេចចេញមកបានឡើយ។»
Ramesh Viswashkumar ជាជនជាតិអង់គ្លេសដើមកំណើតឥណ្ឌា អាយុ៤០ឆ្នាំ អង្គុយនៅកៅអី 11A ជាប់ច្រកទ្វារអាសន្ន។ អ្នកដំណើរនិងក្រុមការងារអាកាសចរណ៍ចំនួន ២៤០នាក់ស្លាប់អស់ នៅសល់តែគាត់ម្នាក់គត់ដែលនៅរស់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះជាសំណាងមួយក្នុងមួយលានគ្រោះថ្នាក់ និងសូមបន់ស្រន់ឱ្យលោកឆាប់បានជាសះស្បើយ ៕
ប្រភព ៖ (NBC News )