ភ្នំពេញ៖ កម្ដៅកាន់តែកើននៅតាមបណ្ដោយព្រំដែន ក្រោយមេភូមិភាគ២ ថៃ លោក Gen Boonsin Padklang បានប្រកាសចង់ធ្វើសង្គ្រាមជាជាងចរចាជាមួយភាគីកម្ពុជា និងថាថៃមិនទៅតុលាការ ICJ ជាដាច់ខាត ខណៈភាគីកម្ពុជា-ថៃ កំពុងរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ។
លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងនៅលើបណ្ដាញសង្គមផ្លូវការរបស់លោកថា ការត្រៀមនាំយកករណីមុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បន្ទាប់ពីការចរចាដោះស្រាយទ្វេភាគីមិនអាចទៅរួច គឺជាជំហរសន្តិភាពនិយម និងបង្ហាញថាកម្ពុជាគោរពច្បាប់អន្តរជាតិ។
ទោះជាយ៉ាងនេះក្តី យន្តការទ្វេភាគីក៏នៅតែបន្តប្រើប្រាស់ដើម្បីចរចាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ក្រៅពីចំណុចទាំង៤ដែលយើងលើកយកទៅតុលាការយុត្តិធម៌អន្តរជាតិ។ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅរាជធានីភ្នំពេញនាថ្ងៃសៅរ៍នេះគឺជាឧទាហរណ៍ស្រាប់។
នេះសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលស្រឡាញ់សន្តិភាព និងខិតខំប្រើប្រាស់គ្រប់មធ្យោបាយសន្តិវិធីឱ្យអស់លទ្ធភាពក្នុងការដោះស្រាយបញ្ហាដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាដោយអាវុធ។ មានករណីតែមួយគត់ដែលកម្ពុជារក្សាសិទ្ធិប្រើអាវុធគឺករណីដែលមានការឈ្លានពានតែប៉ុណ្ណោះ។
ពេលនេះសាធារណមតិជាតិ និងអន្តរជាតិបានមើលឃើញយ៉ាងច្បាស់ពីជំហររបស់កម្ពុជាដែលស្រឡាញ់សន្តិភាព គោរពច្បាប់អន្តរជាតិ និងស្អប់ខ្ពើមសង្គ្រាម ខណៈដែលភាគីថៃទាត់ចោលយុត្ថាធិការតុលាការយុត្តិធម៌អន្តរជាតិ ហើយមេទ័ពរបស់ខ្លួនថែមទាំងប្រើវោហាសាសន៍សង្គ្រាមទៅវិញ៕ដោយ៖តារា