សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃូ ហាំងមាង ជាសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ យូ ហាំងមាង ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល បច្ចុប្បន្នរស់នៅ ផ្លូវក្រុម១១ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ពាក់ព័ន្ធការឃាត់ខ្លួនជនសង្ស័យខាងលើគឺ សមត្ថកិច្ចជំនាញ បានអនុវត្តតាមវិធានការស្រាវជ្រាវស៊ើប អង្កេតរបស់សមត្ថកិច្ចជំនាញលើបទល្មើសជាក់ស្តែង និងមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យនៅត្រង់ចំណុច ភូមិផ្សារលើ ក្រុងសៀមរាប ខេត្តសៀមរាប រួចបន្តបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បី ធ្វើការសាកសួរ និងបន្តនីតិវិធី។ ដោយយោងតាមចម្លើយសារភាព និងប្រមូលបានភស្តុតាង ជនសង្ស័យពិតជា បានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Hang Meang Khou ប្រព្រឹត្តសកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ មានចរិតញុះញង់ពាក់ព័ន្ធការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនាំឱ្យសាធារណជនមានការយល់ច្រឡំបង្កឱ្យមានការរើសអើង ប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិត្តិយសថ្នាក់ដឹកនាំ។ ជាងនេះថែមទៀត ជនសង្ស័យតែងតែប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយបង្ហោះ ខ្លឹមសារប្រឌិតព័ត៌មានមិនពិតគ្មានមូលដ្ឋានច្បាស់លាស់ជាច្រើនក្នុងគោលដៅទម្លាក់កំហុសដោយទុច្ចរិតមកលើ រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើគឺ សមត្ថកិច្ចអនុវត្តទៅតាមអង្គហេតុ និងអង្គច្បាប់នៃ ការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ឬការគាបសង្កត់ បំភិតបំភ័យសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ និងធ្វើការច្រានចោលចំពោះក្រុមជ្រុលនិយម និងការ ផ្សព្វផ្សាយរបស់សារព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយខុសពីការពិតផ្ទុយពីការអនុវត្តវិធានការច្បាប់ត្រឹមត្រូវ ចំពោះសកម្មភាពជនសង្ស័យខាងលើបានប្រព្រឹត្តបទល្មើសជាក់ស្តែងពិតប្រាកដ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធ

អាស្រ័យដូចបានជម្រាបជូនខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print