ភ្នំពេញ ៖ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sao LyChhing និងគណនីតិកតុក (Tik Tok) ឈ្មោះ JChingCEO សំឡីផ្កា (@ching999) ត្រូវបានប្តឹងទៅប៉េអឹមក្រុង ពីបទ ញុះញង់ឱ្យមានការរើសអើង និង អំពើនៃការប្រកួតប្រជែងមិនស្មោះ ដោយបុគ្គលនោះមានឈ្មោះ សៅ លីឈឹង ។ នេះបើយោងតាមម្ចាស់ម៉ាកផលិតផលមួយ និងជាដេីមបណ្តឹង ដែលបានដាក់ពាក្យទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
តាមរយ:ពាក្យបណ្តឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា ៖ ស្នើសុំប្តឹងឈ្មោះ សៅ លីឈឹង ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sao LyChhing និងគណនីតិកតុក (Tik Tok) ឈ្មោះ JChingCEO សំឡីផ្កា (@ching999) ភេទស្រី អាយុ ៣៣ឆ្នាំ កាន់អត្ត សញ្ញាណប័ណ្ណលេខ ០២០៩៥០៤៨៨ មានអាសយដ្ឋានផ្ទះលេខ B39 ផ្លូវលេខ២ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពីបទ ញុះញង់ឱ្យមានការរើសអើង និង អំពើនៃការប្រកួតប្រជែងមិនស្មោះ កាលពីអំឡុង ខែមីនា ឆ្នាំ២០២៥។ យោង ៖ មាត្រា ៤៩៤ លក្ខណ្ឌអត្ថិភាពនៃការញុះញង់ នៃក្រមព្រហ្មទណ្ឌ, មាត្រា ៤៩៦ បទញុះញង់ឱ្យមានការរើសអើង នៃក្រមព្រហ្មទណ្ឌ ,មាត្រា ២២ និងមាត្រា ២៣ អំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ នៃច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់។
ដើមបណ្តឹងបានបន្តថា ៖ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ប្រពន្ធខ្ញុំបាទបានធ្វើការបញ្ចេញមតិតាមរយៈ បណ្តាញសង្គមចំពោះឈុតសម្លៀកបំពាក់ប្រពៃណី (ដោយមិនបានបញ្ចេញឈ្មោះសំអាងការណាមួយនោះទេ) ទាក់ទងនឹងក្រណាត់បុរាណ និងម៉ូតសំលៀកបំពាក់បែបបុរាណខ្មែរ និងបែបបុរាណថៃ រួចមកក្រោយពេល នាងខ្ញុំបានបញ្ចេញមតិចប់ និងថ្ងៃបន្តបន្ទាប់ស្រាប់តែមានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sao LyChhing និង គណនីតឹកតុង (Tik Tok) ឈ្មោះ JChingCEO សំឡីផ្កា (@ching999) របស់ឈ្មោះ សៅ លីឈឹង ដែល ស្គាល់ថាជាម្ចាស់ប្រេនលក់ផលិតផលគ្រឿងសម្អាង (ឡេលាបស្បែក) និងជា ម្ចាស់ក្រុមហ៊ុនឈ្មោះ ជេឈឹង សម្រស់ស៊ីជម្ពូ ខសមេសធីក ឯ.ក បានចាប់ផ្តើមបង្ហោះជាសារធារណៈក្នុងចេតនាសំដៅលើការបញ្ចេញមតិ របស់ប្រពន្ធខ្ញុំបាទដោយធ្វើការចោទប្រកាន់ទិទានមកលើប្រពន្ធនាងខ្ញុំ ព្រមទាំងមានចេតនាដោយផ្ទាល់ក្នុងការ បង្កាច់បង្អួចលើផលិតផលរបស់ក្រុមហ៊ុនខ្ញុំបាទ ម៉ាក អាប៊ូទីន (Arbutin) ព្រមទាំងលើកយកករណីផ្សេងៗដែល ក្រុមហ៊ុនខ្ញុំបាទ ធ្លាប់មានវិវាទជាមួយនឹងជនទុច្ចរិតមួយចំនួនកន្លងមក ដែលបានបង្កាច់បង្អួចកេរ្តិ៍ឈ្មោះ ផលិតផលរបស់ក្រុមហ៊ុនខ្ញុំបាទ ដែលខ្ញុំបាទបានចាត់វិធានការតាមផ្លូវច្បាប់រួចមកហើយ។
លោកបន្តថា ៖ តាមរយៈសកម្មភាពដោយផ្ទាល់របស់ឈ្មោះ សៅ លីឈឹង គណនីហ្វេសប៊ុកឈ្មោះ Sao LyChhing និងគណនីតីកតុង (Tik Tok) ឈ្មោះ ChingCEO សំឡីផ្កា (@ching999) ព្រមទាំងបក្សពួកដែលបានចូល ទៅបន្ទោរចោទប្រកាន់តាមរយៈការបញ្ចេញមតិ (Comments) ដែលធ្វើឱ្យមានការផ្ទុះចាប់អារម្មណ៍ពីសំណាក់ មហាជន និងអតិថិជន បណ្តាលឱ្យប៉ះពាល់ដល់កិត្តិយសប្រពន្ធខ្ញុំបាទ និងម៉ាកផលិតផលរបស់ក្រុមហ៊ុនខ្ញុំបាទ ដែលបានចុះបញ្ជីម៉ាក ទទួលលិខិតអនុញ្ញាតឱ្យធ្វើបើកអាជីវកម្មដោយអាជ្ញាធរជំនាញស្របតាមនីតិវិធីច្បាប់ យ៉ាងធ្ងន់ធ្ងរ។ ហេតុនេះសកម្មភាពខាងលើគឺពិតជាបានបង្កប់នូវចេតនា ការញុះញង់ឱ្យមានការរើសអើង និង ការប្រកួតប្រជែងមិនស្មោះត្រង់ ប្រាកដមែន ព្រោះដើម្បីឱ្យខូចខាត់ដល់កេរ្តិ៍ឈ្មោះម៉ាកផលិតផលរបស់ខ្ញុំបាទ ដោយអំពើទុច្ចរិត ដើម្បីប្រយោជន៍ផលិតផលរបស់ខ្លួនឯង។ ដូច្នេះហើយទើបរូបខ្ញុំបាទ មកដាក់ពាក្យបណ្ដឹង ប្តឹងឈ្មោះ សៅ លីឈឹង នៅការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បី ជួយរកដំណោះស្រាយដល់រូបខ្ញុំបាទ និងអាជីវកម្មរបស់ខ្ញុំបាទផង។
លោកបញ្ជាក់ទៀតថា ៖ រាល់ការបញ្ចេញមតិដែលមានចេតនា នៃការញុះញង់ឱ្យមានការរើសអើង និងការប្រកួតប្រជែង មិនស្មោះត្រង់ ខ្ញុំបាទបានថតចម្លងភ្ជាប់ជាភស្តុតាងស្រាប់ទុកជូនសមត្ថកិច្ច។
ក្នុងនោះដើមបណ្តឹងសំណូមពរឱ្យសមត្ថកិច្ចមានចំណាត់ការដូចខាងក្រោម ៖
១- សូមឱ្យសមត្ថកិច្ចចាត់ការតាមវិធានការផ្លូវច្បាប់ ដើម្បីនាំជនខាងលើយកមកសួរនាំតាមនីតិវិធី។
២- សូមទាមទារសំណងជម្ងឺចិត្ត ការខាតបង់ពេលវេលា និងការចំណាយផ្សេងៗទៅលើសេវាផ្លូវច្បាប់ នូវទឹកប្រាក់ចំនួន ២០០,០០០ ដុល្លារ (ម្ភៃម៉ឺនដុល្លារអាមេរិក)។
សេចក្តីជូនបានជម្រាបជូន ខាងលើសូមលោកមេបញ្ជាការ មេត្តាពិនិត្យ និងជួយដោះស្រាយរក យុត្តិធម៌ ដល់រូបខ្ញុំបាទដោយក្តីអនុគ្រោះ ។
សូមជម្រាបជូនថា ៖ ពាក់ព័ន្ធបញ្ហានេះ ឈ្មោះ សៅ លីឈឹង ភេទស្រី អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ សាសនា ព្រះពុទ្ធ មុខរបរ លក់ដូរអនឡាញ ទីកន្លែងកំណើត ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ប៊ី៣៩ ផ្លូវលេខ២ ភូមិទួលសំពៅ សង្កាត់សង្កែ១ ខណ្ឌឬស្សីកែវ ភ្នំពេញ រាជធានី ក៏បានចូលខ្លួនមកអង្គភាព ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ម៉ោង៦ល្ងាច ថ្ងៃខែឆ្នាំដដែល ទើបសមត្ថកិច្ចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ បន្ទាបពីឈ្មោះ សៅ លីឈឹង បានសូមធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថដូចខាងក្រោម ៖
១. ក្នុងនាមអាជីវករបង្កើតរបរអាជីវកម្មតាមប្រព័ន្ធអនឡាញ សូមរក្សាភាពហ្មត់ចត់ក្នុងអាជីវកម្ម របស់ខ្លួន ។
២.មិនផ្សព្វផ្សាយនូវផលិតផលដែលខ្លួនកំពុងចរាចរណ៍ ទៅប្រៀបធៀប ឬដៀមដាមដល់អ្នកដទៃ ដែលប្រកបមុខរបរប្រហាក់ប្រហែលនាំឲ្យប៉ះពាល់ភាពថ្លៃថ្នូររបស់អ្នកដទៃនោះទេ ។
៣.រាល់ម៉ោងឡាយ (LIVE) តាមអនឡាញ លក់ផលិតផល គឺមិននិយាយនាំឲ្យប៉ះពាល់សិទ្ធិ ឬ ផលិតផលអ្នកផ្សេងៗ ក្រៅពីទំនិញរបស់ខ្លួន ។
៤.ពុំមានការគុំគួន សងសឹក ប្តឹងផ្តល់ដល់បុគ្គលណាម្នាក់ ដែលជាដៃគូរកស៊ីតាមប្រព័ន្ធអនឡាញ ដោយគ្មានមូលហេតុចាប់ពីពេលនេះតទៅ ។
៥.មិនគេចវេសពីការកោះហៅរបស់សមត្ថកិច្ច ។
៦.ចូលបង្ហាញខ្លួនភ្លាមៗពេលសមត្ថកិច្ចធ្វើការកោះហៅ ។
៧.សហការជាមួយសមត្ថកិច្ចគ្រប់ពេលវេលា ។
ដោយបញ្ជាក់ចំពោះមុខសមត្ថកិច្ចទៀតថា ៖ ចាប់ពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ នេះតទៅនាងខ្ញុំសូមសន្យាថាត្រូវតែគោរពអោយបានតាមកិច្ច សន្យាខាងលើ ។
ក្នុងករណីនេះ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» មិនអាចទាក់ទងសុំការបំភ្លឺបានទេ ខណៈទៅមានស្ត្រីម្នាក់បានលើក ហើយនិយាយថា ៖ «នេះគឺជាលេខក្រុមហ៊ុន ខ្ញុំអត់ដឹងដែរ ចាំខ្ញុំឱ្យលេខ ដែលខលមកខ្ញុំនេះ ឱ្យទៅមេរបស់ខ្ញុំ ពីព្រោះខ្ញុំអត់ដែលបានទាក់ទងគាត់តាមលេខផង !។
សូមបញ្ជាក់ថា ៖ បុគ្គលឈ្មោះឈ្មោះ សៅ លីឈឹង ពេលចេញពីសមត្ថកិច្ចសួរនាំ ក៏នៅបន្ត Live បង្ហោះប៉ះពាល់មកលើដើមបណ្តឹង ទាំងខ្លួនបានធ្វើកិច្ចសន្យារួចហើយ ជាមួយសមត្ថកិច្ចនោះ ៕
ដោយ ៖ សិលា