របាំក្ងោកពោធិ៍សាត់ និងល្ខោនបាសាក់ រឿងម៉ាភូយ៉ុងកែវ បង្ហាញខ្លួននៅលើផ្លូវថ្មើរជើងWalk Street ថ្ងៃសៅរ៍និងថ្ងៃអាទិត្យជូនភ្ញៀវជាតិ អន្តរជាតិ ទស្សនា

ចែករំលែក៖

ភ្នំពេញ៖ របាំក្ងោកពោធិ៍សាត់ និងល្ខោនបាសាក់ រឿងម៉ាភូយ៉ុងកែវ បានបង្ហាញខ្លួននៅលើផ្លូវថ្មើរជើងWalk Street នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ សម្ដែងជូនភ្ញៀវជាតិ អន្តរជាតិ ទស្សនា ខណៈផ្លូវថ្មើរជើងWalk Street ត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្នអស់ជិង៥ខែរួចមកនេះ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី រួមជាមួយមន្ដ្រីពាក់ព័ន្ធ បានចុះពិនិត្យវឌ្ឍនភាព នៅផ្លូវថ្មើរជើង Walk Street នៅរាត្រីថ្ងៃអាទិត្យទី១៥ ខែមិថុនា២០២៥ បើទោះបីមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្តី។
របាំប្រពៃណី ក្ងោកពោធិ៍សាត់ និងល្ខោនបាសាក់ រឿងម៉ាភូយ៉ុងកែវ បង្ហាញខ្លួននៅផ្លូវថ្មើរជើង( Walk Street ) នាសប្តាហ៍ថ្ងៃសៅរ៍និងថ្ងៃអាទិត្យទី១៤និងទី១៥មិថុនានេះ ដើម្បីសម្ដែងជូនភ្ញៀវជាតិ អន្តរជាតិ បានទស្សនាកំសាន្ត បន្ថែមពីលើអ្វីដែលមានស្រាប់ជារៀងរាល់សប្តាហ៍កន្លងមក។
មន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញបានឱ្យដឹងថា៖ ក្នុងសប្ដាហ៍នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ និងលើកយកនូវផ្ទាំងសិល្បៈទស្សនី យភាពចំនួន០២ ដើម្បីសម្ដែងជូនភ្ញៀវជាតិ អន្តរជាតិ និងពុក ម៉ែ បងប្អូន ទាំងអស់គ្នាបានទស្សនា នា ផ្លូវថ្មើរជើង ( Walk Street ) ក្នុងនោះទី១ ទស្សនីយភាពសិល្បៈ របាំប្រពៃណី (ក្ងោកពោធិ៍សាត់)ទី២ទស្សនីយភាពសិល្បៈ ល្ខោនបា សាក់ ( រឿងម៉ាភូយ៉ុងកែវ )។
ពាក់ព័ន្ធនិងពិធីសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ ខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកការប្រជុំជាច្រើនលើក ច្រើនសាររួចមកហើយ ដើម្បីធានាថាបញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែទទួលបានជោគជ័យ១០០ភាគរយ ជូនថ្នាក់ដឹកនាំកំពូលៗនិងអ្នកចូលរួមទាំងអស់ ជាមួយការ បង្កើតឱ្យមានទីបញ្ជាការស្រាលជាច្រើនកន្លែង។ បន្ថែមពីនេះ ការជួសជុលផ្លូវ ការអ៊ុតគំនូសចរាចរ ការតុបតែងនិងបំពាក់ភ្លើងបំភ្លឺ ក៏ត្រូវតែធ្វើឱ្យបានរួចរាល់នៅមុននៃការបើកសម្ពោធផងដែរ។
ក្នុងថ្ងៃបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើង (Walk Street)នេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏និងរៀបចំឱ្យមានការប្រគុំតន្ត្រីខ្នាតធំ ដោយក្រុមហ៊ុនកាឡាក់ ស៊ី(Galaxy)និងការសម្តែងសិល្បៈប្រពៃណី របាំងចម្រុះ ដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ មានស្តង់លក់ដូរ ជាមួយនិងការរៀបចំស្តង់ម្ហូបអាហារចំនួន២ ទីតាំងគឺស្តង់ម្ហូបអាហារម៉ាឡេស៊ីនិងស្តង់ម្ហូបអាហារឥណ្ឌាផងដែរ៕ ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print