សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសជូនជនរួមជាតិ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ​

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​ នៅព្រឹក​ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥​ បានថ្លែងសារពិសេសជូនជនរួមជាតិ ក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ​។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ មានដូចខាងក្រោម​៖

– សម្ដេចតេជោ ហ៊ុន សែន បានថ្លែង​ថា សម្ដេចនឹងអញ្ជើញថ្លែងសារពិសេសចំនួន ៣ គឺទី១ សារទៅកាន់ពលករកម្ពុជានៅថៃ, ទី២ សារពីករណីច្រកព្រំដែនអន្តរជាតិកម្ពុជាថៃ និងទី៣ សារអំពីបណ្តឹងរបស់កម្ពុជាទៅកាន់តុលាការ ICJ។

-សម្ដេចតេជោ ថ្លែងថា​ ណែនាំឱ្យពលរដ្ឋខ្មែរ អ្នកមានលទ្ធភាព ខិតខំប្រមូលទិញផលិតផល បន្លែ ផ្លែឈើ របស់កសិករខ្មែរ យកទៅចែកជូនកងទ័ពជួរមុខ ឬអង្គការ សមាគមន៍មើលថែកុមារកំព្រាជាដើម ខណៈសម្ដេចបានបញ្ជាក់ថា បើថៃមិនបើកព្រំដែនវិញនៅថ្ងៃនេះ កម្ពុជានឹងបិទច្រកព្រំដែនទាំងអស់ នៅថ្ងៃស្អែកលែងឱ្យមានការនាំចូលទំនិញគ្រប់ប្រភេទ។

– សម្ដេចតេជោ ថ្លែងថា​ កម្ពុជាមានលទ្ធភាពចំពោះការបិទមិនឱ្យការនាំទំនិញថៃមកប្រើប្រាស់នៅកម្ពុជា គឺជាលទ្ធភាពខ្ពស់ ប្រសិនបើច្រកព្រំដែនមិនត្រូវបានថៃឱ្យប្រើប្រាស់ជាឯកតោភាគីឱ្យប្រើប្រាស់ឡើងវិញ។

-សម្ដេចតេជោ​ ថ្លែងថា​ ការរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃ កំពុងឡើងកម្ដៅ ដូច្នេះពលរដ្ឋខ្មែរ ពិសេសពលករ គួរវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីកុំឱ្យគេប្រមាថ។ បច្ចុប្បន្ន នៅប្រទេសកម្ពុជាមានការងារជាច្រើន កំពុងត្រូវការកម្លាំងពលកម្ម។

– សម្ដេចតេជោ ប្រកាសទទួលខុសត្រូវចំពោះនិស្សិតខ្មែរដែលកំពុងសិក្សានៅថៃ ឱ្យមកសិក្សានៅកម្ពុជាវិញ បើសិនជាថៃធ្វើទុក្ខបុកម្នេញមិនឱ្យបានសិក្សារៀនសូត្រ។

-សម្ដេចតេជោ ថ្លែងអំណរគុណដល់សមាគមន៍ធនាគារ និងសមាគមន៍មីក្រូហិរញ្ញវត្ថុ ចំពោះការប្រកាសអនុគ្រោះ និងបន្ធូបន្ថយដល់បងប្អូនពលករខ្មែរដែលវិលត្រលប់ពីថៃមកវិញតាមរយៈការដោះស្រាយលើការបង់ធនាគារ ឬការប្រាក់ជាដើម។

-សម្ដេចតេជោ ថ្លែង​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រលប់ពីថៃមកខ្មែរវិញ សូមខិតខំបំពេញការងារនៅខ្មែរឡើងវិញ ដើម្បីជួយជីវភាព និងគ្រួសារ ខណៈនៅកម្ពុជាកំពុងមានតម្រូវការពលកម្មការងារច្រើន។

-សម្ដេចតេជោ​ ថ្លែងថា​ ពលរដ្ឋថៃ កុំបន្ទោសកម្ពុជាចំពោះការបិទច្រកដូង បិទការនាំចូលបន្លែផ្លែឈើមកកម្ពុជា គួរ តែបន្ទោសពួកទាហានរបស់ខ្លួនចុះ ។

-សម្ដេចតេជោ​ ថ្លែងថា​ ថ្ងៃនេះ តាមពិតត្រូវបិទច្រកព្រំដែនទាំងអស់នៃការនាំចូលទំនិញពីប្រទេសថៃ។កម្ពុជាពន្យារពេល២៤ម៉ោងទៀត។ បើថ្ងៃនេះភាគីថៃមិនអនុវត្តតាមកិច្ចចរចា កម្ពុជានឹងបិទច្រកទ្វារទាំងស្រុង។

-សម្ដេចតេជោ ថ្លែង​អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ អ្នកលក់ផលិតផលខ្មែរ សូមកុំដំឡើងថ្លៃទំនិញរបស់ខ្មែរ បើសិនជាមានការបិទលែងឱ្យនាំទំនិញពីថៃចូលមកកម្ពុជា។

-សម្ដេចតេជោ ថ្លែង​អំពាវានាវដល់បងប្អូនប្រជាពលករខ្មែរត្រលប់មកស្រុកកំណើតវិញ ខណៈកម្ពុជាកំសត់ណាស់ទៅហើយ ដូច្នេះសូមបងប្អូនប្រជាពលករខ្មែរកំពុងធ្វើការងារនៅថៃ សូមត្រលប់មកកម្ពុជាវិញ កុំចាំទាល់តែគេដេញ ឬប្រមាថយើង។

– សម្ដេចតេជោ ថ្លែង​អំពាវនាវដល់ប្រជាជនខ្មែរដែលទៅព្យាបាលជំងឺនៅថៃ បើសិនជាភាគីថៃមិនព្យាបាលឱ្យសូមត្រលប់មកព្យាបាលនៅខ្មែរវិញកុំបន្តព្យាបាលនៅថៃ។

-សម្ដេចតេជោ ថ្លែងថា​ មូលហេតុដែលកម្ពុជាបញ្ជូនករណីវិវាទព្រំដែនកម្ពុជា-ថៃ នៅតំបន់ទាំងបួនទៅ តុលាការ ICJ ព្រោះកម្ពុជា បានដឹងច្បាស់ថា តំបន់នេះនឹងមិនអាចដោះស្រាយជាមួយភាគីថៃបានទេ។

– សម្ដេចតេជោ ថ្លែងថា​ កម្ពុជាមិនមែនខ្វះអាវុធ ឬខ្វះកម្លាំងដើម្បីវ៉ៃគ្នាទេ ប៉ុន្ដែកម្ពុជាមិនចង់វ៉ៃជាមួយអ្នកណាទេ ហើយកម្ពុជាត្រឹមតែការពារខ្លួនប៉ុណ្ណោះ។

– សម្ដេចតេជោ ថ្លែងថា​ អ្នកណាក៏ដោយដែលគេចវេះពីតុលាការ មានន័យថា អ្នកនោះមានពិរុទ្ធភាព និយាយឱ្យខ្លី មានតែចោរទេ ដែលខ្លាចតុលាការ។

-សម្ដេចតេជោ ថ្លែង​អំពាវនាវដល់បណ្ដាប្រទេសដែលមិនចង់ឱ្យមានសង្គ្រាម ស្រឡាញ់សន្ដិភាព សូមគាំទ្រដល់កម្ពុជា ចំពោះការប្ដឹងវិវាទព្រំដែនកម្ពុជា-ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។

-សម្ដេចតេជោ​ ថ្លែងថា​ កម្ពុជាអះអាងជាថ្មីថា សាលដីកាតុលាការអន្តរជាតិ កម្ពុជានឹងព្រមតាម ដែលជាវិធីល្អនៃ ការដោះស្រាយដោយសន្តិភាព ព្រោះបើប្រយុទ្ធគ្នាដណ្ដើមយកទឹកដី តើនឹងបូជាសាច់ឈាមអស់ប៉ុន្មាន!។

...

– សម្ដេចតេជោ ថ្លែង​អំពាវនាវដល់បងប្អូននៅក្នុងប្រទេស ដែលមានសាច់ញាតិទៅធ្វើការឬរស់នៅប្រទេសថៃ ជួយហៅសាច់ញាតិត្រលប់មកកម្ពុជាវិញ ខណៈរាជរដ្ឋាភិបាលបានត្រៀមសម្របសម្រួល រថយន្តក្រុង និងអាហារសម្រាប់ផ្ដល់ជូនដល់បងប្អូនពេលត្រលប់មកកម្ពុជាវិញ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print