ខេត្តព្រះសីហនុ៖ ជនសង្ស័យជាជនជាតិចិនចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីលួចស្លាកលេខរថយន្ត និងកាន់កាប់អាវុធដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចជំនាញខេត្តព្រះសីហនុ បង្ហាញមុខជាសាធារណៈ និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីបន្តតាមច្បាប់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោយឃាត់ខ្លួនយកមកសាកសួររហូតបញ្ចប់នីតិវិធី។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ថ្មីៗនេះ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីលួចស្លាកលេខរថយន្ត និងកាន់កាប់អាវុធដោយខុសច្បាប់ តាមបណ្ដឹងរបស់ជនរងគ្រោះចំនួន ០២នាក់ ។
ករណីលួចស្លាកលេខរថយន្ត កើតឡើងនៅយប់ថ្ងៃទី០១ និងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងតំបន់ភូមិ៣ សង្កាត់លេខ១ និងភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យទាំង៣នាក់នេះរួមមាន៖ ១. ZHANG DING DING ហៅ MENG HU, កើតឆ្នាំ ១៩៨៦ ,ទី២. WEI YONGCHANG, កើតឆ្នាំ ១៩៨១ , និងទី៣. WEI GUOQIANG, កើតឆ្នាំ ១៩៨៥ (ទាំងបីជាជនជាតិចិន គ្មានលិខិតឆ្លងដែន ស្នាក់នៅសណ្ឋាគារ “ហឺលិ” ភូមិ៣ សង្កាត់លេខ៤) ។
ចំណែកវត្ថុតាងដកហូតបានមាន៖
• រថយន្ត PRIUS ពណ៌ទឹកប្រាក់ ស្លាកលេខ 2B-3312
• អាវុធខ្លី ០១ដើម ម៉ាករ៉ូឡូ
• ស្លាកលេខរថយន្ត ០៤សន្លឹក
• កាំបិតស្នែត ០២ដើម និងសម្ភារៈផ្សេងៗ ។
គួរបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យទាំង ៣នាក់ បានសារភាពថា បានលួចស្លាកលេខចំនួន ៣លើក ហើយយកទៅលក់ឲ្យជនមួយឈ្មោះ A PING តាមប្រព័ន្ធ Telegram ក្នុងតម្លៃស្លាកលេខ១សន្លឹក៖ $៤០០ ដុល្លារ ។ ចំពោះអាវុធខ្លី ដែលជាកម្មសិទ្ធិរបស់ WEI GUOQIANG បានពីជនឈ្មោះ A WANG (បច្ចុប្បន្នគេចខ្លួន) ។ ជនឈ្មោះ A PING និង A WANG បានរត់គេចខ្លួន ។
សម្ភារៈដែលបានដកហូតត្រូវបានប្រគល់ជូនម្ចាស់វិញតាមនីតិវិធី ។ ជនសង្ស័យទាំង ០៣នាក់ ត្រូវបានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមច្បាប់ ។
បានបញ្ជាក់ថា បច្ចុប្បន្នស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តខិតខំយកចិត្តទុកដាក់យ៉ាងខ្ពស់ក្នុងការថែរក្សាសន្តិសុខសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ៕ដោយ៖តារា