ភ្នំពេញ៖ ព្យុហយាត្រាសាមគ្គីភាព របស់សហភាពសហព័ន្ធយុវជនកម្ពុជា បៅថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៥នេះនិងបង្ហាញពីការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា នេះតាមការបញ្ជាក់ឱ្យដឹងពី លោក សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំកម្មវិធី ព្យុហយាត្រាសាមគ្គីភាព របស់សហភាពសហព័ន្ធយុវជន កម្ពុជា នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សាលារាជធានីភ្នំពេញ ។
លោក សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍លើកឡើងថា៖ បញ្ហាសន្តិសុខសុវត្ថិភាពនៅក្នុងកម្មវិធី ព្យុហយាត្រាសាមគ្គីភាព របស់សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានប្រគល់ជូន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញ ដោយកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មានទាំងកម្លាំងប៉ូលីស កងរាជអាវុធហត្ថនិងកងអង្គរក្សជាអ្នកគាំទ្រដោយផ្ទាល់ ដាច់ខាតពិធីនេះត្រូវតែរក្សាឲ្យបានសន្តិសុខ សុវត្ថិភាព ១០០% មិនត្រូវឲ្យមានហេតុការណ៍អ្វីកើតឡើងដាច់ខាត ទាំងនៅក្នុងរាជធានីភ្នំពេញនិងផ្លូវចេញ ចូលរាជធានីភ្នំពេញ ព្រោះថានេះជាព្រឹត្តិការណ៍នយោបាយដ៏ធំបំផុតដែលយើងត្រូវតែធ្វើឱ្យបានហ្មត់ចត់បំផុត។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍លើកឡើងផងដែរថា សម្រាប់សហភាពសហព័ន្ធយុវជនកម្ពុជាបានត្រៀមជាមួយនឹងការកែសម្រួលនូវចំណុចខ្លះដើម្បីឲ្យសមស្របទៅនឹងគម្រោងផែនការក្នុងកិច្ច ការពារសន្តិសុខ សុវត្ថិភាពទាំងខ្លឹមសារ ដោយមិនត្រូវបានយកទៅកែច្នៃឡើយ។បន្ថែមពីនេះសហព័ន្ធយុវជនកម្ពុជាក៏បានធ្វើលិខិតបញ្ជូនទៅបណ្ដាលស្ថានទូតនានា នៅក្នុងរាជធានីភ្នំពេញ ប្រមាណជាង២០ស្ថានទូតរួចហើយ ដើម្បីឲ្យពួកគាត់បានជ្រាបពីព័ត៌មាននិងប្រាប់ពួកគាត់ឲ្យដឹងពីគោលបំណងរបស់យើងជុំវិញការធ្វើពិធីនេះផងដែរ។
កម្មវិធី ព្យុហយាត្រាសាមគ្គីភាព របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលគ្រោងនឹងធ្វើឡើងនាព្រឹកថ្ងៃទី១៨មិថុនាខាងមុខនេះ នឹងចាប់ផ្តើមជួបជុំគ្នានៅមុខទីធ្លាសាលមហាស្រពកោះពេជ្រ ហើយបន្តក្បួនព្យុហយាត្រាឆ្ពោះមកកាន់វិមានឯករាជ្យ។ចំពោះគោលបំណងនៃកម្មវិធី ព្យុហយាត្រាសាមគ្គីភាព គឺ៖ បង្ហាញការគាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជា ផ្អែកលើច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងៗ (កម្ពុជា មិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិនឱ្យនរណាយកដី សូម្បីតែមួយមីលីម៉ែត្រដែរ)។ បង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងខឿន ការពារជាតិប្រជាជន។ បង្ហាញការគាំទ្រ ក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំឯកសារដើម្បីដាក់ពាក្យប្ដឹង ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតី ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។ ស្មារតីយើង សកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពល ម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើងនាពេលនេះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ សម្រាប់ពិធីនេះ យើងមានការបំពាក់មីក្រូតាមដងផ្លូវនិងនៅកន្លែងប្រារព្វពិធី មានទាំងការពង្រឹងកាមេរ៉ាសុវត្ថិភាព ចាប់តាមបណ្ដាផ្លូវនានា ។ចំណែកខណ្ឌទាំង ១៤ត្រូវបង្កើនចំណុចខ្ពស់ទាំងអស់ ពិសេសកិច្ចការពារ សន្តិសុខ សុវត្ថិភាពជូនស្ថានទូតថៃ ប្រជាពលរដ្ឋថៃនិងអ្នករកស៊ីជនជាតិថៃជាដើម។ជាមួយនឹងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅ ដោយមិនត្រូវឱ្យមានបញ្ហាអ្វីកើតឡើងជាដាច់ខាត។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានត្រៀមនៅរថយន្តសង្គ្រោះ ដោយបានទាក់ទងជាមួយនឹងបណ្ដាលមន្ទីរពេទ្យ នានានៅក្នុងរាជធានីភ្នំពេញ ពោលគឺនៅពេលដែលមានបងប្អូនប្រជាពលរដ្ឋ មានបញ្ហាសុខភាពកើតឡើង យើងជួយសង្គ្រោះបានទាន់ពេលវេលា។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងពត៏មាន ក៏បានបញ្ជាក់ឱ្យដឹងដែរថា៖ ក្រសួងព័ត៌មាន មានតួនាទីក្នុងការ ផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍នយោបាយដ៏ធំនេះ ដោយទូរទស្សន៍ជាតិនិងទូរទស្សន៍បាយ័នសហការគ្នាផ្សាយផ្ទាល់។ ចំណែក ឯទូរទស្សន៍ផ្សេងៗទៀតក៏ត្រូវបានផ្សាយបន្តផ្ទាល់ទាំងអស់ ក្រសួងព័ត៌មាន ក៏បានអនុញ្ញាតិឱ្យសារព័ត៌មាន ជាតិ និងបរទេស ជាច្រើនស្ថាប័នធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយផងដែរ៕. ដោយ សំរិត