ខេត្តកំពង់ឆ្នាំង ៖ រថយន្តទួរីស១គ្គ្រឿងបានបែកកង់បណ្តាលឱ្យក្រឡាប់ធ្លាក់ផ្លូវធ្វើឱ្យមនុស្សជិះ៤នាក់ក្នុងរថយន្តរងរបួសស្រាលទាំងកណ្ដាលថ្ងៃ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះនៅពេលរថយន្តក្រឡាប់ ស្រាប់តែចេញសុទ្ធតែឈើអារួចជាច្រើនសន្លឹក។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅចន្លោះគីឡូម៉ែត្រលេខ៨១-៨២ ផ្លូវជាតិលេខ៥ ចំណុចរង្វង់មូលក្អមស្ថិតនៅក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ។
មន្ត្រីនគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឲ្យដឹងថា រថយន្តទួរីសខាងលើពាក់ផ្លាកលេខភ្នំពេញ2T-1164 ពណ៌ស ដឹក ឈើជ្រុង និងឈើសន្លឹកអត់ច្បាប់ ធ្វើដំណើរពីខេត្ត ពោធិ៍សាត់ឆ្ពោះទៅខេត្តកំពត ។ លុះដល់ចំណុចកើត ហេតុក៏បានបែកកង់ក្រឡាប់ធ្លាក់ផ្លូវជាតិ ធ្លាយឈើជ្រុងនិងឈើសន្លឹកចេញមកក្រៅ និងបណ្ដាលឲ្យអ្នកជិះនៅក្នុងរថយន្ត ៤នាក់សង្ស័យម្ចាស់ឈើរងរបួសផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលបានរាយការណ៍ទៅលោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត និងបានប្រគល់រថយន្តនិងឈើជូនសមត្ថកិច្ចជំនាញខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ចំណាត់ការបន្តតាមច្បាប់ ។
លោក ពារ គឹមហេង នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបានឱ្យដឹងថា ឈើក្នុងរថយន្តទាំងអស់មានចំនួន ១៣១សន្លឹក ស្មើនឹង ១,១៦ម៉ែត្រគូប ជាប្រភេទឈើផ្ចឹក និងឈើប្រភេទលេខ២ មួយចំនួន ។ ចំណាត់ ការរបស់ជំនាញគឺជូនដំណឹងឲ្យម្ចាស់ឈើចូលខ្លួនមកទទួលការផាកពិន័យ តាមផ្លូវច្បាប់ស្តីពីការដឹកជញ្ជូនផល អនុផលព្រៃឈើដល់ខុសច្បាប់ ៕