អន្តរជាតិ ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP បានឱ្យដឹងថា ៖ នៅថ្ងៃអង្គារ ទី១៧ ខែមិថុនា យោធាអ៉ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់មេបញ្ជាការយោធាកំពូលរបស់អ៉ីរ៉ង់ លោក Ali Shadmani ក្នុងការវាយប្រហារតាមផ្លូវអាកាស កាលពីវេលាយប់កន្លងទៅ លើរដ្ឋធានីតេហេរ៉ង់ ហើយបានអះអាងថា មេបញ្ជាការរូបនោះ គឺជាមនុស្សជំនិតបំផុតរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei។
ទីភ្នាក់ងារព័ត៌មាន AFP បន្តថា ៖ យោធាអ៉ីស្រាអែលបាននិយាយថា បើគិតតាមអំណាចជាក់ស្តែង លោក Shadmani គឺជាមេបញ្ជាការយោធាជាន់ខ្ពស់បំផុតរបស់អ៉ីរ៉ង់ មានរហស្សនាម «នាយអគ្គសេនាធិការសង្រ្គាម» និងជាមេទ័ពដ៏ជំនិតបំផុតរបស់លោក Ali Khameni។ បើតាមយោធាអ៉ីស្រាអែល លោក Shadmani មានតួនាទីបញ្ជាលើទាំងកងកម្លាំងឆ្មាំបដិវត្តន៍ IRGC និងកងកម្លាំងប្រដាប់អាវុធរបស់អ៉ីរ៉ង់។ ក្រោមការដឹកនាំរបស់ លោក Shadmani ទីបញ្ជាការកណ្តាលហៅថា Khatam-al Anbiya ទទួលបន្ទុករៀបចំប្រតិបត្តិការប្រយុទ្ធ និងអនុម័តផែនការវាយប្រហាររបស់ប្រទេសអ៉ីរ៉ង់។
គួរបបញ្ជាក់ថា លោក Ali Shadmani បានឡើងដឹកនាំជាប្រមុខទីបញ្ជាការ Khatam-al Anbiya បានត្រឹម៤ថ្ងៃប៉ុណ្ណោះ ជំនួសមេបញ្ជាការចាស់គឺលោក Gholam Ali Rashid ដែលត្រូវបានសម្លាប់ ក្នុងការវាយប្រហារបើកឆាករបស់អ៉ីស្រាអែល កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលបានផ្តាច់ជីវិតមេទ័ពកំពូលៗអ៉ីរ៉ង់ប៉ុន្មានរូបផ្សេងទៀត ផងដែរ។ កាលពីមុន លោក Shadmani ធ្លាប់កាន់តួនាទីជា មេបញ្ជាការរងនៃទីបញ្ជាការ Khatam-al Anbiya និងជាប្រធានគ្រប់គ្រងប្រតិបត្តិការនៅក្នុងកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់៕
ប្រភព ៖ ទីភ្នាក់ងារព័ត៌មាន AFP