ភ្នំពេញ ៖ ព្រឹត្តការណ៍ «ព្យុហយាត្រាសាមគ្គីភាព» នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៥ ស្អែកនេះ ដោយចេញដំណើរពីសាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ។
នេះបើយោងតាមកិច្ចប្រជុំផ្សព្វផ្សាយកាលពីពេលកន្លងទៅ ស្តីពីផែនការការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ នៅក្នុងឱកាសរៀបចំព្រឹត្តការណ៍ «ព្យុហយាត្រាសាមគ្គីភាព» ក្រោមអធិបតី លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងមានការអញ្ជើញចូលរួមពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ព្រឹត្តការណ៍ «ព្យុហយាត្រាសាមគ្គីភាព» នេះ គឺបង្ហាញពី
ស្មារតីបងប្អូនខ្មែរ រួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយ ទាំងសកម្មភាព ទាំងកាយវិការ និងសំឡេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ដោយឈរលើស្មារតីដូចខាងក្រោម ៖
១-បង្ហាញការគាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជាផ្អែកលើច្បាប់និងបទដ្ឋានគតិយុត្តផ្សេងៗ (កម្ពុជាមិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិនឱ្យនរណាយកទឹកដីកម្ពុជា សូម្បីតែមួយមីលីម៉ែត្រដែរ)។
២-បង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជន។
៣-បង្ហាញការគាំទ្រក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំឯកសារដើម្បីដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតី ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។
សម្ដេចធិបតីបានកោតសរសើរ និងគាំទ្រចំពោះ ស.ស.យ.ក ដែលបានរៀបចំកម្មវិធីពិសេស Solidarity March ដើរថ្មើជើងស្អែកនេះ ដើម្បីបង្ហាញពីការគាំទ្រដល់ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងដើម្បីលើកទឹកចិត្តដល់វីរកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែន។ ខណៈមានអ្នកចុះឈ្មោះចូលរួមប្រមាណ១០ម៉ឺននាក់ និងមានអ្នកចូលរួមដែលមិនទាន់ចុះឈ្មោះផងដែរ៕
ដោយ ៖ សិលា