ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន លើកទឹកចិត្ត និងបំពាក់សម្ភារបន្ថែម ដល់កងកម្លាំងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ លោក អ៉ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ លើកទឹកចិត្ត និងពិនិត្យមើលទីតាំង ព្រមទាំងបំពាក់សម្ភារបន្ថែម ដល់កងកម្លាំង ដែលកំពុងឈរជើងការពារបូរណៈភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ។

លោកទេសរដ្ឋមន្ត្រី អ៉ី ឈាន បានមានប្រសាសន៍នាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះនាយទាហាននាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងបេសកកម្មការពារបូរណៈភាពទឹកដី ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ហើយបើទោះបីជាសម្តេចទាំងបី មិនបានមកជួបដោយផ្ទាល់ក្តី ក៏សម្តេចតែងតែនឹករលឹកដល់កងកម្លាំងជានិច្ច។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្ននេះ ស្ថានភាពឡើងកម្តៅខ្លាំង នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅចំណុចមុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី រហូតដល់មានការប៉ះទង្គិចគ្នាដោយអាវុធ ប៉ុន្តែកងកម្លាំងប្រដាប់អាវុធនៅទីនោះ គឺចាំស្តាប់នូវបទបញ្ជា និងគោលការណ៍ពីមេបញ្ជាការ ពីប្រមុខរាជរដ្ឋាភិបាល ហើយបានតាំងចិត្តយ៉ាងម៉ឺងម៉ាត់ និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រយុទ្ធគ្រប់ពេលវេលា បើមានករណីឈ្លានពានណាមួយលើបូរណភាពទឹកដីប្រទេសកម្ពុជា។

លោកទេសរដ្ឋមន្ត្រី អ៉ី ឈាន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទាំងឡាយ ដែលនាយទាហាន និងពលទាហាន គ្រប់បណ្ដាអង្គភាពទាំងអស់សម្រេចបានក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហាន ស្មោះត្រង់ លះបង់សាច់ស្រស់ឈាមស្រស់ និងការខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធនធានសេដ្ឋកិច្ច ជូនកងទ័ព និងគ្រួសារកងទ័ពឱ្យរស់រៀនមានជីវិតល្អប្រសើរ ស្របតាមគោលរបបរបស់រាជរដ្ឋាភិបាល និងការកសាងនូវប្រព័ន្ធយុទ្ធសាស្រ្តការពារជាតិនានាជាច្រើនទៀត ដើម្បីបម្រើឱ្យក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី ទុកជាប្រវត្តិសាស្រ្ត ជូនជំនាន់ក្រោយ៕ដោយ÷ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print