ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមកម្មវិធីដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ជាមួយបងប្អូនជនរួមជាតិយ៉ាងច្រើនកុះករ។ កម្មវិធីនេះទទួលបានការចូលរួមយ៉ាងកុះករពីបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី រួមមានទាំងព្រះតេជគុណព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ មន្រ្តីរាជការ សហគ្រិន អាជីវករ សិល្បករ កីឡាករ សិស្ស និស្សិត ជាពិសេស អ្នកចូលរួមមកពីគណបក្សនយោបាយនានាក៏បានចូលរួមផងដែរ។
ជាមួយគ្នានេះតាមរយៈហ្វេសប៊ុក លោក ហ៊ុន ម៉ានី បានបង្ហោះសារមួយដ៏មានអត្ថន័យជ្រាលជ្រៅបំផុតថា ព្រឹកនេះសម្រែកជ័យឃោសន៍ បទ «ដែនដីខ្មែរ» ត្រង់ឃ្លា «ថ្ងៃមួយមានសត្រូវប្រទូស្តរាយ ខ្មែរគ្រប់កាយសុខចិត្តប្តូរជីវី» បានអង្រួនបេះដូង ទឹកចិត្តរបស់ខ្មែរគ្រប់ប្រាណឱ្យមានសេចក្តីក្លាហាន រួមរួមសាមគ្គីជាធ្លុងមួយក្រោមទង់ជាតិព្រះរាជាណាចក្រកម្ពុជា។
លោក ហ៊ុន ម៉ានី បន្តថា ការចូលរួមដ៏ច្រើនកុះកររបស់បងប្អូនពីគ្រប់មជ្ឈដ្ឋាន និងកោសិកាសង្គមជាតិពិតជាបានបង្ហាញយ៉ាងជាក់ច្បាស់នូវទឹកចិត្តស្នេហាជាតិ គាំទ្រដល់រារដ្ឋាភិបាល និងកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងយ៉ាងអង់អាចការពារជាតិ ការពារទឹកដី និងការពារយ៉ាងប្តូរផ្តាច់នូវអធិបតេយ្យ និងបូរណភាពដែនដី ដោយប្រើប្រាស់យន្តការទាំងបីមុខព្រួញគឺ ច្បាប់ ការទូត និងយោធា។
ទោះបីក្រោមកម្តៅថ្ងៃក្តៅ និងត្រូវធ្វើដំណើរដោយថ្មើរជើង ពួកយើងនៅតែបន្តច្រៀងបទ «ដែនដីខ្មែរ» ឥតដាច់។ នេះហើយ! ស្មារតីស្នេហាជាតិដ៏ក្លៀវក្លារបស់ប្រជាជាតិកម្ពុជា!
សូមជម្រាបជូនថា សហភាពសហព័ន្ធយុវជនកម្ពុជាបានផ្តួចផ្តើមគំនិតរៀបចំ កម្មវិធីការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ដែលកម្មវិធីនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ៕