ខេត្តឧត្តរមានជ័យ ៖ បើយោងតាមប្រភព ពីកងពលតូចថ្មេីរជេីង លេខ៤២ បានបញ្ជាក់ឱ្យដឹងថា ៖ ប្រាសាទតាមាន់ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះ កងទ័ពកម្ពុជា – កងទ័ព ថៃ ដែលប្រចាំការនៅលើប្រាសាទតាមាន់ធំមានការទំនាក់ទំនងគ្នាល្អ ដើម្បីព្រុំដែនសន្តិភាព ភាតរភាពរវាងប្រទេសទាំងពីរ។
ថ្ងៃនេះផងដែរ មានបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ និមន្ត អញ្ជើញមកទស្សនាប្រាសាទតាមាន់ដែលជាមោរតកពីដូនតាខ្មែរយើង ស្ថិតនៅ តាមន្តសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងបានសាកសួរសុខទុក្ខដល់កងកម្លាំងដែលឈរជើងការពារបូរណៈភាពដែនដីនៅទីនោះផងដែរ។
ដោយឡែកនៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋកម្ពុជា រង្វង់១៥ម៉ឺននាក់ ចូលរួមការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ។ លោក ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំរៀបចំព្រឹត្តិការណ៍នេះ បានលើកឡើងថា ការជួបជុំគ្នានៅក្នុងថ្ងៃនេះរបស់យើងទាំងអស់គ្នា លើសពីការជួបជុំជាលក្ខណៈមហាគ្រួសារខ្មែរ ដើម្បីបង្ហាញពីទឹកចិត្តសាមគ្គី ស្មារតីមុះមុត និងជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំង ប៉ុន្តែការជួបជុំរបស់យើងនៅក្នុងថ្ងៃនេះ ជាការបង្ហាញនូវមនោសញ្ចេតនាក្នុងលក្ខណៈជាមហាគ្រួសារខ្មែរថា ពេលដែលប្រទេសជាតិត្រូវការយើង គឺយើងនឹងចេញមកបង្ហាញនូវស្មារតីនេះ ៕
ដោយ ៖ សិលា