ខេត្តកំពង់ធំ៖ កម្លាំងចម្រុះសហការជាមួយមន្ត្រីនៃសង្កាត់រដ្ឋបាលជលផល ដែលស្ថិតក្រោមខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានបន្តសហការជាមួយកម្លាំងចម្រុះ ក្នុងការចុះបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទ នៅបឹងទន្លេសាប ក្នុងរដូវត្រីពងកូន។
តាមរបាយការណ៍បានឱ្យដឹថា សង្កាត់រដ្ឋបាលជលផលពាមបាង ដោយសហការជាមួយតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយ ទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុចព្រែកអន្លង់តាអោន និងចំណុចមុខជ្រោយធំ ឃុំពាមបាង។
ក្នុងប្រតិបត្តិការនោះកម្លាំងចម្រុះរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ របាំងស្បៃមុង នៅហ្នឹងកន្លែង រួមមាន របាំងស្បៃមុងប្រវែង១៤៥ម៉ែត្រឡុកស្បៃមុងចំនួន ៦គ្រឿង លូស្បៃមុងចំនួន ១២មាត់ បង្គោលឈើចំនួន២៥០ដើម។ ក្រៅពីនេះ មន្ត្រីជំនាញ បានអប់រំណែនាំ និងធ្វើកិច្ចសន្យាដល់អ្នកដឹកជញ្ជូនផលិតផលជលផល(លៀស) ៣នាក់ដោយតម្រូវឱ្យមានលិខិត អនុញ្ញាតដឹកជញ្ជូន និងដឹកជញ្ជូនប្រភេទលៀសធំ។
ដោយឡែក សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម សហការជាមួយតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានចុះបង្រាបបទល្មើសនេសាទ នៅចំណុចចុងព្រែកទាល់ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ រហូតដល់ចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។
ក្នុងប្រតិបត្តិការនោះ កម្លាំងចម្រុះ បានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែង រួមមាន៖ របាំងស្បៃមុង ប្រវែង ១៧៥០ម៉ែត្រ ឡុកចំនួន ៣៥គ្រឿង លូចំនួន ៣៥មាត់ បង្គោលចំនួន ៨៧៥ដើម និងបានចាក់កូនត្រី ចូលទន្លេវិញ៕