ទីក្រុងបាងកក៖ បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand បាននិយាយថា លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តីថៃ បានលុបសារបង្ហោះលើគណនី Instagram និងលុបចោលកិច្ចប្រជុំជាមួយក្រុមទីប្រឹក្សារបស់លោកស្រី ដែលត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ។
សារនៅលើ Instagram story លោកស្រី Paetongtarn បានសរសេរជាភាសាអង់គ្លេស មានន័យថា «មនុស្សមិនបន្លំធ្វើជាបាក់ទឹកចិត្តទេ បើពួកគេបន្លំ គឺបន្លំថាមិនអី។ សូមទាំងអស់គ្នាយល់ និងមានអធ្យាស្រ័យចំពោះគ្នា»។ សារនេះត្រូវបានលោកស្រីបង្ហោះ នៅវេលាម៉ោង ៨និង ១៥នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ មុនពេលលុបចោល។ ទន្ទឹមនោះ ក៏មានសេចក្តីរាយការណ៍ដែរថា នៅព្រហស្បតិ៍នេះ លោកស្រីបានលុបចោល កិច្ចប្រជុំជាមួយក្រុមទីប្រឹក្សារបស់លោកស្រី នៅឯ Phitsanulok Mansion ហើយបន្តបំពេញភារកិច្ចនៅវិមានរដ្ឋាភិបាល។
សារព័ត៌មាន Laotian Times បានចេញផ្សាយថា លោកស្រី Paetongtarn កំពុងប្រឈមមុខនឹងសម្ពាធពីសាធារណៈជនថៃ ដែលទាមទារឱ្យលោកស្រីលាលែងចេញពីតំណែងផងដែរ៕ដោយ៖តារា