មេដឹកនាំបក្សប្រឆាំងថៃ អំពាវនាវឱ្យលោកស្រី Paetongtarn នាយករដ្ឋមន្ត្រីថៃ រំលាយរដ្ឋសភា

ចែករំលែក៖

ទីក្រុងបាងកក ៖ មេដឹកនាំគណបក្សប្រជាជន (People’s Party) លោក Natthaphong Ruengpanyawut កាលពីថ្ងៃពុធទី១៨ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញ បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra រំលាយរដ្ឋសភា ជាការទទួលខុសត្រូវលើការខូចខាត ដែលបង្កឡើងដោយការបែកធ្លាយកិច្ចសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

មេដឹកនាំបក្សប្រឆាំងរូបនេះ បានគូសបញ្ជាក់ដូច្នេះថា ប្រសិនបើលោកស្រីនាយករដ្ឋមន្ត្រីបរាជ័យ មិនអាចសា្ដរទំនុកចិត្ត និងការជឿជាក់ពីប្រជាជនឡើងវិញភ្លាមៗទេ នោះខ្ញុំនឹងអំពាវនាវឱ្យលោកស្រី Paetongtarn បង្ហាញការទទួលខុសត្រូវខាងនយោបាយ ដោយរំលាយរដ្ឋសភា និងប្រគល់អំណាចទៅឱ្យប្រជាជនវិញ ។ នេះបើយោងតាមប្រភព កាសែត The Nation ។
ដោយឡែក អ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suwari បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនាថា មេបញ្ជាការកងទ័ពជើងគោកថៃ លោក Pana Klaoplaodthuk បានបង្ហាញការព្រួយបារម្ភពីវិបត្តិនយោបាយក្នុងស្រុកនាពេលបច្ចុប្បន្ន ដែលកំពុងគំរាមកំហែងដល់តំណែង ជានាយករដ្ឋមន្ត្រីរបស់លោកស្រី Paetongtarn Shinawatra។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោកឧត្តមសេនីយ៍រូបនេះបានអំពាវនាវឱ្យថៃរួបរួមគ្នា និងជឿជាក់លើយោធាថៃ ជាមួយការអះអាងឡើងវិញពីការប្ដេជ្ញាចិត្ត ចំពោះគោលការណ៍ប្រជាធិបតេយ្យ ក្រោមរដ្ឋធម្មនុញ្ញអាស្រ័យលើរាជានិយម។
លោកស្រី Paetongtarn Shinawatra កំពុងរងសម្ពាធទាមទារឱ្យចុះចេញពីតំណែង បន្ទាប់ពីផ្ទុះរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាតាមរទូរស័ព្ទ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ លើសពីនេះទៅទៀត រដ្ឋាភិបាលចម្រុះរបស់លោកស្រី កំពុងប្រឈមមុខនឹងការដួលរលំផងដែរ ក្រោយគណបក្ស Bhumjaithai ប្រកាសដកខ្លួនចេញពីក្រុមចម្រុះ ។

រដ្ឋាភិបាលចម្រុះរបស់ថៃ ដឹកនាំដោយនាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra កំពុងស្ថិតនៅចំណុចកៀកទៅនឹងការដួលរលំ ក្រោយគណបក្សធំទី២ក្នុងក្រុមចម្រុះប្រកាសដកខ្លួន ចេញពីសម្ព័ន្ធនយោបាយ។ គណបក្សអភិរក្សនិយម Bhumjaithai បាននិយាយកាលពីយប់ថ្ងៃពុធ ទី១៨ ខែមិថុនាថា ខ្លួនបានសម្រេចចិត្តដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ ដោយសារតែ ការបែកធ្លាយកិច្ចសន្ទនារវាងលោកស្រី Paetongtarn និងសម្ដេចតេជោ។ ការបាត់បង់ដៃគូដូចជាគណបក្ស Bhumjaithai ដែលមានសមាជិកសភា ៦៩រូប បានធ្វើឱ្យគណបក្សភឿថៃរបស់ លោកស្រី Paetongtarn ស្ទើរតែបាត់បង់សំឡេងភាគច្រើននៅក្នុងរដ្ឋសភា ហើយប្រសិនបើមានគណបក្សជាដៃគូផ្សេងទៀតដកខ្លួនចេញពីក្រុមចម្រុះដែរ នោះរដ្ឋាភិបាលរបស់លោកស្រី អាចនឹងត្រូវដួលរលំ។
សូមជម្រាបថា : កិច្ចសន្ទនា១៧នាទី ! បង្កជាព្យុះភ្លៀងនយោបាយក្នុងប្រទេសថៃ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print