ខេត្តកណ្ដាល៖ ក្មេងទំនើង៥នាក់ ក្នុងចំណោមបក្ខពួក៨នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលបង្រ្កាបឃាត់ខ្លួន ក្រោយពីក្រុមជនសង្ស័យទាំងនេះ យកដាវ និងកាប់បិតកាប់ទៅលើយុវជនប្រុសស្រី៧នាក់ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ និងវាយទៅលើមធ្យោបាយរបស់ក្រុមជនរងគ្រោះបន្ថែមទៀត ខូចខាតមួយចំនួន ។ ករណីនេះ បានកើតឡើង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០០ និង៣៥នាទីទីកន្លែងកើតហេតុៈ បណ្ដោយផ្លូវលេខ៤១ ក្នុងភូមិអណ្ដូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះចំនួន០៧នាក់ ស្រី០១នាក់ និងផលប៉ះពាល់នៃជនរងគ្រោះ : ១-ឈ្មោះ រឿង ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ខេត្ដកណ្ដាល (មានរបួសស្មាខាងឆ្វេង) ទទួលបណ្តឹងថ្ងៃទី១៩.០៦.២០២៥ ។ ២-ឈ្មោះ យៅ រតនៈ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិភីរី ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល (គ្មានរបួស ខូចខាតម៉ូតូ) ទទួលបណ្តឹងថ្ងៃទី១៩.០៦.២០២៥ ។ ៣-ឈ្មោះ មាស សុខមាន ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល(ខូចខាតម៉ូតូ និងត្រូវរបួសកញ្ចឹងក) ទទួលបណ្តឹងថ្ងៃទី១៩.០៦.២០២៥ ។ ៤-ឈ្មោះ ង៉ែត ផល្លី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិត្រពាំងនំ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល(ខូចខាតម៉ូតូ គ្មានរបួល) ទទួលបណ្តឹងថ្ងៃទី១៦.០៦.២០២៥ ។
៥-ឈ្មោះ ប៉ោ សុផាត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិដូនទ្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកណ្ដាល(ខូចខាតម៉ូតូ និងត្រូវរបួលខ្នង) ទទួលបណ្តឹងថ្ងៃទី១៨.០៦.២០២៥ ។ ៦-ឈ្មោះ ទក់ សាំ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅភូមិគោករលុះ ឃុំដុំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប(ខូចខាតម៉ូតូ គ្មានរបួស) ទទួលបណ្តឹងថ្ងៃទី១៥.០៦.២០២៥ ។ ៧-ឈ្មោះ ទក់ វិសៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ រស់នៅភូមិគោករលុះ ឃុំដុំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប(ខូចខាតម៉ូតូ គ្មានរបួស) ទទួលបណ្តឹងថ្ងៃទី១៥.០៦.២០២៥ ។ ចំណែកជនសង្ស័យ ÷០៨នាក់ ប្រុស (ឃាត់ខ្លួន ០៥នាក់) គ្មានសារធាតុញៀនក្នុងទឹកនោម(-) ១-ឈ្មោះ ជូ គីមស្រៀង ហៅជេ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល (មេក្លោង ឃាត់ខ្លួន)។ ២-ឈ្មោះ ថាត ធៀវហ្វូ ហៅហ្វូ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល (អ្នកកាន់ដាវកាប់ ឃាត់ខ្លួន)។ ៣-ឈ្មោះ មឿន រី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាល (អ្នកកាន់កាំបិតផ្គាក់កាប់ ឃាត់ខ្លួន)។ ៤-ឈ្មោះ យ៉ុន ម៉េងហុង ហៅហុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល (ឃាត់ខ្លួន)។ ៥-ឈ្មោះ អុល សុខចំរើន ហៅរើន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្ដកណ្ដាល (ឃាត់ខ្លួន) រីឯជនសង្ស័យ៣នាក់ទៀតគេចខ្លួនបាត់ស្រមោល ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះ បានចេញពីកន្លែងផឹកស៊ីនៅហាងជំនោរាត្រី ពេលជិះម៉ូតូដល់ចំណុចកើតហេតុស្រាប់តែមានបក្ខពួកជនសង្ស័យមួយក្រុមមានកាន់ដាវនិងកាំបិតផ្គាក់ ហើយបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យមានរបួសនិងកាប់ម៉ូតូបណ្ដាលឲ្យខូចខាត បន្ទាប់ធ្វើសកម្មភាពហើយបក្ខពួកជនសង្ស័យបានជិះគេចខ្លួនទៅទិសខាងជើងអស់ទៅ។ ចំណែកជនរងគ្រោះនៅកន្លែងកើតហេតុក៏បានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលលំហាច ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្ដិ៍ សហការជាមួយកម្លាំងផ្នែកជំនាញ កម្លាំងប៉ុស្ដិ៍ដំណាក់អំពិល ប៉ុស្ដិ៍ពើក ប៉ុស្ដិ៍សំរោងលើ ប៉ុស្ដិ៍ក្រាំងម្កាក់ ចេញល្បាតទើបឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ ម៉ូតូពីរគ្រឿង ដាវមួយដើម នាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ។
ចំពោះជនសង្ស័យឈ្មោះ ជូ គីមស្រៀង ហៅជេ (ជាមេក្លោង) បានឆ្លើយសារភាពថាខ្លួន និងបក្ខពួកពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យមានរបួស និងកាប់ម៉ូតូបណ្ដាលឲ្យខូចខាតពិតមែន បន្ទាប់មកក៏បានជិះម៉ូតូគេចខ្លួន តែត្រូវបានជួបជាមួយកម្លាំងសមត្ថកិច្ចខ្លួននិងបក្ខពួកភ័យពេកក៏ព្យាយាមបើកម៉ូតូគេចខ្លួនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នធ្វើឲ្យធ្លាក់ពីផ្លូវចូលក្នុងប្រឡាយអមផ្លូវបណ្តាលឲ្យមានរបួសក្បាលដេចំនួន១០ថ្នេរ ។ ជនសង្ស័យ និងបក្ខពួកបានបន្តសារភាពថានៅវេលាម៉ោងប្រហែល២៣ និង៣០នាទី ថ្ងៃខែឆ្នាំកើតហេតុខាងលើ ខ្លួននិងបក្ខពួកក៏បានធ្វើសកម្មភាពកាប់ម៉ូតូបណ្ដាលឲ្យខូចខាតមួយគ្រឿង និងកាប់ត្រូវមនុស្សស្រីម្នាក់ នៅចំណុចផ្លូវជាតិលេខ៤ ភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ថែមទៀត ហើយបន្តសារភាពទៀតថាកន្លងមកនៅថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២៥ វេលាម៉ោងប្រហែល២២ និង៣០នាទី នៅចំណុចមុខហាងម្លប់ឬស្សីភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខ្លួននិងបក្ខពួកបានធ្វើសកម្មភាពកាប់ចំនួន០២លើករួចមកហើយ បានបណ្តាលឲ្យត្រូវមនុស្សមួយនាក់ និងកាប់ម៉ូតូបណ្ដាលឲ្យខូចខាតចំនួន០៣គ្រឿង។ លុះដល់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០១ និង៣០នាទីរំលងអាធ្រាត្រ នៅបណ្ដោយផ្លូវជាតិលេខ៥១ មុខសួនកាណាឌីយ៉ា ចំណុចភូមិពណ្ណរាយ ឃុំសំរោងលើ ស្រុកអង្គស្នួល ខ្លួននិងបក្ខពួកបានធ្វើសកម្មភាពកាន់ម៉ូតូបណ្ដាលឲ្យខូចខាតចំនួន០៣គ្រឿងផងដែរ។
ជនសង្ស័យរួមទាំងបក្ខពួកបានបន្តសារភាពអំពីមូលហេតុដែលពួកខ្លួនធ្វើសកម្មភាពកាប់គ្នាបែបនេះ ៖ ដោយកន្លងមកមានក្រុមផ្សេងធ្លាប់បានរករឿងវាយពួកខ្លួនមុន ទើបពួកខ្លួនមានគំនុំក៏បានបង្កើតក្រុមបក្ខពួកដោយមានដាវ និងកាំបិតផ្គាក់ ហើយចេញធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះទូទៅ ទោះមិនធ្លាប់មានរឿងឬមិនស្គាល់គ្នាក៏ដោយ។
ចំពោះករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី៕