អ៊ីរ៉ង់បានព្រមានថា ខ្លួនអាចនឹងវាយប្រហារមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសកាតា និងតំបន់ឈូងសមុទ្រ ប្រសិនបើសង្ស័យថាមានការវាយប្រហារគំរាមកំហែងដល់សន្តិសុខនៃមជ្ឈិមបូព៌ា។
កាសែត Washington Post បានផ្សាយនៅថ្ងៃទី 20 ខែមិថុនាថា មន្ត្រីអ៊ីរ៉ង់បានព្រមានកាតាក្នុងសប្តាហ៍នេះថា មូលដ្ឋានយោធាអាមេរិកនៅឈូងសមុទ្រអាចត្រូវបានកំណត់គោលដៅដោយទីក្រុងតេអេរ៉ង់ ប្រសិនបើអ៊ីរ៉ង់សង្ស័យថាត្រូវបានវាយប្រហារដោយទីក្រុងវ៉ាស៊ីនតោន។
កាសែតនេះបានដកស្រង់សម្តីមន្ត្រីអឺរ៉ុបថា ស្ថានទូតអាមេរិក និងបរិវេណការទូតក្នុងតំបន់ក៏អាចជាគោលដៅរបស់អ៊ីរ៉ង់ផងដែរ។ លើសពីនេះ ក្រុមប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ត្រូវបានគេជឿថា អាចគំរាមកំហែងបុគ្គលិក និងផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់។
ក្រោយការគំរាមកំហែង អាមេរិកជម្លៀសយន្តហោះយោធានៅមូលដ្ឋានក្នុងប្រទេសកាតា ដើម្បីបញ្ចៀសការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់ ។ នេះជាវិធានការណ៍ដែលអាចធ្វើទៅបានដើម្បីការពារយន្តហោះពីការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់ ខណៈដែលក្រុងវ៉ាស៊ីនតោនថ្លឹងថ្លែងថាតើគួរធ្វើអន្តរាគមន៍ក្នុងជម្លោះរបស់ទីក្រុងតេអេរ៉ង់ជាមួយអ៊ីស្រាអែលដែរឬទេ។
យោងតាមរូបភាពដែលចេញផ្សាយដោយ Planet Labs PBC ចាប់ពីថ្ងៃទី 5-19 ខែមិថុនា វាស្ទើរតែមិនអាចទៅរួចទេក្នុងការសង្កេតមើលយន្តហោះអាមេរិកទាំងអស់នៅឯមូលដ្ឋាន Al Udeid ក្នុងប្រទេសកាតា៕
រូបថត: TTXVN