ភ្នំពេញ ៖ កម្ពុជាធ្លាប់បានឆ្លងកាត់សង្រ្គាមរ៉ាំរ៉ៃ ជាច្រើនដំណាក់កាល ច្រើនឆ្នាំ ច្រើនខែ ជាបន្តបន្ទាប់មកហើយ។ កម្ពុជាមិនចង់មានសង្គ្រាមម្តងទៀតឡើយ។
កម្ពុជាទទួលបានសេចក្តីសុខ មានសន្តិភាពដូចសព្វថ្ងៃ អាស្រ័យដោយការពលី លះបង់ សាច់ស្រស់ ឈាមស្រស់ និងការយកជីវិតជាដើមទុន របស់អតីតយុទ្ធជន ថ្នាក់ដឹកនាំ និងប្រតិបត្តិករដ៏ឆ្នើមទាំងអស់របស់កម្ពុជា ដែលលោកគឺជាគំរូវីរភាពដ៏អង់អាចរបស់អ្នកជំនាន់ក្រោយគ្រប់ៗរូប។
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែចាត់ទុកស្មារតីនៃការតស៊ូដ៏អង់អាចក្លាហាន និងពលិកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងជាគុណបំណាច់ដ៏ធំធេងដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ។
ដើម្បីចូលរួមក្នុង «ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ ខួបលើកទី១៨» ក្រសួងមុខងារសាធារណៈ សូមចូលរួមរំឭកដល់គំរូវីរភាព និងគុណបំណាច់របស់អតីតយុទ្ធជន និងសូមរៀនសូត្រតាមគំរូវីរភាពរបស់អតីតយុទ្ធជនកម្ពុជា ចូលរួមការពារជាតិ ដើម្បីសន្តិភាព និងការអភិវឌ្ឍ៕
ដោយ ៖ សិលា