ខេត្តសៀមរាប៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឱកាសអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤០របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក បានលើកយកការសាងសង់ប្រាសាទ Siha Nakhon នៅក្នុងវត្ត Phu Man Fah មានទីតាំងនៅខេត្តបុរីរម្យ ប្រទេសថៃ ដោយចម្លងប្លង់ប្រាសាទអង្គរវត្ត គឺការបំពានទាំងស្រុងទៅនឹងកាតព្វកិច្ចក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៧២ បំពានទៅលើតម្លៃលេចធ្លោជាសកល និងសភាពដើមនៃរមណីយដ្ឋានអង្គរ បំពានទៅលើអត្តសញ្ញាណ និងព្រលឹងជាតិវប្បធម៌ខ្មែរ និងជាកង្វះខាតផ្នែកសីលធម៌បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរ។
លោកស្រីរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា តម្លៃរបស់អង្គរមិនត្រឹមតែជាបេតិកភណ្ឌរបស់ជាតិខ្មែរប៉ុណ្ណោះទេ គឺជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិនៅទូទាំងពិភពលោក។ លោកស្រីថា «បើទោះបីជាក្នុងរយៈពេល ៣០ឆ្នាំមកនេះ អាជ្ញាធរអប្សរាបានប្រឹងប្រែងជួយសង្គ្រោះប្រាសាទបុរាណជាច្រើនឱ្យរួចផុតពីហានិភ័យ រួចហើយក្តី ក៏នៅក្នុងរយៈពេល ១០ឆ្នាំទៅមុខទៀត អាជ្ញាធរជាតិអប្សរានៅតែបន្តជួយ សង្គ្រោះប្រាសាទបុរាណជាច្រើនថែមទៀត»។
ទស្សនៈវិស័យរបស់អាជ្ញាធរជាតិអប្សរា ក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត ក្រៅតែពីបន្តជួយសង្គ្រោះប្រាសាទបុរាណ ក៏នឹងប្រឹងប្រែងបណ្ដុះបណ្ដាលកូនខ្មែរជំនាន់ក្រោយជាច្រើន ឱ្យចេះជំនាញជួសជុលនិងថែរក្សាប្រាសាទបុរាណជំនួសអ្នកជំនាញបរទេសផងដែរ៕
ដោយ៖តារា