ជនជាតិដើមភាគតិចព្នង ចិញ្ចឹមជ្រូកកណ្តុរតាមធម្មជាតិ អាចលក់បានមួយក្បាល​តម្លៃ​លក់​ចាប់ពី ២៥០ ០០០ រៀល

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី​៖​ ពលរដ្ឋជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី ប្រកបរបរកសិកម្ម ឯខ្លះផ្សេងទៀតក៏​ឆ្លៀត​ចិញ្ចឹមជ្រូកគោមាន់ទាតាមបែបលក្ខណៈគ្រួសារតាមលំនៅឋានរៀងៗខ្លួន​ ដើម្បីរក​ប្រាក់ចំណូល​បន្ថែម​ទៀត​។ ប៉ុន្តែ​អ្វីជាការកត់សម្គាល់ គេ​សង្កេតឃើញពលរដ្ឋមួយ​ចំនួន​បាន​នាំគ្នាចិញ្ចឹមជ្រូកកណ្តុរ​ តាមបែបលក្ខណៈធម្មជាតិ ដោយធន់នឹងជំងឺឈឺ​ថ្កាត់។

បើតាមការ​បញ្ជាក់​ពី​ប្រជាកសិករ​ឈ្មោះ សុខុន ត្រើន អាយុ ២៨ ឆ្នាំ និងប្រពន្ធឈ្មោះ អា ស្រីទៀង អាយុ ២៣ ឆ្នាំជាជនជាតិដើមភាគព្នង ដែលមានទីលំនៅបច្ចុប្បន្នស្ថិតក្នុងភូមិពូតាំង សង្កាត់រមនាក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី​ បានរៀបរាប់ថា៖​ ក្រោយ​រៀបការអស់រយៈពេល ៨ ឆ្នាំ គ្រួសារ​របស់លោក​គ្មានមុខរបរអ្វី ក្រៅពីធ្វើស្រែចម្ការ និងឆ្លៀតចិញ្ចឹមជ្រូកតពីឪពុកម្តាយ។

ប្រជាកសិករ​រូបនេះ​ បន្តថា​ សព្វថ្ងៃ​លោកបានចិញ្ចឹមជ្រូកកណ្តុរចំនួន ៩ ក្បាលហើយអាចរកប្រាក់ចំណូលបានគួរសម សម្រាប់ដោះស្រាយជីវភាពគ្រួសារ។ ការចិញ្ចឹមជ្រូក កណ្ដុរ តាមបែបលក្ខណៈប្រពៃណី កសិករ​ឈ្មោះ សុខុន ត្រើន ប្រាប់​ថា​គឺ​លែងតាមវាលខ្នងភ្នំតាមបែបធម្មជាតិគឺមិនលំបាកក្នុងការថែទាំ និងដាក់ចំណីច្រើន ហើយពេលដែលធំធាត់ល្មមអាច ចាប់លក់បានតម្លៃថ្លៃគួរសមដែរគឺមួយក្បាលចាប់ពី ២៥០ ០០០ រៀលឡើទៅ ខណៈជ្រូកធម្មតាលក់បានត្រឹមតែ ២០០ ០០០ រៀលប៉ុណ្ណោះ។

«ការចិញ្ចឹមជ្រូកកណ្ដុរតាមបែបលក្ខណៈប្រពៃណី មិនលំបាកក្នុងការចិញ្ចឹមនោះទេ ព្រឹកឡើងត្រូវលែងវាឲ្យស៊ីចំណីតាមបែបធម្មជាតិ ឲ្យវាស៊ីចំណីពេលថ្ងៃត្រង់ម្តង ហើយពេលល្ងាចឲ្យដាក់ចំណីឲ្យវាសុីម្តងទៀតទើបគៀងចូលក្នុងទ្រុង»។

...

លោក សុខុន ត្រើន បានប្រាប់​បន្ថែមថា​ លក្ខណៈពិសេសដែលលក់បានតម្លៃជាងនេះ ដោយសារជ្រូកកណ្តុរមានសាច់ច្រើនមិនសូវមានខ្លាញ់ដូចជ្រូកធម្មតា និយាយជារួមគឺមានរសជាតិឆ្ងាញ់ដែលគេនិយមទិញទៅបរិភោគ ពិសេសរដូវបុណ្យទាន គឺឈ្មួញតែងតែប្រមូលទិញស្ទើរគ្មានសល់ទាំងតូចទាំងធំ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print