យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា

ចែករំលែក៖

ប្រទេសថៃៈ យោធាថៃប្រើអាវុធបាញ់ស្ទាក់ក្រុមពលករលួចឆ្លងដែនពេលយប់ចូលមកកម្ពុជា ។
ហេតុការណ៍ដែលយោធាថៃផ្ទុះអាវុធវែងចំនួន ៣ គ្រាប់ គឺនៅពេលដែលមានក្រុមពលករប្រមាណជាង ៣០ នាក់ កំពុងលបលួចឆ្លងដែនកាត់ព្រៃ ចេញពី ដីថៃ ចូលមកកម្ពុជាដោយមានមេខ្យល់ថៃម្នាក់ជាអ្នកនាំផ្លូវ ទីបំផុតមនុស្សម្នាក់ត្រូវបានរងរបួសជាទម្ងន់។
យោងតាមការផ្សាយរបស់គេហទំព័រស្រះកែវធីវី បានបញ្ជាក់ថា ហេតុការណ៍ផ្ទុះអាវុធនេះបានកើតឡើងនៅវេលាម៉ោង ០០ និង ៣០ នាទី យប់រំលងអាធ្រាតឈានចូលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្បែរព្រំដែនកម្ពុជាស្ថិតក្នុងភូមិសែនសុខ ឃុំខ្លងណាំសៃ ស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ។
គេហទំព័របានបន្តថា នៅមុនពេលកើតហេតុគឺមានរថយន្ត ៣ ឬ ៤ គ្រឿង បានបើកមកឈប់សំចត រួចហើយក៏មានមនុស្សចុះមកធ្វើដំណើរដោយ ថ្មេីរជើងប្រមាណជាង ៣០ នាក់ ។ នៅពេលនោះក៏មានយុវជនម្នាក់ដែលគេដឹងថាជាអ្នករស់នៅក្នុងតំបន់នេះហើយក៏ជាមេខ្យល់នាំផ្លូវ ឲ្យក្រុមមនុស្សទាំងនោះបានឆ្លងដែនចូលមកក្នុងទឹកដីកម្ពុជា។
ក្រោយពីពិនិត្យឃើញបែបនេះក្រុមយោធាថៃ បានឱ្យសញ្ញាឈប់ដើម្បីត្រួតពិនិត្យដែលនៅពេលនោះដែរយុវជនម្នាក់ដែលជាមេខ្យល់បានលោតចូលមកតតាំងជាមួយយោធាទើបក្រុមយោធាព្រំដែនបានផ្ទុះអាវុធឡើង ដោយត្រូវយុវជននោះចំនួន 3 គ្រាប់ក្បែរឆ្អឹងជំនីខាងឆ្វេងនិងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះផងដែរ។
យុវជននោះមានឈ្មោះ ក្រៃ ចន្ថា អាយុ ៣៧ ឆ្នាំ រស់នៅក្នុងឃុំថាខាម ស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ជាមេខ្យល់ដឹកនាំពលករថៃឲ្យចូលមកធ្វើការនៅក្នុងប្រទេសកម្ពុជា ពិសេសគឺមកបម្រើការតាមបណ្ដាកាស៊ីណូក្បែរបន្ទាត់ព្រំដែន ដោយសារតែ បច្ចុប្បន្ន ថ្លៃកម្លាំងពលកម្មគឺទ្វេដង។
ក្រោយពេលផ្ទុះអាវុធ ក្រុមពលករថៃទាំងអស់បានបែកខ្ញែកគ្នារត់គេចរៀងខ្លួន ប៉ុន្តែត្រូវបានក្រុមយោធាឃាត់ខ្លួនបានជិត ២០ នាក់ រីឯមនុស្សជាង ១០ អ្នកទៀតបានរត់ចូលព្រៃបាត់អស់ ។ រាល់បញ្ហាខាងលើអាជ្ញាធរថៃកំពុងមានការងឿងឆ្ងល់ ថាអាជ្ញាធរថៃបានចេញសេចក្តីប្រកាស តាំងតែពីថ្ងៃទី ១៧ ខែមីនា កន្លងមកដោយមិនអនុញ្ញាតឲ្យពលរដ្ឋថៃឆ្លងដែនចូលមកធ្វើការនៅប្រទេសកម្ពុជាឡើយ ប៉ុន្តែហេតុអ្វីបានជាពលរដ្ឋថៃនៅមានការលួចឆ្លងដែននៅពេលយប់អាធ្រាតដើម្បីចូលមករកការងារធ្វើនៅក្នុងប្រទេសកម្ពុជាបែបនេះទៅវិញ? ៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print