អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យពិនិត្យការងារចុងក្រោយ ដើម្បីធានាថា ការសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ ប្រកបដោយសោភណ្ឌភាព និងមានសណ្តាប់ធ្នាប់

ចែករំលែក៖

ភ្នំពេញ ៖ ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) នឹងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

ដើម្បីឱ្យពិធីបើកសម្ពោធខាងលើ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ និងបរិស្ថានល្អប្រសើរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យទីតាំងប្រារព្ធពិធី និងដើរពិនិត្យផ្លូវថ្មើរជើងចតុមុខនេះ ដោយចាប់ផ្តើមដើរថ្មើរជើង ចេញពីផ្សាររាត្រីរហូតដល់មុខព្រះបរមរាជវាំង។

ក្នុងការចុះពិនិត្យនេះដែរលោក ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌដូនពេញ បន្តចុះធ្វើកិច្ចការងារចុងក្រោយ ដើម្បីធានាថា រួចរាល់និងប្រកបដោយសោភណ្ឌភាព សណ្តាប់ធ្នាប់របៀបរៀបរយ និងបរិស្ថានល្អសើរ ។

គួររំលឹកថា នាកិច្ចប្រជុំកន្លងមកថ្មីៗនេះ លោក ឃួង ស្រេង អភិបាលរាជធានី បានរំលឹកហើយរំលឹកទៀតថា សំរាប់ពិធីសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ ត្រូវធានាថា បញ្ហាសន្តិសុខ សុវត្ថិភាព ប្រព្រឹទ្ធទៅប្រកបដោយជោគជ័យ។

សូមបញ្ជាក់ថា អាជ្ញាធរ នឹងបិទចរាចរណ៍ បណ្តោះអាសន្ន តាំងពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២១មិថុនា។ តែសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរទៅផ្លូវថ្មើរជើងនេះ អាចបន្តធ្វើដំណើរ ដើរលេងកំសាន្តដូចជារៀងរាល់សប្ដាហ៌ គ្រាន់តែមានកន្លែងត្រួតពិនិត្យប៉ុណ្ណោះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print