ភ្នំពេញ៖ យុវជនម្នាក់មានជំងឺបាក់ទឹកចិត្ត បានជិះម៉ូតូចេញពីផ្ទះបាត់៣ថ្ងៃ ស្រាប់តែប្រជាពលរដ្ឋប្រទះឃើញម៉ូតូរបស់យុវជនខាងលើចតទុកចោលនៅមាត់ស្រះ រណ្តៅដីចាស់ដែលមានជំរៅជិត១០០ម៉ែត្រឯណោះ ស្ថិតនៅភូមិអន្លងគងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១១និង៥០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ។
យុវជនដែលបាត់ខ្លួនខាងលើនេះមានឈ្មោះ.រិន សុវណ្ណមុន្នីរក្ស អាយុ២៤ឆ្នាំ មុខរបរគ្រូពេទ្យ ស្នាក់នៅ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើយោងតាមការរៀបរាប់ របស់ឪពុកម្តាយនិងក្រុមគ្រូសាររបស់យុវជនខាងលើបានឲ្យដឹងថា កូនប្រុសរបស់បានប្រលងជាប់ជាគ្រូពេទ្យ ហើយមួយរយៈចុងក្រោយនេះ រូបគេមានជំងឺបាក់ទឹកចិត្ត ដោយគិតខ្លីរកតែបញ្ចប់ជិវិតខ្លួនឯង តែពួកគាត់តែងតែលួងលោមកូនប្រុសរបស់គិតកុំឲ្យគិតខ្លីផ្តេសផ្តាសអី កូនចង់ធ្វើអី ខ្វះខាតអីពួកគាត់និងបំពេញបំណងកូនប្រុសរបស់គាត់ជានិច្ច។
លុះនៅថ្ងៃព្រហស្បត៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅនេះកូនប្រុសរបស់គាត់បានជិះម៉ូតូមួយគ្រឿងនិងយកកាបូបខោអាវជិះចេញពីផ្ទះបាត់ ខណៈពួកគាត់ទំនាក់ទំនងតាមទូរស័ព្ទនិងឆាតតាមតេលេក្រាម មិនចូលទើបសម្រេចចិត្តប្តឹងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ដង្កោឲ្យជួយអន្តរាគមន៍ ស្វែងរកកូនប្រុសរបស់គាត់និងម៉ូតូមួយគ្រឿងម៉ាកហុងដា វ៉េវពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1DH-7115 ដែលបានបាត់ទៅ
ក្រោយពេលដែលសមត្ថកិច្ចទទួលពាក្យបណ្តឹងពីអាណាព្យាបាលរបស់យុវជនខាងលើរួច លុះនៅព្រឹកថ្ងៃី២១ ខែមិថុនា ឆ្នាំ២០២៥ ក៏មានប្រជាពលរដ្ឋបានប្រទះឃើញ ម៉ូតូមួយគ្រឿងដែលជារបស់យុវជនដែលបានបាត់ខ្លួនខាងលើនេះចតចោលនៅមាត់ស្រះរណ្តៅដីចាស់ ហើយក៏បានប្រាប់ឪពុកម្តាយក្រុមគ្រួសាររបស់យុវជនខាងលើឲ្យទៅទីតាំងខាងលើ ខណៈពេលដែលក្រុម គ្រួសារសាច់ញាតិបានទួលព័ត៌មានពីសមត្ថកិច្ចភ្លាមក៏នាំគ្នាទៅរកសពរបស់កូន ដោយយកចេកនិងផ្លែឈើអ៊ុចធូបបួងសួងវត្ថុស័ក្កសិទ្ធិ និងម្ចាស់ទឹកម្ចាស់ដីបើកូនប្រុសរបស់គាត់នៅរស់សូមឲ្យកូនត្រលប់ទៅផ្ទះវិញម្តាយឪពុកបារម្ភ បើកូនគាត់ស្លាប់សូមប្រញាប់អណ្តែតឲ្យឃើញសពដើម្បីយកទៅធ្វើបុណ្យ រហូតមកទល់ពេលនេះនៅមិនទាន់ឃើញកូនប្រុសរបស់គាត់នៅឡើយទេ៕ដោយ ៖ ភារ៉ា ដង្កោ