(ច្រកព្រំដែនអន្តរជាតិចាំយាម)៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក នៅច្រកព្រំដែនអន្តរជាតិចាំយាម និងកន្លែងទទួលពលករច្រកចាំយាម បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ព័ត៌មានស្តីអំពីឱកាសការងារដ៏សម្បូរបែប ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែលជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ។
សូមជម្រាបជូនថា បើយោងតាមការបញ្ជាក់ពីមន្ទីរព័ត៌មានខេត្តកោះកុង បានឱ្យដឹងថា ស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ថ្ងៃទី ២២ មិថុនា ២០២៥នៅម៉ោង ០៩:០០នាទីព្រឹកច្រកទ្វារចាំយាមបានបើកដំណើរការធម្មតា។ ការអនុវត្តបម្រាមមិនអនុញ្ញាតឲ្យនាំបន្លែផ្លែឈើពីថៃនៅតែបន្តអនុវត្តយ៉ាងតឹងរឹង។ ស្ថានភាពសន្តិសុខនៅតំបន់ស្ថិតក្នុងស្ថានភាពធម្មតា ខណៈអាកាសធាតុមានភ្លៀងធ្លាក់ ៕
ដោយ៖ តារា