រឿង ពេលដែលខ្ញុំបើកភ្នែក

ចែករំលែក៖

ខ្ញុំបើកភ្នែកឡើងសម្លឹងមើលពិភពលោកមួយនេះដូចជាតូចចង្អៀតណាស់។ មនុស្សម្នាទាំងឡាយបានមកប្រមូលផ្ដុំគ្នារស់នៅជាកង ជាពួក តាមលំដាប់លំដោយ រួមមានកុមារ យុវជន និងមនុស្សចាស់។ កង ឬក្រុមនីមួយៗធ្វើការរួម ហូបរួម និងស្នាកឮនៅរួម។ សកម្មភាពការងារចេះតែបន្តទៅមុខពោរពេញដោយឋាមពលមគ្មានការរាថយឡើយ។
ស្នូររគាំងពន្លឺឡើងជាសញ្ញាសម្រាប់ដាស់មនុស្សឲ្យក្រោកពីដំណេកទទួលទានអាហារចេញទៅធ្វើការ និងឈប់សម្រាកពីការងារឲ្យបានទៀងទាត់។ ក្មេងតូចៗដើររើសអាចម៍គោ កាប់ទន្ទ្រានខេត្រទុកសម្រាប់ធ្វើជី។ ចាស់ៗធ្វើកញ្ច្រែង ល្អី កញ្ជើ និងវេញខ្សែគោម។ មនុស្សពេញវ័យដូចជាក្រុមយុវជន យុវនារី គឺជាកម្លាំងឈានមុខ។ នៅក្នុងរបបខ្មែរក្រហមមានប្រឡាយខ្វាត់ខ្វែងទំនប់តូចធំលាតសន្ធឹងល្វឹងល្វើយភ្លឺស្រែត្រង់ដូចបន្ទាត់ និងផ្ទៃស្រែមានសណ្ឋានដូចក្រឡាចត្រង្គ។ រីឯសម្ភារៈវិញមិនមានអ្វីទំនើបជាងចប និងបង្គីសោះឡើយ។ ចុះហេតុអ្វីបានជាប្រជាជនមានកម្លាំងមហាសាលអាចសម្រេចកិច្ចការច្រើនសន្ធឹកសន្ធាប់យ៉ាងនេះ?
ពេលយើងសម្លឹងមើលរបបអាហារនៅក្នុងរបបខ្មែរក្រហមវិញ ពិតជាមិនគួរឲ្យជឿសោះឡើយថាប្រជាជនអាចសម្រេចបានកិច្ចការទាំងអស់ដែលអង្គការបានកំណត់ឲ្យនោះទេ។ ប្រជាជនម្នាក់ៗ ទទួលបានបបររាវសុទ្ធតែទឹកមើលធ្លុះដល់បាតចានជួនបបរលាយជាមួយនឹងព្រលិតឬដំឡូងមីដែលត្រូវចុងភៅដួសចែកដោយមានបរិមានកំណត់។ ក្មេងៗភាគច្រើនមិនអាចទ្រាំជាមួយនឹងភាពអត់ឃ្លាននេះបានទេ។ សូម្បីតែខ្ញុំក៏មិនអាចទ្រាំនិងភាពអត់ឃ្លាននេះបានដែរ។រហូតមានថ្ងៃមួយខ្ញុំស្រែកជើងចុងភៅរឿងឲ្យបបរតិចក៏មានដែរ។ ខ្ញុំពិតជាសំណាងហើយ ដែលអង្គការមិនយកទោស កុំអីខ្ញុំគ្មានជីវិតរស់ដល់សព្វថ្ងៃនេះទេ។
នៅក្នុងរបបខ្មែរក្រហម ទោះបីប្រជាជនកើតគ្រុនក្តៅ គ្រុនចាញ់ញាក់ញ័រ ខ្យល់ចាប់ឬរាករូសយ៉ាងណា ក៏អង្គការមិនអនុញ្ញាតឱ្យយើងឈប់សម្រាក អង្គការនិងចោទពីយើងថាខ្ជិលធ្វើពុតឬយកលេសប្រឆាំងនឹងអង្គការ។ប្រជាជនដែលប្រឆាំងនឹងអង្គការត្រូវចាត់ទុកថាជាខ្មាំង។ ប្រជាជនដែលជាខ្មាំងគឺត្រូវតែកម្ទេចចោល។ ហេតុនេះហើយប្រជាជនម្នាក់ៗ ត្រូវតែខិតខំធ្វើការទាំងឈឺមិនថាយប់ឬថ្ងៃឬក្តៅឡើយ។ ប្រជាជនម្នាក់ៗមានសភាពស្លេកស្លាំងរីងរៃ និងហើមហត់ដែលបណ្ដាលមកពីរបបអាហារមិនគ្រប់គ្រាន់ ធ្វើការហួសកម្លាំង។នៅពេលប្រជាជនឈឺជំងឺអ្វីក៏ដោយគ្រូពេទ្យខ្មែរឱ្យត្រឹមតែថ្នាំបុរាណ ដែលមានរូបរាងមូលខ្មៅស្រដៀងនឹងអាចម៍ទន្សាយលេប ហើយយកទឹកដូងមកធ្វើជាសេរ៉ូម។ មនុស្សស្លាប់ជាបន្តបន្ទាប់ដោយជំងឺគ្រាប់កាំភ្លើង និងការសម្លាប់ផងដែរ។
កុងរបស់ខ្ញុំចេះតែហើមរហូតមើលមិនជាទេ។ ទីបំផុតគាត់មិនអាចទ្រាំទ្រនឹងជំងឺការងារ និងភាពអត់នេះបាន។ មុននឹងស្លាប់គាត់បានផ្ដាំឲ្យយើងយកឆ្អឹងរបស់គាត់ទៅទុកនៅស្រុកកំណើតផង។ យើងមិនអាចធ្វើតាមបណ្ដាំរបស់គាត់បានទេ ព្រោះសង្គ្រាមចេះតែអូសបន្លាយទៅ ៗ ។ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្មែរក្រហមចេះតែផ្លាស់ប្ដូរប្រជាជនទៅធ្វើការ និងរស់នៅពីកន្លែងមួយទៅកន្លែងមួយទៀតមិនទៀងទាត់ឡើយ។ ប្អូនប្រុសរបស់ខ្ញុំឃ្លានរហូតដល់ដាច់ពោះស្លាប់។ ក្រោយមកប្រធានសហករណ៍បានតែងតាំងឪពុករបស់ខ្ញុំជាអ្នកគស្បៀង។ អង្ករ ត្រីខ អំបិល ទឹកត្រី និងស្ករត្រូវបែងចែកទៅតាមគោលដៅដែលអង្គការបានកំណត់ឲ្យ។ ប្រជាជនគោរពស្រលាញ់ និងចូលចិត្តឪពុករបស់ខ្ញុំណាស់ ព្រោះគាត់ជាមនុស្សស្មោះត្រង់ និងមានទឹកចិត្តល្អ។
ពេលយប់ ផ្ទះរបស់ខ្ញុំគ្មានពន្លឺភ្លើងបំភ្លឺនោះទេ។ យប់មួយនោះមានសំឡេងធ្លាក់ឮសូរតែក្តុងលើរនាបក្តារកណ្ដាលផ្ទះ។ ម្ដាយរបស់ខ្ញុំបានរំកិលតិចៗ រាវរករបស់ដែលធ្លាក់នោះ។ តាមពិតវាជាកញ្ចប់បាយដែលឪពុករបស់ខ្ញុំបោះពីខាងក្រៅចូលមក។ បាយនោះពិតជាឆ្ងាញ់ណាស់ក្នុងភាពអត់ឃ្លានបែបនេះ។ ប្រហែលមានតែគ្រួសាររបស់ខ្ញុំទេ ដែលមានវាសនាហូបបាយរឹងក្នុងពេលដែលប្រជាជនជាច្រើនហូបបបររាវស្ទើរតែគ្មានគ្រាប់អង្ករ។ មិនយូរប៉ុន្មានមានលេចនូបពាក្យពីថ្នាក់លើមកថា ឪពុករបស់ខ្ញុំបម្រើរបបឯកជនដែលផ្ទុយនឹងគោលការណ៍របស់អង្គការ។ ពុកដឹងខ្លួនថាមិនយូរប៉ុន្មានឡើយអង្គការនឹងហៅគាត់ទៅរៀនសូត្រ។(នៅមានត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print