ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធជួញដូរ និងប្រើ ប្រាស់គ្រឿងញៀននៅស្រុកអង្គស្នួល ដកហូតបានម៉ាទឹកកក ៦កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាល÷កម្លាំងនគរបាលស្រុកអង្គស្នួល បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ដោយឃាត់ខ្លួនជន សង្ស័យប្រុស ៥នាក់ ដែលមានសារធាតុញៀនក្នុងទឹកនោម (+) ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ១៧:៣០នាទីល្ងាច ថ្ងៃទី២២ មិថុនា ២០២៥ នៅចំណុចភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យទាំង ៥នាក់ ដែលឃាត់ខ្លួនមាន៖ ១-ឈ្មោះ អុន សំនាង ហៅឆ្លាំង (ប្រុស, ២៥ឆ្នាំ) មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល (ធ្លាប់ប្រើ ប្រាស់ប្រហែល ៣ឆ្នាំ និងលក់ប្រហែល ៤ខែ) ដែលធ្លាប់ជាប់មណ្ឌលស្ដារនីតិសម្បទាឱកាសខ្ញុំ ១លើករយៈពេល ៦ខែ, ២-ឈ្មោះ ភឿង សុភ័ណ្ឌ (ប្រុស, ១៦ ឆ្នាំ) មុខរបរកម្មកររោងចក្រ រស់នៅភូមិខ្ចៅ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ធ្លាប់ប្រើប្រាស់ប្រហែល ៤ខែ និងលក់ប្រហែល ៣ខែ), ៣-ឈ្មោះ សេង រក្សា ហៅហ៊ីង (ប្រុស, ១៧ឆ្នាំ) មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល (ធ្លាប់ប្រើប្រាស់ប្រហែល ៣ឆ្នាំ) ដែលធ្លាប់ជាប់ពន្ធនាគារ ១លើករយៈ ពេល ១ឆ្នាំពីបទលួច, ៤-ឈ្មោះ ផង់ ផាន់ណា (ប្រុស, ១៨ឆ្នាំ) មុខរបរកម្មកររោងចក្រ រស់ភូមិត្រពាំងជ្រៅ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល (ធ្លាប់ប្រើប្រាស់ប្រហែល ៥ខែ), និង ៥-ឈ្មោះ ធឹម គ្រឹត (ប្រុស, ២១ឆ្នាំ) មុខរបរកម្មកររោងចក្រ រស់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ធ្លាប់ប្រើប្រាស់ប្រហែល ៦ខែ)។

ចំណែកវត្ថុតាងដកហូតសរុបរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ៦កញ្ចប់តូច ទម្ងន់ ០,៤៧ក្រាម, ទូរស័ព្ទដៃ ២គ្រឿង ម៉ាក Oppo ពណ៌ទឹកប្រាក់ ១គ្រឿង និងម៉ាក Nokia ចុចពិល ពណ៌ខ្មៅ ១គ្រឿង, ម៉ូតូ ២គ្រឿង ម៉ាក Suzuki NEX ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GS-3101 និងម៉ាក Honda DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខភ្នំពេញ 1KN-3472, ដែកកេះ ២ និងបំពង់កែវ ២។

លោកអធិការបានបញ្ជាក់ពីសភាពហេតុថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋល្អបានរាយការណ៍ចូលទៅក្នុងកម្មវិធី NoDrug ពាក់ព័ន្ធករណីគ្រឿងញៀននៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងម្កាក់ និងប៉ុស្តិ៍បែកចាន បានចុះទៅដល់គោលដៅធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានទាំង ៥នាក់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ភឿង សុភ័ណ្ឌ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកបានទិញថ្នាំញៀនម៉ាទឹកកក ១កញ្ចប់តូច តម្លៃ ២០.០០០រៀល ពីឈ្មោះ អុន សំនាង ហៅឆ្លាំង យកទៅលក់ឲ្យគេ។ ចំពោះឈ្មោះ អុន សំនាង ហៅឆ្លាំង បានឆ្លើយថា ខ្លួននិងបក្ខពួកបានទិញថ្នាំញៀនម៉ាទឹកកកពីមុខសញ្ញាមិនស្គាល់ ១កញ្ចប់ តម្លៃ ៤០.០០០រៀល ហើយយកមករំលែកលក់បន្ត។

បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print