បុរសជាមុខសញ្ញាចាស់ ត្រូវសមត្ថកិច្ចក្រុងអរិយក្សត្រឃាត់ខ្លួន ពាក់ព័ន្ធរក្សាទុក និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្ដាល÷កម្លាំងនគរបាលក្រុងអរិយក្សត្រ បានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងករណីរក្សាទុក និងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីវេលាម៉ោង ១៥:១០នាទីរសៀល ថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ ២០២៥។ ប្រតិបត្តិការនេះធ្វើឡើងនៅខ្ទមស្នាក់នៅរបស់ជនសង្ស័យ ស្ថិតនៅភូមិតាស្គរ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ។

ប្រភពសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ ខ្លួនមានឈ្មោះ ទី យៀន ភេទប្រុស អាយុ ៤៧ឆ្នាំ មុខ របរមិនពិតប្រាកដ រស់នៅភូមិតាស្គរ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ។ ជនសង្ស័យរូបនេះ ត្រូវបានធ្វើតេស្តទឹកនោម ហើយលទ្ធផលគឺវិជ្ជមាន (+) សារធាតុញៀន។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យរូបនេះកន្លងមកជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគាររួចមកហើយ ពាក់ពន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន។ លុះនៅវេលាកើតហេតុខាងលើ មានប្រជាពលរដ្ឋរាយការណ៍មកកម្លាំងនគរបាលប៉ុស្តិ៍សារិកាកែវថា ជនសង្ស័យកំពុងប្រើប្រាស់គ្រឿងញៀន។ កម្លាំងប៉ុស្តិ៍ក៏បានទៅដល់កន្លែងកើតហេតុ និងប្រទះឃើញជនសង្ស័យកំពុងប្រើ ប្រាស់គ្រឿងញៀន រួចក៏បានឃាត់ខ្លួននិងត្រួតពិនិត្យ។

រីឯវត្ថុតាងចាប់យកនៅកន្លែងកើតហេតុរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនសរុប ០១កញ្ចប់តូច ទម្ងន់ ០,០៣ក្រាម និងសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ទី យៀន បានសារភាពថា ថ្នាំញៀន ០១កញ្ចប់នេះ គឺខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ ក្នុងតម្លៃ ២០.០០០ រៀល នៅចំណុចផ្លូវកំពង់សំណាញ់ ក្រុងតាខ្មៅ ដើម្បីយកមកជក់។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print